ប្រធានាធិបតីសហរដ្ឋអាមេរិក អំណរគុណសម្ដេចតេជោ ដែលបានផ្ញើសារយ៉ាងច្បាស់ចំពោះការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន
ភ្នំពេញ៖ ឯកឧត្តម ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ដែលបានផ្ញើសារយ៉ាងច្បាស់ ចំពោះការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន។ ឯកឧត្តម ចូ បៃដិន ថ្លែងដូចនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១០ នៅរាជធានីភ្នំពេញ ។

នៅក្នុងជំនួបនេះ ឯកឧត្តម បៃដិន បានជម្រាបជូនសម្ដេចតេជោថា សហគមន៍អាស៊ាន គឺមានសារៈសំខាន់ណាស់ ចំពោះសហរដ្ឋអាមេរិក ជាពិសេស ចំពោះរដ្ឋបាលរបស់ឯកឧត្តមផ្ទាល់តែម្ដង ហើយសហរដ្ឋអាមេរិក គាំទ្រមជ្ឈភាព និងមិត្តភាពអាស៊ាន។

ឯកឧត្តម ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ដែលបានផ្ញើសារយ៉ាងច្បាស់ ចំពោះការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន។
ឯកឧត្តម ចូ បៃដិន ក៏បានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់កម្ពុជា ប្រធានអាស៊ាន ក្នុងការប្រឹងប្រែងដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ដើម្បីឲ្យវិលត្រឡប់មកស្ថានភាពដើមវិញ ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណឯកឧត្តម ចូ បៃដិន ដែលបានធ្វើដំណើមកចូលរួមក្នុងកិច្ចប្រជុំកំពូលនៅរាជធានីភ្នំពេញនេះ សបញ្ជាក់ឲ្យឃើញនូវការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិកចំពោះអាស៊ាន។
ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចតេជោ បានជម្រាប ជូនឯកឧត្តម ចូ បៃដិន អំពីកិច្ចសហប្រតិបត្តិការជាមួយជប៉ុន លើការជួយឱ្យក្រែន ក្នុងការដោះមីន និងប្រឆាំងការប្រើប្រាស់ពាក្យសំដីគំរាមកំហែង ការប្រើប្រាស់នុយក្លេអ៊ែរ ។

ក្នុងឱកាសនេះដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណសហរដ្ឋអាមេរិក ដែលបានបញ្ជូនវត្ថុបុរាណត្រឡប់មកកម្ពុជាវិញ។ សហរដ្ឋអាមេរិក ជាប្រទេសនាំមុខលំដាប់លេខ១ ក្នុងការបញ្ជូនវត្ថុបុរាណត្រឡប់មកកម្ពុជាវិញ ៕ ដោយ ៖ វណ្ណលុក
