អ្នកវិភាគ៖ ការក្លាយជាអ្នកសង្កេតការណ៍នៃអង្គការសហប្រតិបត្តិការសៀងហៃ ជាការពង្រឹងតួនាទីកម្ពុជាក្នុងកិច្ចការតំបន់និងពិភពលោក
ភ្នំពេញ៖នាកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពួលពាក់ព័ន្ធនៅរាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានជួបពិភាក្សាជាមួយលោក Zhang Ming អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) អំពីបេក្ខភាពនិងការត្រៀមខ្លួនរបស់កម្ពុជាក្នុងការក្លាលជាអ្នកសង្កេតការណ៍នៃអង្គការ SCO នេះ បន្ថែមលើសមភាពកម្ពុជាជាដៃគូសន្ទនាចាប់តាំងពីឆ្នាំ២០១៥។
អ្នកតាមដានបញ្ហាកិច្ចការនយោបាយអន្តរជាតិយល់ថា ចំពោះពង្រីកខ្លួនរបស់កម្ពុជាទៅជាអ្នកសង្កេតការណ៍របស់អង្គការសហប្រតិបត្តិការសៀងហៃ នឹងនាំឲ្យកម្ពុជាពង្រឹងតួនាទីខ្លួនបន្ថែមក្នុងសណ្តាប់ធ្នាប់ពិភពលោក ទាំងកិច្ចការក្នុងតំបន់ និងពិភពលោក ព្រមទាំងពង្រឹងយន្តការពហុភាគីនិយមដែលកម្ពុជាតែងប្រកាន់ខ្ជាប់ផង ដោយសារអង្គការសហប្រតិបត្តិការសៀងហៃ នេះជាជញ្ជីងដើម្បីធ្វើឲ្យមានតុល្យភាពពិភាពលោកប្រឈមនឹងការប្រណាំងប្រជែងភូមិសាស្រ្តនយោបាយ។
លោកបណ្ឌិតគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា ការចូលជាអ្នកសង្កេតការណ៍របស់កម្ពុជានៅក្នុងអង្គការសហប្រតិបត្តិការសៀងហៃ(SCO) នេះបានសារៈសំខាន់ដែលកម្ពុជាអាចពង្រឹងបន្ថែមទៀតក្នុងគោលការណ៍ពហុភាគីនិយមរបស់ខ្លូន ព្រមទាំងពង្រឹងយុទ្ធសាស្រ្តសម្រាប់សន្តិសុខជាតិ នៅចំពោះមុខការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដ៏ស្រួចស្រាលនាពេលបច្ចុប្បន្ន។
លោកបណ្ឌិតគិន ភា បញ្ជាក់ពីជំហរកម្ពុជានៅក្នុងលំហភូមិសាស្រ្តនយោបាយអន្តរជាតិ ដូច្នេះថា៖ «អ្វីដែលកម្ពុជាតែងអនុវត្តនៅក្នុងនយោបាយការបរទេសរបស់ខ្លួនហ្នឹងគឺ គោលការណ៍ពហុភាគីនិយមនិងគោលការណ៍ច្បាប់អន្តរជាតិ អ៊ីចឹងកិច្ចសហប្រតិបត្តិការក្រុងសៀងហៃនេះ គឺជាយន្តការពហុភាគីដ៏សំខាន់មួយដែលមានផលប្រយោជន៍ទាំងផ្នែកនយោយ សន្តិសុខ និងសេដ្ឋកិច្ច» ។
អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិរូបនេះគូសបញ្ជាក់ថា អង្គការសហប្រតិបត្តិការនេះមានប្រទេសជាសមាជិកច្រើនដែលសុទ្ធសឹងតែជាប្រទេសដែលមានសក្តានុពលផ្នែកសេដ្ឋកិច្ច ថាមពល នយោបាយ និងយុទ្ធសាស្រ្ត ដែលអាចផ្តល់ប្រយោជន៍ដល់កម្ពុជាក្នុងនាមជាអ្នកសង្កេតការណ៍ដែលទទួលបានផលប្រយោជន៍ផ្នែកច្រកសេដ្ឋកិច្ច ច្រកការទូត ជាដើម។
