កូនប្រសារវាយក្បាលឪពុកក្មេកមួយដែករបួស១៥ថ្នេរ ត្រូវសមត្ថកិច្ចចាប់ខ្លួន
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះថា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាមានស្ថានទម្ងន់ទោស (ប្រើកំណាត់ដែកតាន់វាយក្បាលឲ្យរបួស) នៅក្នុងបរិវេណផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហេង តុលា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ត្រូវជាកូនប្រសាររបស់ជនរងគ្រោះឈ្មោះ ហាង វិចិត្រ ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (របួសចំលើក្បាលចំហៀងខាងឆ្វេង ដេរចំនួន១៥ថ្នេរ)។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះ រស់នៅក្នុងផ្ទះជាមួយគ្នា ហើយជនសង្ស័យកំពុងអង្គុយផឹកស៊ីជាមួយប្អូន នៅក្នុងផ្ទះចំណុចកើតហេតុខាងលើ ស្របពេលនោះជនរងគ្រោះមកដល់ផ្ទះ បានឃើញជនសង្ស័យកំពុងអង្គុយផឹកស៊ី ជនរងគ្រោះក៏ខឹង ហើយបានយកាំបិតកែច្នៃ មកគ្រវីក្រវាត់ត្រូវចំជនសង្ស័យ និងត្រូវចំថ្ពល់កូនស្រីរបស់ខ្លួន។
ជនសង្ស័យខឹងបានស្ទុះទៅយកកំណាត់ដែក មកវាយត្រូវចំក្បាលរបស់ជនរងគ្រោះបណ្តាលឲ្យរបួសដេរ១៥ថ្នេរ។ បន្ទាប់មកសមត្ថកិច្ចយើងបានចុះដល់ចំណុចកើតហេតុ នាំខ្លួនជនសង្ស័យ មកធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់។ បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី៕ធ.ដ
