អាស៊ាន-អង្គការសហប្រជាជាតិ គាំទ្រកិច្ចប្រឹងប្រែងរបស់អគ្គលេខាធិការ U.N ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាអ៊ុយក្រែន និងគាំទ្រការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងកិច្ចខិតខំប្រឹងប្រែងចំពោះបញ្ហាមីយ៉ាន់ម៉ា

ភ្នំពេញ៖ អាស៊ាន-អង្គការសហប្រជាជាតិ គាំទ្រកិច្ចប្រឹងប្រែងរបស់អគ្គលេខាធិការ U.N ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាអ៊ុយក្រែន និងគាំទ្រការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងកិច្ចខិតខំប្រឹងប្រែងចំពោះបញ្ហាមីយ៉ាន់ម៉ា ។ នេះជាការបញ្ជាក់របស់ឯកឧត្ដម គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី១២ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន រួមនឹងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន និងឯកឧត្តម អាន់តូនីញ៉ូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ ។

ឯកឧត្ដម គង់ ភោគ បានបន្តថា នៅក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលមានវត្តមាន ឯកឧត្តម អាន់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) បានសំដែងការស្វាគមន៍ចំពោះវឌ្ឍនភាពដ៏ល្អប្រសើរ រវាងកិច្ចសហប្រតិបត្តិការណ៍រវាងអាស៊ាន និងអង្គការសហប្រជាជាតិ។

កិច្ចប្រជុំនេះ ក៏បានលើកឡើងចំពោះបញ្ហាអើយក្រែន ដោយបានបង្ហាញការព្រួយបារម្ភថា សង្គ្រាមបានប៉ះពាល់កាន់តែខ្លាំង ដល់ការទទួលបានស្បៀងអាហារ និងថាមពល សម្រាប់ប្រទេសជាច្រើន ។ ថ្នាក់ដឹកនាំអាស៊ាន បានគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី។

ដោយឡែក ចំពោះបញ្ហាមីយ៉ាន់ម៉ា កិច្ចប្រជុំបានបញ្ជាក់ពីការគាំទ្រការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងប្រេសិទ្ធពិសេស នៃប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា និងប្រេសិទ្ធពិសេសនៃអគ្គលេខាធិការអង្គការសហប្រជាជាតិ ស្ដីពីមីយ៉ាន់ម៉ា ដើម្បីធានាឱ្យបាននៅសហថាមពល ក្នុងកិច្ចខិតខំប្រឹងប្រែងចំពោះបញ្ហាដ៏សំខាន់មួយនេះ ៕ ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner