កិច្ចប្រជុំកំពូល G-20៖ បៃដិននឹងជួបលោកស៊ីខណៈទំនាក់ទំនងអាមេរិក-ចិន ធ្លាក់ចុះកាន់តែដុនដាប

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ ចូ បៃដិន​ រំពឹង​ថា​​នឹង​ជួប​ជាមួយ​មេដឹកនាំ​ចិន​ លោក​ ស៊ី ជិនពីង​ នៅខាង​​ក្រៅ​កិច្ច​ប្រជុំ​កំពូល​នៃ​​ក្រុម​ប្រទេស​ទាំង​២០​ (G-20) ​នា​ថ្ងៃ​ចន្ទ​ទី​ ១៤ ខែ​វិច្ឆិកា​នេះ​ ដែល​ជា​ជំនួបដោយ​ផ្ទាល់​ជា​លើក​​ដំបូង​រវាងមេដឹកនាំ​ទាំង​២​ រាប់ចាប់​​តាំង​ពី​លោក​ បៃដិន​ ឡើង​កាន់​ដំណែង​ និង​​ចំពេល​ដែល​ទំនាក់​ទំនង​អាមេរិក-ចិន​ ធ្លាក់​ចុះ​កាន់​តែ​ដុន​ដាប​ទៅ​ៗ​ដោយ​សារ​ការ​ប្រកួត​ប្រជែង​ភូមិ​សាស្រ្ត​នយោបាយ​។  

ក្នុង​សេចក្ដី​ថ្លែង​ការ​ណ៍​​អំពី​ជំនួបនេះ​​ អ្នក​នាំ​ពាក្យ​សេតវិមាន​ លោក​ស្រី​ Karine Jean-Pierre បាន​ថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​៖ «​​មេ​ដឹក​នាំ​​ទាំង​២​នឹង​ពិភាក្សា​គ្នា​អំពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែងរួម​ ​ដើម្បី​រក្សា​ និង​ធ្វើ​ឱ្យ​ទំនាក់​ទំនង​​រវាង​សហរដ្ឋ​អាមេរិក​ និង​សាធារណៈរដ្ឋ​ប្រជាមានិត​ចិនកាន់​តែ​ស៊ី​ជម្រៅ​ ​គ្រប់​គ្រង​ការ​ប្រកួត​ប្រជែង​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​ និង​ធ្វើ​ការ​ជាមួយ​គ្នា​​លើ​​វិស័យ​ដែល​ផ្ដល់​ផល​ប្រយោជន៍​រួម​ ​​ជា​ពិសេស​លើ​បញ្ហា​ប្រឈម​ឆ្លង​ដែន ​ដែល​​ប៉ះ​ពាល់​ដល់​សហគមន៍​អន្តរជាតិ​»។ លោក​ស្រី​បន្ត​ថា​ ​ប្រមុខ​​ការ​ទូត​​ទាំង​​២​ ​ក៏​​នឹង​​ពិភាក្សា​គ្នា​ផង​ដែរ​​​អំពី​​បញ្ហាមួយ​ចំនួន​​​ក្នុង​​តំបន់​ និង​​ពិភព​លោក​។​ ​

​ជំនួប​ដែល​នឹង​ធ្វើ​ឡើង​នៅ​កោះ​ប៉ាលី​នៃ​​ប្រទេស​​ឥណ្ឌូណេស៊ី​នេះ ត្រូវ​បាន​អ្នក​វិភាគ​មើល​ឃើញ​ថា​ ​ នឹង​ក្លាយ​​ជា​ឱកាស​មួយ ​ដែល​នឹង​ផ្តល់​​ភាព​​​ច្បាស់​លាស់​សម្រាប់ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើងវិញ​​នូវ​​ទំនាក់​ទំនង​ទ្វេ​ភាគី​​​។ យ៉ាង​ណា​មិញ​ គេ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​​ ចំពោះ​អ្វីដែល​​នឹង​ក្លាយ​ជា​ផ្លែ​ផ្កា​​នៃ​ជំនួប​ ជា​ពិសេស​ទាក់​ទង​នឹង​​ការ​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​នៃ​​មហាអំណាច​​ពិភព​លោក​ទាំង​២។​ ​

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​ បណ្ដា​មន្រ្តី​អាមេរិក​បាន​សង្ឃឹម​ថា​ លោក​ បៃដិន​ ​អាច​​កសាង​​​​​ទំនាក់​ទំនងដែល​​មាន​​មុខ​ងារ ​​មិន​ធ្វើ​ឱ្យ​ធ្លាក់​ចូល​ក្នុង​ជម្លោះ​ ហើយ​ថែម​ទាំង​អនុញ្ញាត​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ប្រកប​ដោយ​ផលិត​ភាព​លើ​បញ្ហា​ផ្សេង​ៗ​​ដូច​ជា​អាកាសធាតុ ​និង​កូរ៉េ​ខាង​ជើង​។​

​សារព័ត៌មានធំៗ​​ផ្សេង​ៗ ​​បាន​ស្រង់​សម្ដី​មន្ត្រី​រដ្ឋបាល​ជាន់​ខ្ពស់​មួយ​រូប​ ដែល​ថ្លែង​​​មិន​បញ្ចេញ​ឈ្មោះ​ថា​៖ ​​«​ខ្ញុំ​មិន​គិត​ថា​ មេ​ដឹក​នាំ​ទាំង​២​នឹង​អង្គុយ​ចុះ​ ហើយ​អាច​ដោះស្រាយ​រាល់​ការ​ខ្វែង​គំនិត​ ឬ​បញ្ហា​របស់​ពួក​គេ​នោះ​ទេ​​។ ​​ប៉ុន្តែ​​​ខ្ញុំពិត​ជា​​​គិត​​ថា​ ​យើង​​ជឿ​​​ថា​​ជំហាន​​មួយ​​ចំនួន​​នេះ​ ​អាច​​មាន​​សារៈ​សំខាន់​​​​បន្ត​ទៅ​មុខ​»។

​ជំនួប​​រវាង​លោក​ បៃដិន​ និង​លោក​ ស៊ី​ នៅ​ថ្ងៃ​ចន្ទ​នេះ​​ នឹង​ធ្វើ​ឡើង​​ចំ​ពេល​​​ដែល​ទំនាក់​ទំនង​រវាង​អាមេរិក​ និង​ចិន​ ​កាន់​តែ​រង្គុះ​រង្គើ​កាន់​តែ​​ខ្លាំង​ឡើងៗ ​ជុំ​​វិញ​​បញ្ហា​ដូច​ជា​ គោល​នយោបាយ​ពាណិជ្ជកម្ម​ ជំហ​របស់​ចិន​លើ​ការ​ឈ្លាន​ពាន​​អ៊ុយក្រែន​របស់​រុស្ស៊ី​ ​និង​វិបត្តិ​​តៃវ៉ាន់​ រួម​ទាំង​​បញ្ហា​សិទ្ធិមនុស្ស​នៅ​​តំបន់​ស៊ីនជាំង​​ និង​​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​​ផង​ដែរ​។

អ្នក​ជំនាញ​អាស៊ី​នៅ​មូលនិធិ​ Marshall ​របស់​អាល្លឺម៉ង់​ ​លោកស្រី​​ Bonnie Glaser ​បាន​​ថ្លែង​ប្រាប់​កាសែត​ ឌឹ ហ្កាដឌៀន​ ថា​ ​​ជំនួប​នេះ​គឺ​ជា​ឱកាស​មួយ​ដើម្បី​កាត់​បន្ថយ​ភាព​តាន​តឹង ​ហើយ​​ចិន​​កំពុង​ផ្តល់​សញ្ញា​ថា​ខ្លួន​ចង់​ជៀស​វាង​ការ​ចុះ​ខ្សោយ​បន្ថែម​ទៀត​នៅ​ក្នុង​ទំនាក់​ទំនង​ជាមួយ​អាមេរិក​។ ប៉ុន្តែ​លោក​ស្រីបាន​​បន្ត​ថា​៖ ​«​​វា​​មិន​​ច្បាស់​​ទេ​​ថា ​​ពួក​គេ​​មាន​​ឆន្ទៈ​​ធ្វើ​​អ្វី​​ដើម្បី​​សម្រេច​​បាន​​នូវ​​គោល​បំណង​​នោះ​​​​។ ​រដ្ឋ​បាល​ បៃដិន​ បាន​និង​កំពុង​ជំរុញ​ឱ្យ​មាន​ការ​ពិភាក្សា​អំពី​វិធានការ​កាត់​បន្ថយ​ហានិភ័យ​​ចាប់​តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ​ ២០២១​ ហើយ​សាធារណៈប្រជាមានិត​​មិន​បាន​ចាប់​អារម្មណ៍​នោះ​​ទេ​»​។

