មេដឹកនាំអាស៊ាន-ឥណ្ឌា ប្តេជ្ញាលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម ការវិនិយោគថាមពល ហិរញ្ញវត្ថុ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវនុវត្ត និងសេដ្ឋកិច្ចឌីជីថល

ភ្នំពេញ៖ មេដឹកនាំអាស៊ាន-ឥណ្ឌា ប្តេជ្ញាលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគថាមពល ហិរញ្ញវត្ថុ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវនុវត្ត និងសេដ្ឋកិច្ចឌីជីថល ។ ការប្ដេជ្ញាដូចនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៩ ដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន និងឯកឧត្តម Jagdeep Dhankha អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីប្រមុខរដ្ឋ/រដ្ឋាភិបាលសមាជិកអាស៊ានដទៃទៀត ។

កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៩ បានធ្វើឡើង ដើម្បីរំលឹកខួប លើកទី៣០ នៃទំនាក់ទំនងជាដៃគូសន្ទនា និងផ្ដោតលើកិច្ចសហប្រតិបត្តិការ ដើម្បីជម្រុញទស្សនៈវិស័យទៅថ្ងៃអនាគត ក្នុងការប្រែក្លាយទំនាក់ទំនង អាស៊ាន-ឥណ្ឌា ឱ្យឈានទៅកម្រិតខ្ពស់មួយទៀត ពោល គឺភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។

មេដឹកនាំអាស៊ាន និងឥណ្ឌា បានទទួលស្គាល់សមិទ្ធផលជាច្រើន ដែលសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការប្រកប ដោយផ្លែផ្ការយៈពេល ៣០ឆ្នាំកន្លងមក ហើយបានអះអាងជាថ្មី នូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតដើម្បីសន្តិភាព និងវិបុលភាពក្នុងតំបន់ ។

មេដឹកនាំអាស៊ាន និងឥណ្ឌា បានកត់សម្គាល់ថា ទោះបីជាមានវិបត្តិកូវីដ-១៩ ក៏ដោយ ក៏កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងឥណ្ឌា កំពុងរីកចម្រើន។ មេដឹកនាំអាស៊ាន-ឥណ្ឌា បានប្តេជ្ញាលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម ការវិនិយោគ ថាមពល ហិរញ្ញវត្ថុ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវនុវត្ត និងសេដ្ឋកិច្ចឌីជីថល។

មេដឹកនាំអាស៊ាន និងឥណ្ឌា ក៏បានលើកទឹកចិត្តឱ្យក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-ឥណ្ឌា បន្តតួនាទីរបស់ខ្លួន ក្នុងការជំរុញពាណិជ្ជកម្មរវាងភាគីទាំងពីរ ៕ ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner