លោកអូឡាហ្វ ស្ហុលស៍ នឹងធ្វើទស្សនកិច្ចជាលើកដំបូងនៅសិង្ហបុរីក្នុងនាមជាអធិការបតីអាល្លឺម៉ង់

អាល្លឺម៉ង់៖ អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ ស្ហុលស៍ នឹងធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសសិង្ហបុរីនាថ្ងៃចន្ទ ទី១៤ វិច្ឆិកាខាងមុខ។ ដំណើរមកសិង្ហបុរីនេះ គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ក្នុងនាមជាប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ ចាប់តាំងពីចូលកាន់តំណែងក្នុងខែធ្នូ ឆ្នាំ២០២១មក។

ដំណើរទស្សនកិច្ចរបស់លោកអធិការបតីអាល្លឺម៉ង់ សបញ្ជាក់ជាថ្មីនូវទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសសិង្ហបុរី និងប្រទេសអាល្លឺម៉ង់ ដែលកើតចេញពីការតភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទូលំទូលាយនឹងគ្នានៅលើវិស័យផ្សេងៗជាច្រើន។ នេះ បើតាមក្រសួងការបរទេសសិង្ហបុរី (MFA) និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃសុក្រ ទី១១ វិច្ឆិកា។

នៅពេលទៅដល់សិង្ហបុរីនាថ្ងៃចន្ទខាងមុខ លោក អូឡាហ្វ ស្ហុលស៍ នឹងថ្លែងសុន្ទរកថាមួយឯសន្និសីទអាស៊ីប៉ាស៊ីហ្វិកលើកទី១៧ នៃធុរកិច្ចអាល្លឺម៉ង់ មុនពេលចូលរួមពិធីទទួលស្វាគមន៍ជាផ្លូវការ នៅវិមានអ៊ីស្តាណា។ លោក ស្ហុលស៍ នឹងជួបជាមួយនាយករដ្ឋមន្រ្តីសិង្ហបុរីលោក លី សៀនឡុង ដែលជាម្ចាស់ផ្ទះដើម្បីស្រស់ស្រូបអាហារពេលល្ងាចផ្លូវការមួយជាមួយគ្នា។ ក្រៅពីនេះ មេដឹកនាំទាំងពីរក៏នឹងធ្វើសន្និសីទសារព័ត៌មានមួយរួមគ្នាផងដែរ។

គួរជ្រាបថា ក្នុងដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងមកកាន់ប្រទេសសិង្ហបុរី លោកអធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហុលស៍ នឹងត្រូវអមដំណើរដោយមន្ត្រីជាន់ខ្ពស់ និងគណៈប្រតិភូធុរកិច្ចអាល្លឺម៉ង់ជាច្រើនរូបដែលរួមមាននាយកប្រតិបត្តិនៃក្រុមហ៊ុនកំពូលៗរបស់អាល្លឺម៉ង់។

ដំណើរទស្សនកិច្ចចុងក្រោយរបស់លោក ស្ហុលស៍ ទៅប្រទេសសិង្ហបុរីធ្វើឡើងសម្រាប់កិច្ចប្រជុំកំពូលទីក្រុងពិភពលោកក្នុងខែកក្កដា ឆ្នាំ ២០១៦ ខណៈដែលលោកមានមុខតំណែងជាអភិបាលក្រុង ហាំបឺក (Hamburg)។

លោក ស្ហុលស៍ ត្រូវបានបោះឆ្នោតជ្រើសរើសឱ្យចូលកាន់តំណែងជាអធិការបតីអាល្លឺម៉ង់នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២១ និងបានទៅបិទបញ្ចប់សករាជគ្រប់គ្រង់រយៈពេល១៦ ឆ្នាំ បែបអភិរក្សក្រោមការដឹកនាំរបស់លោកស្រី អង់ហ្គេឡា មែរគែល៕
ដោយ៖ លី លីយ៉ា
ប្រភពព័ត៌មាន៖
German Chancellor Olaf Scholz to make official visit to Singapore on Monday

Germany’s Olaf Scholz to make first visit to Singapore as chancellor

ads banner