អូស្ត្រាលី នឹងបន្តគាំទ្រលើការអភិវឌ្ឍសេដ្ឋកិច្ចដោយចីរភាព សេដ្ឋកិច្ចឌីជីថល ថាមពលវ័យឆ្លាត សេដ្ឋកិច្ចបៃតង និងវិស័យដទៃទៀត ដើម្បីចូលរួមចំណែកធ្វើឲ្យប្រទេសកម្ពុជា ទទួលបានស្ថេរភាព និងវិបុលភាព
ភ្នំពេញ ៖ អូស្ត្រាលី នឹងបន្តគាំទ្រលើការអភិវឌ្ឍសេដ្ឋកិច្ចដោយចីរភាព សេដ្ឋកិច្ចឌីជីថល ថាមពលវ័យឆ្លាត សេដ្ឋកិច្ចបៃតង និងវិស័យដទៃទៀត ដើម្បីចូលរួមចំណែកធ្វើឲ្យប្រទេសកម្ពុជា រួមទាំងប្រទេសនៅក្នុងតំបន់ ទទួលបានស្ថេរភាព និងវិបុលភាព ។ នេះជាការបញ្ជាក់របស់ឯកឧត្តម Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានឱ្យដឹងថា ឯកឧត្តម Anthony Albanese បានសម្ដែងការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបាននិងកំពុងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធទទួលបានជោគជ័យ។

ជាមួយគ្នានោះដែរ ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី បានគោរពវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្ដេចតេជោ ដែលនាំកម្ពុជា ទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងថា ការដឹកនាំរបស់សម្ដេចតេជោ បានយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ព្រមទាំងបានសម្ដែងនូវការរីករាយជាមួយនឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងការវិនិយោគរបស់អូស្ត្រាលីនៅកម្ពុជា ដែលកំពុងទទួលបានលទ្ធផលជាផ្លែផ្កា។

ឯកឧត្តម Anthony Albanese ក៏បានគោរពជម្រាបជូនសម្ដេចតេជោដែរថា អូស្ត្រាលី នឹងបន្តគាំទ្រលើការអភិវឌ្ឍសេដ្ឋកិច្ចដោយចីរភាព សេដ្ឋកិច្ចឌីជីថល ថាមពលវ័យឆ្លាត សេដ្ឋកិច្ចបៃតង និងវិស័យដទៃទៀត ដើម្បីចូលរួមចំណែកធ្វើឲ្យប្រទេសកម្ពុជា រួមទាំងប្រទេសនៅក្នុងតំបន់ ទទួលបានស្ថេរភាព និងវិបុលភាព ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការពេញចិត្ត ជាមួយនឹងទំនាក់ទំនងរវាងកម្ពុជា និងអូស្ត្រាលីហើយក៏បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម Anthony Albanese និងរដ្ឋាភិបាលអូស្ត្រាលី ដែលបានបញ្ចប់ការទទួលស្គាល់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិ កាលពីឆ្នាំ១៩៨៣, ជួយកម្ពុជា លើវិស័យកសិកម្ម, ជួយកម្ពុជា ស្វែងរកសុខសន្តិភាព, ជួយកម្ពុជាអភិវឌ្ឍន៍ធនធានមនុស្ស, ផ្ដល់វ៉ាក់សាំងដល់កម្ពុជា និងចូលរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជា តាមរយៈការផ្ដល់ជំនួយផង និងជំរុញវិនិយោគមកកម្ពុជាផង ៕ ដោយ ៖ វណ្ណលុក