ឆ្លើយ​តប​នឹង​សំណួរ​អ្នក​កាសែត​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ លោក​ប្រធានាធិបតី​ បៃដិន​ ​បង្ហាញ​ពី​សុទិដ្ឋិនិយម​លើ​ជំនួប​ជាមួយ​លោក​ប្រធានាធិបតី​ ស៊ី​ ដោយ​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​​ខ្ញុំ​តែង​តែ​គិត​ថា​​កិច្ច​សន្ទនា​របស់​ខ្ញុំ​ ​មាន​ផលិត​ភាព​»។

​គួរ​រំឭក​ថា​ លោក​ បៃដិន​ ​និង​លោក​ ស៊ី​ បាន​ជួប​គ្នា​ដោយ​​ផ្ទាល់​​​ចុង​ក្រោយ​បង្អស់​​នៅ​ក្នុង​អំឡុង​​រដ្ឋបាល​លោក អូបាម៉ា​ ​ប៉ុន្តែ​ទំនាក់​ទំនង​រវាង​ទីក្រុង​ប៉េកាំង ​និង​ទីក្រុង​វ៉ាស៊ីនតោន​ បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត ដែល​​​មិន​ធ្លាប់​មាន​រាប់​ទសវត្សរ៍​​​ ជា​ពិសេស​​បន្ទាប់​ពី​​ប្រធាន​សភា​អាមេរិក​ លោក​ស្រី​ ណាន់ស៊ី​ ប៉េឡូស៊ី​ ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កោះ​តៃវ៉ាន់​កាល​ពី​ខែ​សីហា​ ដែល​បង្ក​​ឱ្យ​មាន​ការ​ឆ្លើយ​តប​ទាំង​កំហឹង​ពី​ចិន​ ​តាម​រយៈ​ការ​ធ្វើ​សមយុទ្ធ​ទ្រង់​ទ្រាយ​ធំ​មិន​ធ្លាប់​មាន​នៅ​ជុំ​វិញ​កោះ​តៃវ៉ាន់​។ ​

​មន្ត្រី​​ជាន់​ខ្ពស់​រដ្ឋបាល​បៃដិន​ បាន​អះ​អាង​ថា​នឹង​មិន​មាន​សេចក្តី​ថ្លែងការណ៍​រួម​ពី​កិច្ច​ប្រជុំ​រវាង​លោក​ បៃដិន​ និង​លោក​ ស៊ី​ ​នោះ​ទេ​ ហើយ​ក៏​គ្មាន​​ការ​រំពឹង​ទុក​សម្រាប់​កិច្ច​ព្រម​ព្រៀង​ជាក់​លាក់​ណា​មួយដែរ​​។ មន្រ្តី​ដដែល​នោះ​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​​​ខ្ញុំ​រំពឹង​ថា​ លោក​ប្រធានាធិបតី​នឹង​បង្ហាញ​​កង្វល់​មួយ​ចំនួន​របស់​យើងដោយ​ត្រង់​​ រួម​ទាំង​សកម្មភាព​របស់​​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន​​ ​ដែល​គំរាម​កំហែង​ដល់​សន្តិភាព ​និង​ស្ថិរភាព​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់​ ក៏​ដូច​ជា​ការ​ព្រួយ​បារម្ភ​ជា​យូរ​របស់​យើង​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​»។

កាល​ពី​ថ្ងៃ​ពុធ​ ​លោក​ បៃដិន​ លើក​ឡើង​ថា​ លោក​មិន​មាន​ឆន្ទៈ​ក្នុង​ការ​​​ព្រម​ព្រៀង​ជា​មូលដ្ឋាន​ណា​មួយ​នៅ​ពេល​ជួប​មេដឹកនាំ​ចិន​នោះ​ទេ​ ​ហើយ​ថា​ លោក​​ចង់​ឱ្យ​មេ​ដឹក​នាំ​ទាំង​២​​កំណត់​ «​បន្ទាត់​ក្រហម​»​ ​របស់​ខ្លួន​ ​ហើយ​​ដោះ​ស្រាយ​តំបន់​ជម្លោះ ​រួម​ទាំង​នៅ​លើ​កោះ​តៃវ៉ាន់​ផង​ដែរ​។​

