សម្ដេចតេជោ ហ៊ុន សែន រួមនឹងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន នឹងបន្តចូលរួមកិច្ចប្រជុំកំពូលអាស៊ានពាក់ព័ន្ធ ចំនួន ៦ នៅថ្ងៃនេះ
ភ្នំពេញ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន រួមនឹងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន នឹងបន្តចូលរួមកិច្ចប្រជុំកំពូលអាស៊ានពាក់ព័ន្ធ ចំនួន ៦ ។
បើតាមការបញ្ជាក់ពីឯកឧត្តម គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន បានបញ្ជាក់អ្នកយកព័ត៌មាននៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ថា នៅថ្ងៃនេះ ប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន នឹងបន្តចូលរួមកិច្ចប្រជុំកំពូលអាស៊ានពាក់ព័ន្ធ ចំនួន ៦ ក្នុងនោះមានដូចជា៖ កិច្ចប្រជុំកំពូលអាស៊ានបូក ៣ លើកទី២៥ និងពិភាក្សាផ្លាស់ប្ដូរយោបល់លើបញ្ហាសំខាន់ៗមួយចំនួន ជាពិសេស ការជំរុញការអនុវត្តគំនិតផ្ដួចផ្ដើមអាស៊ានបូក៣ លើគ្រប់ទិដ្ឋភាព ទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សន្តិភាព និងនយោបាយ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកំពស់ស្ថេរភាពនិងវិបុលភាពក្នុងតំបន់។
កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៩ ដើម្បីរំលឹកខួបលើកទី៣០ នៃទំនាក់ទំនងជាដៃគូសន្ទនា និងផ្ដោតលើកិច្ចសហប្រតិបត្តិការ ដើម្បីជម្រុញទស្សនៈវិស័យទៅថ្ងៃអនាគត ក្នុងការប្រែក្លាយទំនាក់ទំនងអាស៊ាន-ឥណ្ឌា ឱ្យឈានទៅកម្រិតខ្ពស់មួយទៀត ពោល គឺភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។
កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ នឹងពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-អូស្ត្រាលី តាមរយៈការអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជាការលើកទិសដៅអនាគត ដើម្បីផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកបន្ថែមទៀត។
កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ និងផ្ដោតការពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែលបាននាំមកនូវជោគជ័យលើគ្រប់វិស័យ ក្នុងការលើកកម្ពស់គុណភាព ជីវភាពរបស់ប្រជាពលរដ្ឋ នៅក្នុងតំបន់ទាំងពីរ។
កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ និងពិនិត្យ វាយតម្លៃទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហរដ្ឋអាមេរិក ដើម្បីជំរុញការគាំទ្ររបស់អាមេរិក ចំពោះមជ្ឈភាពអាស៊ាន និងនម្មាបនកម្មតំបន់ និងមានសារៈសំខាន់ក្នុងការរក្សាសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់។ កិច្ចប្រជុំនេះ ក៏នឹងពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន-សហរដ្ឋអាមេរិក លើកដំបូង ស្ដីពីការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ។
កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-កាណាដា ថ្នាក់ដឹកនាំអាស៊ាន និងកាណាដា នឹងរំលឹកខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនា និងពិនិត្យមើលកិច្ចសហប្រតិបត្តិការ ដែលបានបង្កើតឡើងជាង៤ទសវត្សរ៍មកនេះ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការតាមវិស័យនានា ដូចជា៖ សេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ការចាប់ផ្ដើមអាជីវកម្ម និងសហគ្រិនភាពជាស្ត្រី ៕
ក្រោយបញ្ចប់កិច្ចប្រជុំទាំង ៦ នៅពេលល្ងាច សម្ដេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន នឹងអញ្ជើញរៀបចំពិធីលៀងសាយភោជន៍ ដើម្បីបង្ហាញពីស្មារតីមិត្តភាពសាមគ្គីភាព និងភាពស្និទ្ធស្នាលក្នុងចំណោមថ្នាក់ដឹកនាំអាស៊ាន ដៃគូសន្ទនា និងថ្នាក់ដឹកនាំបរទេស រួមជាមួយនឹងអង្គការអន្តរជាតិផងដែរ ៕ដោយ: វណ្ណលុក