ការបំភាយកាបូនពីឥន្ធនៈហ្វូស៊ីលនឹងឈានដល់កម្រិត ខ្ពស់បំផុតនៅឆ្នាំ២០២២
ការបំភាយកាបូនពីឥន្ធនៈហ្វូស៊ីល នឹងឈានដល់កម្រិតកំណត់ត្រាខ្ពស់បំផុតនៅឆ្នាំ ២០២២ នេះ។ នេះបើយោងតាមការវិភាគដ៏ទូលំទូលាយមួយពីគម្រោងកាបូនសកល (GCP) ដែលកាសែតអង់គ្លេស ឌឹ ហ្កាដឌៀន បានដកស្រង់យកទៅចុះផ្សាយ។
ការរកឃើញនេះ តំណាងឱ្យភាពផ្ទុយគ្នាដ៏ខ្លាំងទៅនឹងតម្រូវការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យបានពាក់កណ្ដាលត្រឹមឆ្នាំ ២០៣០ ដើម្បីកម្រិតកំដៅពិភពលោកឱ្យនៅត្រឹម ១,៥ អង្សាសេបើប្រៀបធៀបនឹងសម័យមុខបដិវត្តន៍ឧស្សាហកម្ម និងដើម្បីជៀសវាងមហន្តរាយនៃការប្រែប្រួលអាកាសធាតុ។
ក្រុមអ្នកស្រាវជ្រាវបានអះអាងថា មិនមានសញ្ញានៃការធ្លាក់ចុះដែលត្រូវការនោះទេ ដោយដាក់សម្ពាធបន្ថែមលើប្រទេសដែលកំពុងជួបប្រជុំគ្នានៅឯកិច្ចប្រជុំកំពូលអាកាសធាតុរបស់អង្គការសហប្រជាជាតិ COP27 នៅអេហ្ស៊ីប ឱ្យបញ្ចេញសកម្មភាពជាក់ស្តែង និងឱ្យបានឆាប់រហ័ស តាមការប្ដេជ្ញារបស់ខ្លួន។
ការវិភាគរបស់ GCP ដែលប្រើប្រាស់ទិន្នន័យតាំងពីយូរយារហូតមកដល់បច្ចុប្បន្នដើម្បីប៉ាន់ប្រមាណការបំភាយឧស្ម័នសម្រាប់ឆ្នាំ ២០២២ បានរកឃើញថា កាបូនដែលបំភាយចេញពីឥន្ធនៈហ្វូស៊ីល កំពុងតែបន្តកើនឡើង ១ ភាគរយ ពោលគឺដល់ ៣៦,៦ ប៊ីលានតោន ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន។ ការប្រើប្រាស់ផលិតផលប្រេងកាន់តែច្រើន គឺជាចំណែកដ៏ធំបំផុត ដែលចូលរួមក្នុងកំណើននេះ។
អ្នកស្រាវជ្រាវបានអះអាងថា ការបន្តការបំភាយឧស្ម័ននៅកម្រិតនេះ នឹងអាចធ្វើឱ្យកម្ដៅរបស់ផែនដីឡើងដល់ ១,៥ អង្សាសេនៅទសវត្សរ៍ក្រោយ។ ដើម្បីឱ្យសម្រេចបាននូវអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ ២០៥០ តាមការសន្យារបស់ប្រទេសជាច្រើន លុះត្រាតែការបំភាយកាបូនមានការថយចុះប្រចាំឆ្នាំខ្លាំង ដូចនឹងឆ្នាំ ២០២០ ដែលការបំភាយឧស្ម័នផ្ទះកញ្ចក់ដោយសារតែការបិទខ្ទប់កូវីដ។
ប៉ុន្តែផ្ទុយស្រឡះពីនេះ ការវិភាគដដែលរបស់ GCP បានរកឃើញថា ការបំភាយឧស្ម័នផ្ទះកញ្ចក់ចេញពីធ្យូងថ្ម នឹងត្រឡប់ទៅរកកម្រិតកំពូលវិញ នៅកំណត់ត្រាឆ្នាំ ២០១៤ ដែលជំរុញកំណើនដោយចិននាពេលនោះ ប៉ុន្តែកំណើនលើកនេះ ជំរុញខ្លាំងដោយសារតែឥណ្ឌា និងសហភាពអឺរ៉ុប។
ការវិភាគ GCP បង្ហាញថា ការបំភាយរបស់ចិន ដែលជាអ្នកបំពុលធំបំផុតរបស់ពិភពលោកនឹងថយចុះ ១ ភាគរយនៅឆ្នាំ ២០២២ ដោយសារតែការរឹតបន្តឹងកូវីដ និងការដួលរលំនៅក្នុងឧស្សាហកម្មសំណង់។ សហភាពអឺរ៉ុប ក៏នឹងថយចុះដូចគ្នាដែរ ដោយសារតែការបំភាយកាបូនចេញពីការប្រើប្រាស់ហ្គាសបានធ្លាក់ចុះរហូតដល់ ១០ ភាគរយក្រោយរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ ប៉ុន្តែការងាកទៅប្រើធ្យូងថ្ម បានធ្វើឱ្យការបំភាយកាបូនពីការដុតធ្យូងថ្មឡើងរហូតដល់ ៧ ភាគរយ។
ចំណែកឯសហរដ្ឋអាមេរិកវិញ ការបំភាយឧស្ម័ននឹងកើនឡើង ១,៥ ភាគរយ ដោយសារតែកំណើនជើងហោះហើរ។ បន្ថែមពីនេះ ឥណ្ឌានឹងមានកំណើនច្រើនជាងគេគឺរហូតដល់ ៦ ភាគរយ ដោយសារតែការបំភាយចេញពីធ្យូងថ្ម និងប្រេងខ្ពស់។
អ្នកវិទ្យាសាស្ត្រអាកាសធាតុនៅសាកលវិទ្យាល័យ Exeter ដែលដឹកនាំការវិភាគរបស់ GCP លោកសាស្ត្រាចារ្យ Pierre Friedlingstein បាននិយាយថា៖ «ឆ្នាំនេះយើងឃើញមានការកើនឡើងមួយទៀត នៃការបំភាយឧស្ម័នកាបូនចេញពីឥន្ធនៈហ្វូស៊ីលជាសកល ស្របពេលដែលយើងត្រូវការការកាត់បន្ថយឱ្យបានឆាប់រហ័ស»។ លោកបន្តថា៖ «មេដឹកនាំនៅ COP27 នឹងត្រូវចាត់វិធានការប្រកបដោយអត្ថន័យប្រសិនបើយើងមានឱកាសកំណត់ការឡើងកំដៅផែនដីត្រឹម ១,៥ អង្សាសេ»។
ចំណែក លោកស្រីសាស្ត្រាចារ្យ Corinne Le Quéré នៅសាកលវិទ្យាល័យ East Anglia ដែលស្ថិតនៅក្នុងការសិក្សាវិភាគរបស់ GCP ដូចគ្នា បានកត់សម្គាល់ថា ការកើនឡើងប្រចាំឆ្នាំជាមធ្យមនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ មានដល់ ៣ ភាគរយក្នុងកំឡុងឆ្នាំ ២០០០ ប៉ុន្តែបានធ្លាក់ចុះមកត្រឹម ០,៥ ភាគរយក្នុងទសវត្សរ៍កន្លងមក។
លោកស្រី បានគូសបញ្ជាក់ថា៖ «យើងបានបង្ហាញថា គោលនយោបាយអាកាសធាតុដំណើរការ។ ប្រសិនបើរដ្ឋាភិបាលឆ្លើយតបដោយការវិនិយោគថាមពលស្អាត ការដាំដើមឈើឡើងវិញ ហើយមិនកាប់បំផ្លាញព្រៃឈើ នោះការបំភាយឧស្ម័នសកលអាចចាប់ផ្តើមធ្លាក់ចុះយ៉ាងឆាប់រហ័ស»។
កាលពីថ្ងៃពុធ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញូវ ហ្គូតទែរ៉ែស បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់មេដឹកនាំពិភពលោកនៅ COP27 ថា៖ «យើងកំពុងស្ថិតក្នុងការប្រយុទ្ធនៃជីវិតរបស់យើង ហើយយើងនឹងចាញ់។ ភពផែនដីខិតជិតទៅចំណុចមហន្តរាយកំពូលយ៉ាងលឿន ដែលនឹងធ្វើឱ្យភាពវឹកវរអាកាសធាតុមិនអាចដើរថយក្រោយបាន។ យើងកំពុងស្ថិតនៅលើផ្លូវហាយវ៉េទៅនរកអាកាសធាតុ ដោយដាក់ជើងលើឧបករណ៍បង្កើនល្បឿន»៕ ហួន ឌីណា