លោកបណ្ឌិតគិន ភា បន្ថែមថា៖ «លើសពីនេះ ក្នុងនាមជាអ្នកសង្កេតការណ៍របស់ SCO កម្ពុជាអាចពង្រឹងតួនាទីខ្លួនបានផងសម្រាប់កិច្ចការតំបន់និងពិភពលោក ព្រោះអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ជជែកបញ្ហាធំជាអន្តរជាតិក្នុងកម្រិតសាកលដែលផ្តល់ឲ្យទង់ជាតិកម្ពុជា សម្លេងកម្ពុជា លេចត្រដែតក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ដ៏ធំមួយនេះ»។
សម្រាប់កិច្ចការចូលជាសមាជិកនៃអ្នកសង្កេតការណ៍របស់អង្គការកិច្ចសហប្រតិបត្តិការសៀងហៃនេះលោកបណ្ឌិតគិន ភា យល់ថា នឹងមិនមានជាបញ្ហាចោទសម្រាប់កម្ពុជាឡើយ ខណៈអង្គការនេះមានចិនដែលជាមិត្តជិតស្និទ្ធិរបស់កម្ពុជាជាជន្ទល់ ព្រមទាំងបណ្តាសមាជិកផ្សេងទៀតសុទ្ធតែមានទំនាក់ទំនងល្អជាមួយកម្ពុជាសម្រាប់។
គូរបញ្ជាក់ផងដែរថា អង្គការសហប្រតិបត្តិការសៀងហៃគឺជាអង្គការអន្តររដ្ឋាភិបាលដែលបង្កើតឡើងជាផ្លូវការ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០១ នៅទីក្រុងសៀងហៃ ដោយប្រទេសចំនួនប្រាំមួយ រួមមាន៖ ចិន ជាមួយប្រទេសអតីតសហភាពសូវៀតចំនួនប្រាំ ទៀតនោះគឺ រុស្ស៊ី កាហ្សាក់ស្ថាន កៀហ្គីស៊ីស្ថាន តាហ្ស៊ីគីស្ថាន និងប្រទេសអ៊ូសបេគីស្ថាន។
គោលដៅចម្បងនៃការបង្កើតអង្គការសហប្រតិបត្តិការសៀងហៃ គឺដើម្បីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសន្តិសុខ និងសេដ្ឋកិច្ច ដែលប្រទេសសមាជិកអង្គការនេះ តែងតែរៀបចំធ្វើសមយុទ្ធរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ព្រមទាំងសហការគ្នា ក្នុងការចែកចាយព័ត៌មានក្នុងវិស័យសន្តិសុខឱ្យគ្នាទៅវិញទៅមកផង។
នាពេលបច្ចុប្បន្នអង្គការនេះមានសមាជិកកើនដល់ចំនួន៩ ក្នុងនោះរួមមានបន្ថែមណ ឥណ្ឌា ប៉ាគីស្ថាន និងថ្មីៗនេះ គឺអ៊ីរ៉ង់ បន្ថែមលើសមាជិកប្រាំមួយ ដែលមានស្រាប់ ហើយអង្គការ SCO ក៏មានរដ្ឋដៃគូសន្ទនាផងដែរ ដែលរួមមាន តួកគី ស្រីលង្កា នេប៉ាល់ អាស៊ែបៃហ្សង់ អាមេនី អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប កាតា និងកម្ពុជា។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ពាក់ព័ន្ធជំនួបរវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងអគ្គលេខាធិការអង្គការសហប្រតិបត្តិការសៀងហៃ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ លោកហ៊ុន សែន បានលើកឡើងដូច្នេះថា