អតីតមេដឹកនាំប៉ាគីស្ថាន លោក អ៊ីមរ៉ានខាន់ អះអាងថារដ្ឋាភិបាលរៀបចំផែនការសម្លាប់លោក
អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក អ៊ីមរ៉ាន ខាន់ បានអះអាងប្រាប់សារព័ត៌មានអាល្លឺម៉ង់ DW ដោយមិនផ្ដល់ភស្តុតាង កាលពីថ្ងៃព្រហស្បតិ៍ថា លោកជឿថារដ្ឋាភិបាលប៉ាគីស្ថានបច្ចុប្បន្នបានរៀបចំផែនការសម្លាប់លោក ដោយសារតែលោកជាការគំរាមកំហែងដល់ការក្ដាប់អំណាចរបស់រដ្ឋាភិបាល។
លោក ខាន់ បានថ្លែងយ៉ាងដូច្នេះថា៖ «ពួកគេ(រដ្ឋាភិបាល)រងការគំរាមកំហែង។ ពួកគេដឹងពីការបោះឆ្នោត។ ពួកគេមិនអាចប្រកួតប្រជែងបានទេ។ ដូច្នេះហើយ បំណងចិត្តរបស់ពួកគេ គឺចង់កម្ចាត់ខ្ញុំឱ្យចេញពីផ្លូវ។ ពួកគេបានព្យាយាមវិធីផ្សេងទៀត។ ពួកគេបានព្យាយាមដកសិទ្ធិខ្ញុំ ទាំងដាក់ចោទប្រកាន់លើករណីភេរវកម្មមកលើខ្ញុំ»។
អតីតមេដឹកនាំ ដែលត្រូវសភាបោះឆ្នោតដកសេចក្ដីទុកចិត្តកាលពីខែមេសា បានបន្តទៀតថា៖ «អ្នកដែលរងការគំរាមកំហែងខ្លាំងបំផុត និងដែលចង់កម្ចាត់ខ្ញុំ គឺរដ្ឋាភិបាលបច្ចុប្បន្ន»។
គួររំឭកផងដែរថា លោក ខាន់ ត្រូវបានខ្មាន់កាំភ្លើងបាញ់ឱ្យរបួសចំជើង និងភ្លៅ កាលពីថ្ងៃទី ០៣ ខែវិច្ឆិកា នៅពេលលោកកំពុងដឹកនាំបាតុកម្មទាមទារឱ្យមានការបោះឆ្នោតមុនកាលកំណត់។ ការបាញ់ប្រហារនោះ បានសម្លាប់អ្នកគាំទ្ររបស់លោកម្នាក់ ខណៈមនុស្ស ១៤ នាក់ផ្សេងទៀត ត្រូវរងរបួស។
លោក ខាន់ បានទទូចថា លោកគឺជាគោលដៅនៃការឃុបឃិតគ្នារវាងរដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដ និងសហរដ្ឋអាមេរិក។ លោកប្រាប់ DW ក្នុងកិច្ចសម្ភាសន៍ដដែលថា ការបោះឆ្នោតដកសេចក្ដីទុកចិត្តកាលពីខែមេសា គឺជាផ្នែកមួយនៃការឃុបឃិតនោះ ក៏ដូចជាការប៉ុនប៉ងធ្វើឃាតបន្ទាប់ពីនោះផងដែរ។
នៅពេលសុំឱ្យផ្ដល់ភស្តុតាងចំពោះគ្រោងការធ្វើឃាត ដែលលោកខាន់អះអាងថា រៀបចំកាលពី២ខែមុន លោកបាននិយាយថា អ្វីទាំងអស់ដែលលោកមានគឺ «ភស្តុតាងតាមកាលៈទេសៈ» នៅពេលនេះ។
នាពេលនេះ លោក ខាន់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយនោះ បានជំរុញឱ្យអ្នកគាំទ្ររបស់លោកបន្តការហែក្បួនទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ ដើម្បីជំរុញឱ្យមានការបោះឆ្នោតមុខពេលកំណត់។ ទោះបីជាយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី Shahbaz Sharif បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ប៉ាគីស្ថាននឹងរៀបចំការបោះឆ្នោតនៅឆ្នាំ ២០២៣ តាមការគ្រោងទុក៕ ហួន ឌីណា