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​ លោក​ Zhao Lijian ​បាន​ថ្លែង​ប្រាប់​សន្និសីទ​សារព័ត៌មាន​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​ចិន​បាន​ចាត់​វិធានការ​យ៉ាង​ម៉ឺង​ម៉ាត់​ចំពោះសំ​ណើ​របស់​សហរដ្ឋ​អាមេរិក​ សម្រាប់​កិច្ច​ប្រជុំ​រវាង​មេ​ដឹក​នាំ​​នៃ​ប្រទេស​ទាំង​២​។ លោក Zhao បាន​ថ្លែង​​​បន្ថែម​​ថា​៖ «​គោល​នយោបាយចំពោះ​​អាមេរិក​​របស់​ចិន​ គឺ​​នៅ​តែ​ដដែល​​ និង​​ច្បាស់​​លាស់​​​។ ​យើង​ប្តេជ្ញា​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ ​រួម​រស់​ដោយ​សន្តិភាព​ និង​ធ្វើ​​កិច្ចសហប្រតិបត្តិ​ការ​​ឈ្នះ​-​ឈ្នះ​ជាមួយ​សហរដ្ឋ​អាមេរិក​។​ តែ​ទន្ទឹម​នឹង​នោះ​ យើង​នឹង​ការ​ពារ​យ៉ាង​រឹង​មាំ​នូវ​អធិបតេយ្យ​ភាព​ សន្តិសុខ​ និង​ផល​ប្រយោជន៍​អភិវឌ្ឍន៍​របស់​យើង​»​។​

ចំពោះ​បញ្ហា​កោះ​​តៃវ៉ាន់​វិញ​ លោក​ Zhao បាន​សង្កត់​ធ្ងន់​​យ៉ាង​ដូច្នេះ​ថា៖​ «​​អ្វី​ដែល​អាមេរិក​ត្រូវ​ធ្វើ​ គឺ​បញ្ឈប់​ការ​បំភាន់​ បំភ្លៃ ​និង​​ចេញ​​គោលការណ៍​ចិន​តែ​មួយ​ ​​គោរព​យ៉ាង​តឹង​រឹង​នូវ​បទដ្ឋាន​ជា​មូលដ្ឋាន​នៃ​ទំនាក់​ទំនង​អន្តរជាតិ​ រួម​ទាំង​ការ​គោរព​ចំពោះ​អធិបតេយ្យ​ភាព​ និង​បូរណភាព​ទឹក​ដី​របស់​ប្រទេស​ដទៃ​​​ និង​​ការ​​មិន​​ជ្រៀត​​ជ្រែក​​​​កិច្ចការ​​ផ្ទៃ​​ក្នុង​​របស់​ប្រទេស​ដទៃ»​។​ ​លោក​បន្ត​ថា​៖ «​​​វា​ជា​រឿង​សំខាន់​ដែល​សហរដ្ឋ​អាមេរិក​ធ្វើ​ការ​រួម​គ្នា​ជាមួយ​ចិន​ ​​ដើម្បី​គ្រប់​គ្រង​ភាព​ខុស​គ្នា​ឱ្យ​បាន​ត្រឹម​ត្រូវ​ ជំរុញ​កិច្ច​សហប្រតិបត្តិការ​ដែលផ្ដល់​​​ផល​ប្រយោជន៍​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ជៀស​វាង​ការ​យល់​ច្រឡំ​ និង​ការ​គណនា​ខុស​ ហើយ​នាំ​ទំនាក់​ទំនង​ចិន​-​អាមេរិក​ឱ្យ​ត្រឡប់​ទៅ​រក​ផ្លូវ​ត្រូវ​វិញ​»។ ​

ជុំ​វិញ​បញ្ហា​​ដដែល​នេះ​​​ ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេតវិមាន​លោក​ Jake Sullivan ​​បាន​​​លើក​ឡើង​ថា​ សហរដ្ឋ​អាមេរិក​នឹង​សង្ខេប​អំពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​រវាង​លោក​ បៃដិន​ និង​លោក​ ស៊ី​ ​ក្នុង​គោល​បំណង​ធ្វើ​ឱ្យ​ទីក្រុង​តៃប៉ិ​មាន​អារម្មណ៍​ថា​​មាន​សុវត្ថិភាព​ និងកក់ក្ដៅ​​​ អំពី​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​។​ បន្ថែម​ពី​លើ​នេះ​ លោក​ បៃដិន​ ក៏បាន​អះ​អាងផង​​ដែរ​ថា​ មិន​ថា​​ការ​ពិភាក្សា​ពី​វិបត្តិ​​តៃវ៉ាន់​​នឹង​ទៅ​ជា​យ៉ាង​នោះ​ទេ​ ក៏​ជំហរ​គាំទ្រ​អាមេរិក​ចំពោះ​កោះ​នេះ​មិន​ប្រែ​ប្រួល​ដែរ​។

