លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តក្រចេះ បេក្ខជនប្រឡងជាប់ ៧១,២៨% និងទទួលបាននិទ្ទេស A ចំនួន៤នាក់
ក្រចេះ៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ បានឲ្យដឹងថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប មានបេក្ខជនប្រឡងជាប់ ចំនួន១៥៣១នាក់ (ស្រី៨១៦នាក់) ស្មើនឹង៧១,២៨% (បើប្រៀបធៀបនឹងឆ្នាំ២០១៨ កន្លងទៅគឺមានកាកើនឡើង ដោយឆ្នាំ២០១៨ មានចំនួន៥២,៥៧ % ) ដោយឡែកសម្រាប់បេក្ខជនប្រឡងជាប់និទ្ទេស A ធ្លាក់ចុះវិញ ដោយក្នុងឆ្នាំ២០១៨មានចំនួន០៧នាក់។
លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩នេះ បេក្ខជន ដែលទទួលបាន និទ្ទេស Aមានចំនួន៤នាក់ (ស្រី១នាក់) និទ្ទេសB មានចំនួន៥១នាក់ (ស្រី២៣នាក់) និទ្ទេស C មានចំនួន ១១២នាក់នាក់ (ស្រី៦៤នាក់) និទ្ទេស D មានចំនួន២៤៤នាក់ (ស្រី១២៥នាក់) និងនិទ្ទេស E មានចំនួន១,១២០នាក់ (ស្រី៦០២នាក់)។
ដោយឡែកចំពោះ បេក្ខជនដែលបានប្រឡងជាប់ ក៏បានសម្តែងចេញនូវទឹកមុខសប្បាយរីករាយ និងបានបញ្ជាក់ថា បើទោះបីជាពួកគាត់មិនបានជាប់និទ្ទេសល្អ តែគាត់សប្បាយចិត្តទទួលយកការគាំទ្រ នូវការកែទម្រង់ និងពេញចិត្តចំពោះរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡា ដែលបានរៀបចំការប្រឡងឆ្នាំនេះ បានយ៉ាងល្អប្រសើរ ត្រឹមត្រូវ និងមានតម្លាភាព ស្របតាមទិសស្លោកថា «អ្នកចេះ គឺជាប់»។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រ័មធ្យមសិក្សាទុតិយភូមិ នៅក្នុងខេត្តក្រចេះឆ្នាំនេះ គឺមានមណ្ឌលប្រឡងចំនួន៤មណ្ឌល ស្មើនឹង៨៨បន្ទប់ ក្នុងនោះមាន៖ មណ្ឌលវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែនក្រុងក្រចេះកើត មណ្ឌលវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែនក្រុងក្រចេះលិច មណ្ឌលវិទ្យាល័យព្រះមហាក្សត្រយានីកុសុមៈ និងមណ្ឌលវិទ្យាល័យក្រចេះក្រុង ហើយមានបេក្ខជនសរុប២,១៨៤នាក់ (ស្រី១,១២៧នាក់) ក្នុងនោះបេក្ខជនស្វ័យរិន ចំនួន៦០៨នាក់ (ស្រីចំនួន៣០១នាក់) បេក្ខេជនអវត្តមាន មាន៣៦នាក់ ដែលសុទ្ធសឹងជាបេក្ខេជនស្វ័យរិន៕ធ.ដ
ដោយៈ ម៉េង គាង



