អគ្គនាយកក្រុមហ៊ុន ERA Cambodia លើកឡើងថា ទីផ្សារខុនដូ គឺជាការអភិវឌ្ឍសម្រាប់រយៈពេលវែង ហើយជាជម្រើសដ៏ល្អសម្រាប់អ្នកវិនិយោគទាំងក្នុងស្រុក និងវិនិយោគិនបរទេស
ភ្នំពេញ ៖ អគ្គនាយកក្រុមហ៊ុន ERA Cambodia លោក ខន គង្គា បានលើកឡើងថា ទីផ្សារខុនដូគឺជាការអភិវឌ្ឍសម្រាប់រយៈពេលវែង ហើយជាជម្រើសដ៏ល្អសម្រាប់អ្នកវិនិយោគទាំងក្នុងស្រុក និងវិនិយោគិនបរទេស ដោយសារកំណើនពលរដ្ឋកម្ពុជាដែលមានកម្រិតជីវភាពធូរធារនឹងបន្តកើនឡើង ការកើនឡើងនៃរំហូរវិនយោគពីក្រៅប្រទេស និងជនបរទេសដែលមកប្រកបកិច្ចការ និងធ្វើការធុរកិច្ចនៅកម្ពុជា ។ លោក ខន គង្គា លើកឡើងបែបនេះ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងសន្និបាតធុរកិច្ចប្រចាំឆ្នាំលើកទី៤ និងការដាក់ផែនការសកម្មភាពសម្រាប់ឆ្នាំបន្ទាប់ របស់ក្រុមហ៊ុន ERA Cambodia ដើម្បីពង្រីកវិសាលភាពក្នុងទីផ្សារខុនដូនៅកម្ពុជា ។

លោក ខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia បានបញ្ជាក់ថា តម្លៃខុនដូនៅកម្ពុជា អាចមានអត្រាកំណើនជាមធ្យម ១៥ ភាគរយ ក្នុងមួយឆ្នាំ ដែលជាអត្រានៃផលចំណេញខ្ពស់ (high capital gain) បើធៀបនឹងប្រទេសមួយចំនួនក្នុងតំបន់អាស៊ី។

លោកបន្តថា៖ “ ស្ថានភាពបច្ចុប្បន្នគឺជាឱកាសដ៏ល្អសម្រាប់ការជ្រើសរើសវិនិយោគលើខុនដូ ព្រោះមានគម្រោងជាច្រើនផ្តល់លក្ខណ្ឌទូទាត់បត់បែន ថែមទាំងលក់បញ្ចុះតម្លៃជាច្រើន។ ដើម្បីទាញយកផលចំណេញពីការវិនិយោគក្នុងកាលៈទេសៈនាពេលបច្ចុប្បន្ននេះ សូមលើកទឹកចិត្តដល់អ្នកវិនិយោគធ្វើការជាមួយភ្នាក់ងារជំនាញ ប្រឹក្សាយោបល់ដើម្បីសម្រេចចិត្តវិនិយោគឱ្យបានត្រឹមត្រូវ។”

វត្តមានក្រុមហ៊ុន ERA Cambodia បើកដំណើរការនៅក្នុងទីផ្សារកម្ពុជារយៈពេលជាង ៤ឆ្នាំ បានរួមចំណែកដ៏សំខាន់ក្នុងទីផ្សារខុនដូនៅកម្ពុជា ដែលមានភ្នាក់ងារផ្តល់សេវាកម្មប្រកបដោយវិជ្ជាជីវៈខ្ពស់ ដែលធ្វើឱ្យក្រុមហ៊ុននេះទទួលបានការសហការដើម្បីលក់គម្រោងខុនដូធំៗជាង៣០គម្រោង ដែលទុនវិនិយោគនៃគម្រោងទាំងនេះបូកបញ្ចូលគ្នាមានតម្លៃខ្ទង់ពាន់លានដុល្លារអាមេរិក។ មិនតែប៉ុណ្ណោះ ERA Cambodia ក៏បានរួមចំណែកដ៏សំខាន់ក្នុងការបង្កើតឱកាសការងារដល់យុវជនកម្ពុជា ដោយក្រុមហ៊ុនមានផែនការបង្កើនភ្នាក់ងារលក់ពី ១៧០០នាក់ នាពេលបច្ចុប្បន្ន ដល់ប្រមាណ ៥ ០០០នាក់ក្នុងរយៈពេលបីឆ្នាំខាងមុខ ។

សូមបញ្ជាក់ថា ក្រុមហ៊ុន ERA Cambodia គឺជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯកទេសផ្នែកទិញ លក់ ខុនដូ លើ តំបន់ សំខាន់៣រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ដែលមានប្រភពដើមពីសហរដ្ឋអាមេរិក បង្កើតឡើងក្នុងឆ្នាំ ១៩៧១ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ បច្ចុប្បន្នក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកមួយនេះមានភ្នាក់ងារអាជីពប្រមាណ ៤០ ០០០នាក់ ជាមួយការិយាល័យប្រតិបត្តិការដល់ទៅ ២ ២០០ ការិយាល័យ នៅទូទាំង ៣៧ ប្រទេសលើពិភពលោក ។ ម៉ាកយីហោអចលនទ្រព្យ ERA Real Estate ត្រូវបាននាំចូលមកកម្ពុជា ហើយប្រតិបត្តិការក្រោមឈ្មោះ ERA Cambodia ចាប់តាំងពីឆ្នាំ២០១៩ ដែលដឹកនាំដោយលោក ខន គង្គា ជាប្រធានក្រុមប្រឹក្សាភិបាលនិងជានាយកប្រតិបត្តិ ៕ ដោយ / គ្រី សម្បត្តិ
