ការលក់រថយន្តនៅចិនកើនឡើងក្នុងល្បឿនយឺតបំផុតក្នុងរយៈពេល ៥ខែ នៅខែតុលា
ការលក់រថយន្តរបស់ប្រទេសចិន បានកើនឡើងក្នុងល្បឿនយឺតបំផុតក្នុងរយៈពេល៥ខែនៅខែតុលានេះ ដោយសារតែការអនុវត្តគោលនយោបាយសូន្យកូវីដ ដែលជាកត្តារារាំងអ្នកប្រើប្រាស់ពីការទិញ។
ទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAM) ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញថា ចិនដែលជាទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក បានលក់រថយន្ត ២,៥១ លានគ្រឿងក្នុងខែតុលា ដោយកើនឡើង ៦,៩ ភាគរយ បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។ យ៉ាងណាមិញ តួលេខនេះក៏បង្ហាញពីការធ្លាក់ចុះពីកំណើន ២៥,៧ ភាគរយនៅខែកញ្ញា។
ទិន្នន័យរបស់ CAAM បានចងក្រងការលក់ដុំរថយន្តទូទៅអ្នកផលិតទៅអ្នកចែកចាយ រួមមានរថយន្តដឹកអ្នកដំណើរ រថយន្តក្រុង និងរថយន្តដឹកទំនិញ។ ការលក់រថយន្តសរុបបានកើនឡើង ៤,៦ ភាគរយបើធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន ហើយកើនឡើងបន្តិចបន្តួចពី ៤,៤ ភាគរយក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ។
ជាធម្មតា ខែកញ្ញា និងតុលា គឺជាខែដែលការលក់រថយន្តកើនឡើងដល់ចំណុចខ្ពស់ ដោយសារតែអ្នកប្រើប្រាស់បានចាប់ផ្ដើមទៅមើលកន្លែងដាក់តាំងរថយន្ត និងទិញឡើងវិញ បន្ទាប់ពីរដូវក្ដៅ។
យ៉ាងណាមិញ ក្រុមហ៊ុនផលិតរថយន្ត និងអ្នកវិនិយោគចិន កំពុងប្រឈមមុខនឹងការធ្លាក់ចុះនៃទីផ្សាររថយន្តដោយសារតែសេដ្ឋកិច្ចធ្លាក់ចុះ បើទោះបីជាមានការលើកទឹកចិត្តពីរដ្ឋាភិបាលក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីជំរុញការលក់ ដូចជាការកាត់បន្ថយពន្ធ និងការឧបត្ថម្ភធនក៏ដោយ។
កាលពីខែកក្កដា CAAM បានទម្លាក់ការព្យាករណ៍កំណើនរថយន្តរបស់ខ្លួនសម្រាប់ឆ្នាំ ២០២២ ពី ៥,៤ ភាគរយ មកនៅត្រឹម ៣ ភាគរយ។
បន្ថែមពីលើនោះ ក្រុមអ្នកវិភាគនៅធនាគារ China Merchants Bank International (CMBI) បានអះអាងកាលពីខែមុនថា ក្រុមហ៊ុនផលិតរថយន្តនៅចិន បានលក់ចេញរថយន្តក្នុងចំនួនដ៏ច្រើនដល់ឈ្មួញក្នុងរយៈពេល ០៩ ខែដំបូងនៃឆ្នាំនេះ បើទោះបីជាតម្រូវការលក់រាយបានធ្លាក់ចុះក្ដី។
អគ្គលេខាធិការរងរបស់ CAAM លោក Chen Shihua ថ្លែងក្នុងសន្និសីទអនឡាញមួយថា៖ «ទោះបីជានិន្នាការល្អជាមួយនឹងផលិតកម្ម និងការលក់ដុំនៅក្នុងឧស្សាហកម្មរថយន្តក៏ដោយ ទីផ្សារលក់រាយក្នុងស្រុកមានភាពទន់ខ្សោយ ហើយកម្រិតសារពើភ័ណ្ឌបានប្រសើរឡើង»។
ការលក់រាយប្រចាំថ្ងៃជាមធ្យមនៃរថយន្តដែលផលិតនៅចិន បានធ្លាក់ចុះ ២,៤ ភាគរយក្នុងរយៈពេល ៣ សប្តាហ៍ដំបូងនៃខែតុលា ធៀបនឹងឆ្នាំមុន ដោយម៉ាកយីហោរបស់ចិនបានដំណើរការល្អជាងសមភាគីបរទេសរបស់ខ្លួន។ នេះបើយោងតាមរបាយការណ៍របស់ CMBI ដែលផ្អែកលើទិន្នន័យធានារ៉ាប់រងរថយន្ត៕ ហួន ឌីណា