សម្តេចប្រធានព្រឹទ្ធសភាទទួលជួបជាមួយឯកឧត្តមអនុប្រធានាធិបតីឥណ្ឌា

ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ បានទទួលជួបសវនាការជាមួយឯកឧត្តម JAGDEEP DHANKHAR អនុប្រធានាធិបតី និងជាប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសដែលឯកឧត្តមអនុប្រធានាធិបតី ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី១៩ នៅរាជធានីភ្នំពេញ។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាមានសេចក្តីសោមនស្សរីករាយនិងស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមអនុប្រធានាធិបតី និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី១៩ តបតាមការអញ្ជើញរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌារបស់ឯកឧត្តម និងគណៈប្រតិភូ បានឆ្លុះបញ្ចាំងពីការគាំទ្រតួនាទីរបស់កម្ពុជាជាប្រធានអាស៊ាន និងទំនាក់ទំនងដ៏ជិតស្និទ្ធនៃភាពជាដៃគូអាស៊ាន-ឥណ្ឌា ព្រមទាំងរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ។

ក្នុងឱកាសនោះ ឯកឧត្តម JAGDEEP DHANKHAR បានសម្តែងនូវសេចក្តីរីករាយដែលបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដែលប្រជាជន និងប្រទេសទាំងពីរបានឆ្លុះបញ្ចាំងអំពីវប្បធម៌ អរិយធម៌រួមគ្នា ដែលមានតាំងពីយូរលង់ណាស់មកហើយ។ ឯកឧត្តមបានរំលឹកថា ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាតាំងពីឆ្នាំ១៩៥២មក។ ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបានពង្រឹងពង្រីកជាបន្តបន្ទាប់។ ជាងនេះទៅទៀត ប្រទេសទាំងពីរបានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌា និងខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា។

ឯកឧត្តមអនុប្រធានាធិបតីបានគូសបញ្ជាក់ថា ក្នុងបរិបទនៃគោលនយោបាយធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើតរបស់ប្រទេសឥណ្ឌា អាស៊ានបានដើរតួនាទីយ៉ាងសំខាន់ ជាពិសេសប្រទេសកម្ពុជា។ ប្រទេសឥណ្ឌាបានខិតខំប្តេជ្ញាចិត្តធ្វើយ៉ាងណាអនុវត្តន៍ និងផ្សារភ្ជាប់នូវគោលនយោបាយធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើតនេះ ជាពិសេសតាមរយៈគំនិតផ្តួចផ្តើមនានាដើម្បីរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា និងកិច្ចសហប្រតិបត្តិការមេគង្គ-គង្គារ។

ឯកឧត្តមអនុប្រធានាធិបតីបានសម្តែងនូវការអបអរសាទរចំពោះប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ កិច្ចប្រជុំពាក់ព័ន្ធ និងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា ដែលបានបញ្ចប់ទៅដោយជោគជ័យ។ ជាមួយគ្នានេះ ឯកឧត្តមបានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាជ្រាបថា នាពេលខាងមុខនេះ ឯកឧត្តមអនុប្រធានរដ្ឋសភាឥណ្ឌានឹងដឹកនាំគណៈប្រតិភូមកចូលរួមមហាសន្និបាតអន្តរសភា AIPAលើកទី៤៣ នៅប្រទេសកម្ពុជា។

ឯកឧត្តមអនុប្រធានាធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងសភានៃប្រទេសទាំងពីរ និងក្រុមមិត្តភាពទ្វេភាគីនៃសភាប្រទេសទាំងពីរ។ ឆ្លៀតឱកាសនោះដែរ ឯកឧត្តមបានគោរពអញ្ជើញសម្តេចប្រធានព្រឹទ្ធសភា ទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌាក្នុងពេលវេលាសមស្របណាមួយ។

សម្តេចប្រធានព្រឹទ្ធសភាបានរំលឹកអំពី ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ដែលមាន តាំងពីយូរលង់ណាស់មកហើយ ដែលបានបង្ហាញច្បាស់តាមរចនាបទនៃប្រាង្គប្រាសាទនានានៅកម្ពុជា។ ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៥២មក ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបានពង្រឹងពង្រីកជាបន្តបន្ទាប់ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រសួងស្ថាប័ននានា និងការផ្លាស់ប្តូរររវាងប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរ ព្រមទាំងទំនាក់ទំនងក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលមិនគ្រាន់តែនាំមកនូវវឌ្ឍនភាព វិបុលភាពដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរតែប៉ុណ្ណោះទេ គឺនូវបានរួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សាសន្តិភាព ស្ថេរភាព សន្តិសុខ និងការអភិវឌ្ឍន៍នៅក្នុងតំបន់ និងអន្តរជាតិផងដែរ។
សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា និមិត្តរូបនៃចំណងមិត្តភាពកម្ពុជា ឥណ្ឌា ដែលប្រជាជនកម្ពុជាចងចាំជានិច្ចនោះគឺ នៅភ្នំពេញមានដាក់តាំងរូបសំណាកលោក មហាត្មិះ គន្ធី មហាវិថីប្រសិទ្ធិនាមលោក ហ្សាវ៉ាហារឡាល នេហ៍រុ និងដើមពិធិ៍ព្រឹក្សដែលនាំមកពីប្រទេសឥណ្ឌាត្រូវបានប្រជាជននាំយកទៅដាំដុះនៅតាមបណ្ដាខេត្តទូទាំងកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋឥណ្ឌា ដែលបានគាំទ្របុព្វហេតុដ៏ត្រឹមត្រូវ និងយុត្តិធម៌របស់កម្ពុជាតាំងពីឆ្នាំ១៩៨១ ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងជួបការលំបាកបំផុតក្រោយពីបានរំដោះប្រទេសជាតិពីរបបប្រល័យពូជសាន៍ និងត្រូវបានគេហ៊ុព័ទ្ធទាំងខាងនយោបាយ និងទាំងខាងសេដ្ឋកិច្ច។ ជាមួយគ្នានេះ សម្តេចក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌា ដែលបានផ្តល់ជំនួយសប្បុរសធម៌នូវវ៉ាក់សាំងប្រភេទកូវីសែ្យលចំនួន ៣២៥,០០០ដូស ក្រោមគំនិតផ្តួចផ្តើមចតុភាគី (QUAD)។