ចាប់តាំងពីបានក្លាយជាដៃគូសន្ទនារបស់ SCO ក្នុងឆ្នាំ២០១៥ កម្ពុជាបានចូលរូមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និង SCO ដោយបានលើកឡើងពីការចូលរូមយ៉ាងសកម្មរបស់កម្ពុជានៅក្នុងអង្គការនានាក្នុងតំបន់ និងអន្តរជាតិ ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព និងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខ។
ជាមួយគ្នានេះដែរលោកបណ្ឌិតយង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បញ្ជាក់ថា អង្គការសហប្រតិបត្តិការសៀងហៃដែលប្រសូត្រចេញពីប្រទេសនៃអ៊ុយរ៉ាស៊ី ឬអាស៊ីកណ្តាល ដែលសុទ្ធសឹងជាប្រទេសអតីតសហភាពសូវៀតនេះ ហើយមានស្នាក់ការកណ្តាលនៅក្រុងសៀងហៃ ប្រទេសចិននេះ មានធម្មនុញ្ញរបស់ខ្លួនដំបូងក្នុងគោលដៅដើម្បីកិច្ចសហប្រតិបត្តិការសន្តិសុខ និងនយោបាយ ក៏ប៉ុន្តែនៅក្នុងទិដ្ឋភាពលំហភូមិសាស្រ្តនយោបាយបច្ចុប្បន្ន អង្គការនេះបានដើរតួរបន្ថែមលើផ្នែកសេដ្ឋកិច្ច។
លោកនបន្តថា អង្គការនេះមានអំណាចយោធារបស់ខ្លួនយ៉ាងសម្បើម ស្របពេលសមាជិកគោលគឺចិន និងរុស្ស៊ី ជាប្រទេសមហាអំណាចនុយក្លេអ៊ែរ ហើយរដ្ឋជាសមាជិកដទៃទៀតតួយ៉ាងឥណ្ឌា អ៊ីរ៉ង់ ប៉ាគីស្ថាន កំពុងអភិវឌ្ឍន៍បច្ចេកវិទ្យានុយក្លេអ៊ែរទោះបីមិនស្របតាមគោលការណ៍ររបស់អង្គការសហប្រជាជាតិក្តី។
លោកបណ្ឌិតយង់ ពៅ ពន្យល់ពីស្ថានភាពកម្ពុជាចូលជាប្រទេសសង្កេតការណ៍នៃអង្គការសហប្រតិបត្តិការសៀងហៃ ថា៖ «ក្នុងឋានៈដែលកម្ពុជាជារដ្ឋអធិបតេយ្យមួយគឺយើងចូលទៅក្នុងអង្គការតំបន់នេះ គឺមិនមែនឆ្ពោះមហិច្ឆតាយោធាដើម្បីរំខានដល់បស្ចឹមលោកទេ វាមិនមែនជាបញ្ហាទេ។ ផ្ទុយទៅវិញ វានាំឲ្យកម្ពុជាមានដៃគួសន្ទនាធំៗក្នុងតំបន់ហើយជំរុញការផ្តោះប្តូរសេដ្ឋកិច្ច នយោបាយ ការទូត និងយោធា កាន់តែប្រសើរនោះទេ»។
គួរជម្រាបជូនផងដែរថា អង្គការសហប្រតិបត្តិការសៀងហៃ (SCO) មានសមាជិកចំនួន៩ ប្រទេស ដែលមានផលិតផលក្នុងស្រុកសរុបទំហំប្រមាណ ៣០ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក គ្របដណ្តប់ដែនដីប្រមាណ ៦០ភាគរយនៃដែនដីក្នុងលោក ហើយដែលមានប្រជាជនប្រមាណ ៣៤០០លាននាក់ ឬស្មើ ៤៣ភាគរយ នៃចំនូនប្រជាជនរបស់ពិភពលោក។ កម្ពុជាបានក្លាយជាសមាជិកដៃគូសន្ទនារបស់អង្គការនេះនៅក្នុងឆ្នាំ២០១៥ ដែលមកដល់ឆ្នាំ២០២២ ក្នុងនាមជាប្រធានអាស៊ានកម្ពុជាកំពុងដាក់បេក្ខភាពខ្លួនចូលសមាជិកនៃអ្នកសង្កេតការណ៍ម្តង៕ ដោយ៖ សំបាន ច័ន្ទដារ៉ា