សិស្សប្រឡងជាប់និទ្ទេស A នៅខេត្តស្វាយរៀងឆ្នាំ២០១៩នេះ កើនឡើងលើសឆ្នាំមុន
ស្វាយរៀង៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ បេក្ខជនប្រឡងយកសញ្ញាបត្រ័មធ្យមសិក្សាទុតិយភូមិ បាននាំគ្នាទៅពិនិត្យមើលបញ្ជីឈ្មោះលទ្ធផលប្រឡងរៀងៗខ្លួន។ បេក្ខជនជាសិស្សខ្លះបានបង្ហាញទឹកមុខសប្បាយរីករាយ ដោយសារបានប្រឡងជាប់ រីឯអ្នកខ្លះទៀតមិនសប្បាយចិត្តព្រោះតែត្រូវប្រឡងធ្លាក់។
បើតាមការបញ្ជាក់ពីក្រសួងអប់រំ យុវជន និងកីឡា ថាបេក្ខជនដែលបានប្រឡងជាប់សញ្ញាបត្រ័មធ្យមសិក្សាទុតិយភូមិសម័យប្រឡង១៩-២០ខែសីហា ឆ្នាំ២០១៩កន្លងទៅ សិស្សជាប់និទ្ទេស A ចំនួន ៤៤៣នាក់។ សម្រាប់ខេត្តស្វាយរៀងឈ្មោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេស A ចំនួន០៨នាក់ (ស្រី០៣នាក់) កើនឡើងចំនួន៥នាក់ ដែលឆ្នាំសិក្សា២០១៨ សិស្សទទួលបាននិទ្ទេស A មានតែ ៣នាក់ ប៉ុណ្ណោះ។ ចំណែកបេក្ខជននិទ្ទេស B មាន៥១នាក់ និទ្ទេសC ១៨១នាក់ Dមាន៥៦០នាក់ និងE មាន២១១៧នាក់ សរុបជាប់ ២,៩១៧នាក់។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ រដ្ឋបាលសាលាខេត្តស្វាយរៀង តែងតែមានរង្វាន់លើកទឹកចិត្តដល់សិស្សដែលប្រឡងជាប់និទ្ទេសA ដើម្បីផ្តល់កម្លាំងចិត្តសិស្សានុសិស្សទាំងអស់នៅទូទាំងខេត្តស្វាយរៀង ខិតខំរៀនសូត្រ ក្រេបយកចំណេះវិជ្ជា ក្លាយខ្លួនជាទំពាំងស្នងឫស្សីនៃប្រទេសជាតិ ប្រកបដោយចំណេះជំនាញពិតប្រាដក មានអនាគតភ្លឺស្វាង និងចូលរួមអភិវឌ្ឍន៍ប្រទេសជាមួយរាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីឲ្យរីកចម្រើនជាបន្តបន្ទាប់ផងដែរ៕ធ.ដ