សម្តេចប្រធានព្រឹទ្ធសភាបានធ្វើការកត់សម្គាល់ដោយសេចក្តីពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការ អាស៊ាន-ឥណ្ឌា និងកិច្ចសហប្រតិបត្តិការមេគង្គ-គង្គារ មានវឌ្ឍនភាពដ៏ល្អប្រសើរ។ ក្នុងនោះឥណ្ឌាជួយទ្រទ្រង់គម្រោងទទួលផលឆាប់រហ័ស (QIP) និងកិច្ចសហប្រតិបត្តិការឥណ្ឌា-CLMV។ ចាប់តាំងពីឆ្នាំ២០១៥-២០២២ កម្ពុជាទទួលបានគម្រោងលើវិស័យកសិកម្ម បរិស្ថាន សុខាភិបាល ការអភិវឌ្ឍជនបទ អប់រំ ការលើកកម្ពស់ស្រ្តី និងវប្បធម៌ ចំនួន ៤៦ គម្រោង ក្នុងនោះ ២១គម្រោងបានបញ្ចប់ និង២៥ គម្រោងទៀតបាននឹងកំពុងអនុវត្ត។

ឆ្លៀតក្នុងឱកាសនោះ សម្តេចប្រធានព្រឹទ្ធសភាបានជម្រាបជូនឯកឧត្តមអនុប្រធានាធិបតីជ្រាបអំពី មុខងារស្នូលរបស់ព្រឹទ្ធសភាកម្ពុជាមានចំនួនបី គឺ ទី១មុខងារនីតិកម្ម ទី២មុខងារតំណាង និងទី៣មុខងារតាមដាន ការអនុវត្តច្បាប់។ ឈរលើមុខងារស្នូលទាំងបីនេះ ព្រឹទ្ធសភាបានបំពេញភារកិច្ចរបស់ខ្លួន បម្រើឧត្តម ប្រយោជន៍ជាតិ ការពារសិទ្ធិនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ជំរុញនិងលើកកម្ពស់គោលការណ៍ ប្រជាធិបតេយ្យសេរីពហុបក្ស នីតិរដ្ឋ ធានាស្ថិរភាពនយោបាយ សន្តិភាព សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយវឌ្ឍនភាព។

សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងសភាឥណ្ឌា ដែលបានជួយ និងបន្តជួយអភិវឌ្ឍធនធានមនុស្សរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា តាមរយៈទៅធ្វើកម្មសិក្សានៅប្រទេសឥណ្ឌា និងការបញ្ជូនអ្នកជំនាញការឥណ្ឌាមកបណ្តុះបណ្តាលផ្ទាល់នៅកម្ពុជា។ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាទាំងពីរបានឯកភាពបន្តអនុស្សរណៈយោគយល់គ្នាហើយ បច្ចុប្បន្ននេះកំពុងរង់ចាំពេលវេលាសមស្របដើម្បីចុះហត្ថលេខា។ ជាទិសដៅខាងមុខ សម្តេចប្រធានព្រឹទ្ធសភាបានស្នើដល់ព្រឹទ្ធសភាឥណ្ឌាពិចារណាលើចំនួន ០៣ចំណុច រួមមាន៖
១-ព្រឹទ្ធសភាទាំងពីរជំរុញការបង្កើនការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្រប់កម្រិត ឱ្យបានញឹកញាប់ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើវិស័យនៃគណៈកម្មការជំនាញរបស់ព្រឹទ្ធសភាទាំងពីរ និងជួយគាំទ្រគ្នានៅទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌអន្តរសភាតំបន់ និងអន្តរជាតិ។
២-បន្តជួយអភិវឌ្ឍន៍ធនធានមនុស្សរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា តាមរយៈកម្មសិក្សា និងអាហារូបករណ៍ ឬឥណ្ឌាបញ្ជូនអ្នកជំនាញឥណ្ឌាមកបណ្ដុះបណ្ដាលផ្ទាល់នៅកម្ពុជា។
៣-អគ្គលេខាធិការដ្ឋាននៃព្រឹទ្ធសភាទាំងពីរ រៀបចំពេលវេលាសមស្រប ដើម្បីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងព្រឹទ្ធសភាកម្ពុជា និងព្រឹទ្ធសភាឥណ្ឌា។
ឆ្លើយតបនឹងការអញ្ជើញរបស់ឯកឧត្តមអនុប្រធានាធិបតី សម្តេចប្រធានព្រឹទ្ធសភាសន្យាថានឹងជ្រើសរកពេលវេលាសមស្របដើម្បីបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌា។ សម្តេចបានប្រសិទ្ធពរជូនឯកឧត្តម និងគណៈប្រតិភូ មានសុខភាពល្អ និងទទួលបានជោគជ័យ ព្រមទាំងភាពរីករាយក្នុងការស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕ ដោយ / គ្រី សម្បត្តិ + ប៊ុនហុក

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner