សាលាសិល្បៈសូនរូបប៊្លូអាត់សេនធ័រនៅខេត្ដសៀមរាប ត្រូវបានបើកឱ្យដំណើរការ ដើម្បីរក្សាវប្បធម៌សិល្បៈខ្មែរ ក្នុងការសូនរូប និងគំនូរ

សៀមរាប៖ សាលាសូនរូបដែលមានឈ្មោះថា ប៊្លូអាត់សេនធ័រ ស្ថិតនៅ ភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប នារសៀលថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ២០២២នេះ ត្រូវបានបើកសម្ភោធជាផ្លូវការ ដើម្បីបណ្ដុះបណ្ដាលឱ្យមនុស្សជំនាន់ក្រោយមានជំនាញសូនរូប និងគំនូរ ក្នុងគោលបំណងឲ្យស្គាល់ពីសិល្បៈវប្បធម៌របស់ខ្លួន ក៍ដូចជាពង្រឹងគុណតម្លៃកជាមរតកប្រវត្តិសាស្ត្រយូរអង្វែង ដែលជាដួងព្រលឹងនៃគុណតម្លៃជាតិ និងខឿនវប្បធម៌ជាតិ និងពិភពលោកទាំងមូលផងដែរ។

កម្មវិធីធ្វើឡើងក្រោមអធិបតីភាពលោក មួន សុភាព ប្រធានមន្ទីរវប្បធម៍ និងវិចិត្រសិល្ប:ខេត្ត លោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត និងលោក ស្វាយ សារ៉េត ស្ថាបនិកសាលាសិល្បៈសូនរូប និងគំនូរ ប៊្លូអាត់សេនធ័រខេត្ដសៀមរាប ព្រមទាំងមន្ទីរស្ថាប័នពាក់ព័ន្ធជាច្រើននាក់បានចូលរួម។

លោក ស្វាយ សារ៉េត ស្ថាបនិកសាលាសិល្បៈសូនរូប និងគំនូរ ប៊្លូអាត់សេនធ័រខេត្ដសៀមរាបបានបង្ហាញថា ចំណេះដឹង ជំនាញសិល្បៈ វប្បធម៌ ជាមូលដ្ឋានគ្រឹះនៃគំនិតច្នៃប្រឌិតសម្រាប់ការអប់រំសម័យទំនើប ដូចនេះហើយ ទើបមានការនិមិត្តឡើងនូវប៊្លូអាត់សេនធ័រនៅឆ្នាំ២០១៨ ក្នុងការប្ដេជ្ញាសម្រេចក្តីសុបិន្តរបស់ខ្លួន ដើម្បីមានជាឱកាសចូលរួមចំណែកប្រើប្រាស់ចំណេះដឹង និងជំនាញ ព្រមទាំងធនធានផ្ទាល់ខ្លួន ចែករំលែកដល់មនុស្សជំនាន់ក្រោយឈរក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ។

ប្រធានមន្ទីរវប្បធម៍ និងវិចិត្រសិល្ប:ខេត្តសៀមរាប មានប្រសាសន៍ថា ការបើកសម្ភោធសាលាសិល្ប:សូនរូប ប៊្លូអាត់សេនធ័រនេះ គឺបានបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ដល់កិច្ចការសង្គម ជាពិសេសការលើកស្ទួយវិស័យសិល្បៈ វប្បធម៌ របស់យុវជនយើងនៅក្នុងតំបន់សៀមរាប ក៏ដូចជាប្រទេសកម្ពុជាយើងទាំងមូល។ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈយើងតែងសហការជាមួយស្ថាប័នអាជ្ញាធរដែនដី អង្គការ សមាគម សហគមន៍ និង វិស័យឯកជនដែលជាដៃគូពុំអាចខ្វះបាន និងកំពុងប្រតិបត្តិការនៅក្នុងវិស័យវប្បធម៌ ក្នុងនោះនៅតំបន់សៀមរាបយើង ប៊្លូអាត់សេនធ័រជាដៃគូឯកជនមួយ ដែលជានិច្ចកាលតែងគាំទ្រនូវរាល់សកម្មភាពនានា ដើម្បីរួមគ្នាធ្វើអោយសិល្បៈ វប្បធម៌យើងកាន់តែរឹងមាំ ទូលំទូលាយ និងមានតួនាទីកាន់តែសំខាន់ នៅក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងបេសកកម្មរបស់ប៊្លូអាត់សេនធ័រ ពិតជាមានសារៈសំខាន់សម្រាប់យើងទាំងអស់គ្នា ក្នុងភារកិច្ចបណ្តុះបណ្ដាល បង្ហាត់បង្រៀន និងឱកាសនៃការសិក្សាស្រាវជ្រាវផ្នែកប្រវត្តិសាស្ត្រ សិល្បៈ វប្បធម៌-អរិយធម៌ ប្រកបដោយគុណភាព សមត្ថភាព ជំនាញច្បាស់លាស់ ។

សិស្សដែលទទួលបានអាហារបករណ៍ពីប៊្លូអាត់សេនធ័រ ក៏មានលទ្ធភាពទទួលបាន ការអប់រំប្រកបដោយសមធម៌លើផ្នែកសិល្បៈសូនរូប ពួកគេនឹងទទូលបាននូវជំនាញ មានបំណិនជីវិតច្បាស់លាស់ ស្របនឹងគោលការណ៏លើកកំពស់ឱកាសសិក្សាពេញមួយជីវិត នេះជាធនធានគ្រប់ជ្រុងជ្រោយ ក្នុងការអភិវឌ្ឍគុណវុឌ្ឍិ ទាំងលើកត្តាសមត្ថភាពចំណេះដឹង ចំណេះធ្វើ ជំនាញ បំណិនប្រសព្វ ការច្នៃប្រឌិត គុណតម្លៃ និងការទទួលខុសត្រូវខ្ពស់ផងដែរ៕ ដោយ ស៊ាន សុផាត

ads banner