ទន្ទឹង​នឹង​គ្នា​នេះ​ មន្រ្តី​ជាន់​ខ្ពស់នៃ​រដ្ឋបាល​បៃដិន​ ​ម្នាក់​ ដែល​កាសែត​ ឌឹ ហ្កាដឌៀន​ ស្រង់​សម្ដី​ បានគូស​បញ្ជាក់​​ថា​ បញ្ហា​ជុំ​វិញ​ការ​បាញ់​សាក​ល្បងសព្វាវុធ​​របស់​កូរ៉េ​ខាង​ត្បូង​ក៏​អាច​មាន​ក្នុង​របៀប​វៀរៈ​របស់​លោក​ បៃដិន​ ផង​ដែរ​ ​ជា​ពិសេស​នៅ​ពេល​ដែល​​​​សម្ព័ន្ធ​មិត្ត​របស់​​​អាមេរិក​នៅ​អាស៊ីបូព៌ាសម្ដែង​ពី​ការ​​ព្រួយ​បារម្ភពី​​ការ​​​គំរាម​កំហែង​ផ្នែក​សន្តិសុខ​។ មន្រ្តី​ដដែល​បាន​អះ​អាង​ថា​ ​ទីក្រុង​វ៉ាស៊ីនតោន​ចង់​ឱ្យ​ទីក្រុង​ប៉េកាំង​ដាក់​សម្ពាធ​លើ​មេដឹកនាំ​កូរ៉េ​ខាង​ជើង ​លោក​ គីម ​ជុងអ៊ុន ​ឱ្យ​​លុប​ចោល​សកម្មភាព​របស់​ខ្លួន​ និង​ងាក​មក​ចូល​រួម​​​កិច្ច​ពិភាក្សា​ស្តី​ពី​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ឡើង​វិញ​ ​ហើយបន្ត​ទៀត​ថា​ ​វា​ជា​បញ្ហា​​​មួយ​​ដែល​ចិន​ និង​អាមេរិក​ ​​មាន​​ប្រវត្តិ​​ធ្វើ​ការ​​រួម​គ្នា​កន្លង​មក​។ ​

គួរ​​បញ្ជាក់​ថា​ ​ចិន​ និង​អាមេរិក​ ​មាន​​ទំនាក់​ទំនង​​វិនិយោគ ​និង​​ពាណិជ្ជកម្ម​​​ដ៏​​ធំ​ ប៉ុន្តែ​​​ប្រទេស​ទាំង​២​​​កំពុង​​ប្រជែង​​ឥទ្ធិពល​​យោធា ​និង​​ការ​ទូត​​របស់​​គ្នា​​ទៅ​​វិញ​​ទៅ​​មក​ ជា​ពិសេស​​ក្នុង​​តំបន់​​អាស៊ី​​ប៉ាស៊ីហ្វិក​។ ​ជំនួប​ក្រៅ​កិច្ច​ប្រជុំ​កំពូល​ G-20 ​នៅ​កោះ​បាលី​នេះ​ នឹង​ធ្វើ​ឡើង​​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណេះ​​បន្ទាប់​​​ពី​​លោក​ ​ស៊ី​​ ចាប់​ផ្ដើម​អាណត្តិ​ទី​៣​របស់​លោក​ក្រោយ​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​​​កាល​ពី​ខែ​មុន​។ ​

អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ​គឺ​ថា​ ក្រោយ​បន្ត​អាណត្តិ​ទី៣​នេះ​ ​​លោក​ ស៊ី​ បាន​​ថ្លែង​នៅ​ក្នុង​សំបុត្រ​​​មួយ​​​​​​​​ថា​​ សហរដ្ឋ​អាមេរិក​ និង​ចិន​ត្រូវ​តែ​​ស្វែង​រក​វិធី​ដើម្បី​ចុះ​សម្រុង​គ្នា​ក្នុង​យុគ​សម័យ​ថ្មី​ និង​ធ្វើ​ការ​ជាមួយ​គ្នា​ ដើម្បី​សន្តិសុខ​ និង​សណ្ដាប់​ធ្នាប់​ពិភព​លោក​។ ​ចំណែក​ឯ​​លោក​ បៃដិន​ វិញ​  ​ក៏​​បាន​​កត់​​សម្គាល់​​ដែរ​​ថា​ ​ទោះ​បី​ជា​​​អាមេរិក​ចាត់​ទុក​ចិន​ជា​​គូរ​ប្រជែងក៏​ដោយ​​ ​ក៏​អាមេរិ​ក​​មិន​ស្វែង​រក​ជម្លោះ​ជាមួយ​ចិន​នោះដែរ​​។ ដោយ:ហួន ឌីណា

ads banner