ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីលួច
ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ករណីអំពើលួច (លួចយកដែកចំរឹងបង្អួច និងកំណាត់ដែកទីបជ្រុង) ក្នុងបរិវេណឃ្លាំងគ្មានលេខ ផ្លូវ២០០៤ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
ជនសង្ស័យឈ្មោះ អ៊ូរ ឆែម ភេទប្រុស អាយុ២១ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ ដូរ វ៉ាន់តឹង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបរអ្នកមើលការសុខត្រូវនៅចំណុចកើតហេតុខាងលើ ស្នាក់នៅផ្ទះលេខ១៥ ផ្លូវបេតុង ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ដោយឡែកសម្ភារបន្សល់ទុក៖ ចម្រឹងដែកបង្អួច០១ផ្ទាំង កំណាត់ដែកទីបដែកទីជ្រុង០៣កំណាត់ ដែកទីបមូល០១ដើម ប្រគល់ឲ្យជនរងគ្រោះវិញ និងរទេះអូស០១របស់ជនសង្ស័យ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានបើកឡានចេញពីផ្ទះរបស់ខ្លួន មកដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យកំពុងធ្វើសកម្មភាពលួចយកដែកដាក់លើរទះរបស់ខ្លួន។ ភ្លាមនោះខ្លួនបានឃាត់នាំខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលអូរបែក្អម ធ្វើការសាកសួរ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី៕ធ.ដ
