អ្នកជំនាញមកពីសារៈមន្ទីរប្រវត្តិសាស្រ្តធម្មជាតិនៃប្រទេសបារាំង ផ្តល់ការបង្ហាត់បង្រៀនពីរបៀបប្រមូលសំណាកកេសរកូលដល់កម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អ្នកជំនាញនៃសារៈមន្ទីរប្រវត្តិសាស្រ្តធម្មជាតិប៉ារីស ប្រទេសបារាំង រួមជាមួយនឹងអ្នកជំនាញនៃក្រសួងបរិស្ថាន បានរៀបចំការបណ្តុះបណ្តាលពីរបៀបប្រមូលសំណាកកេសរកូលតាមបែបវិទ្យាសាស្រ្ត ដល់ក្រុមការងារកេសរកូលនៃក្រសួងបរិស្ថាន អ្នកសិក្សាស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងអ្នកពាក់ព័ន្ធផងដែរ។

ក្រោមកិច្ចសហការរវាងក្រសួងបរិស្ថាន ជាមួយនឹងសារៈមន្ទីរប្រវត្តិសាស្រ្តធម្មជាតិប៉ារីស ប្រទេសបារាំង អ្នកជំនាញជាន់ខ្ពស់របស់សារៈមន្ទីរចំនួនពីររូប គឺលោកស្រី ហ៊ុល សុវណ្ណមោលី និងលោក ដេនីស ឡាពីន(Denis Larpin )បានធ្វើការបណ្តុះបណ្តាលនិងបង្ហាត់ពីរបៀបប្រមូលសំណាកកេសរកូល ចាប់ពីថ្ងៃទី ៧ រហូតដល់ថ្ងៃទី ២០ ខែវិច្ឆិកា។ នេះបើយោងតាមលើកឡើងរបស់ក្រសួងបរិស្ថាន។

ក្រសួងបានបញ្ជាក់ថា ៖ «អ្នកជំនាញរូបនេះ មកបង្ហាត់ពីរបៀបនៃការប្រមូលសំណាកកេសរកូល, ការរក្សាទុកសំ ណាក, ការកំណត់អត្តសញ្ញាណប្រភេទកេសរកូល តាមបែបវិទ្យាសាស្រ្ត ទៅដល់ក្រុមការងារកេសរកូលនៃក្រសួងបរិស្ថាន អ្នកសិក្សាស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងអ្នកពាក់ព័ន្ធផងដែរ»។

តាមរយៈកិច្ចសហការនេះផងដែរ អ្នកជំនាញនៃសារៈមន្ទីរប្រវត្តិសាស្រ្តធម្មជាតិប៉ារីស ក៏នឹងបន្តជួយពិនិត្យ និងផ្តល់យោបល់បន្ថែមដល់ការរៀបចំសៀវភៅមគ្គទេសក៍បន្លែ និងឯកសារវិទ្យាសាស្រ្តសម្រាប់បោះពុម្ភផ្សព្វផ្សាយផ្សេងទៀត។

មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន នេះបានបង្កើតឡើងនាចុងឆ្នាំ២០១៨ ស្ថិតនៅជើងភ្នំគូលែន ក្នុងភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ មជ្ឈមណ្ឌលនេះបង្កើតដោយអគ្គលេខាធិកាដ្ឋានអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយមន្ទីរបរិស្ថានខេត្តសៀមរាប និងម្ចាស់កសិដ្ឋាន The Bloom Garden Greenhouse។

ក្រសួងបរិស្ថាន បានឱ្យដឹងថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ នេះ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន បានធ្វើការប្រមូល និងរក្សាពូជកេសរកូលព្រៃពីគ្រប់រាជធានី ខេត្ត បានចំនួនប្រមាណ៥០០០សំណាក ស្មើនឹង ២១០ប្រភេទ និងបានកត់ត្រាចូលប្រព័ន្ធទិន្នន័យបានចំនួន១១៤ប្រភេទ។

ក្នុងនោះភាគច្រើនមកពីខេត្តព្រះសីហនុ កោះកុង កំពត សៀមរាប និងមណ្ឌលគិរី ហើយជាមួយគ្នានោះដែរមជ្ឈមណ្ឌលបានបញ្ជូនសំណាកចំនួន ២៣ប្រភេទ ទៅសារៈមន្ទីរប្រវត្តិសាស្រ្តធម្មជាតិប៉ារីស ដើម្បីកំណត់អត្តសញ្ញាណ និងកត់ត្រាក្នុងកំណត់ត្រាអន្តរជាតិផងដែរ។

លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់ឱ្យដឹងថា មជ្ឈមណ្ឌលស្រាវជ្រាវនេះនឹងផ្តល់អត្ថប្រយោជន៍ផ្សេងៗ ជាច្រើនដូចជា រក្សានិងស្ដារពូជកេសរកូលព្រៃ ក្នុងស្រុកប្រមូលផ្ដុំសំណាកកេសរកូលរស់ កត់ត្រា និងធ្វើសារពើភ័ណ្ឌសម្រាប់សិក្សាស្រាវជ្រាវ ផ្ដល់ចំណេះដឹង និងព័ត៌មានវិទ្យាសាស្រ្ត ពីកេសរកូលព្រៃ សម្រាប់មនុស្សជំនាន់ក្រោយ និងសួនកម្សាន្តជាដើម។

ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ដែរថា ៖ «ក្រសួងនឹងចាត់វិធានការផ្លូវច្បាប់ទៅលើអ្នកធ្វើអាជីវកម្មធំ អ្នកដែលបំផ្លិចបំផ្លាញនៅកេសរកូលព្រៃ។ ក្រសួងបរិស្ថានបានព្រមានរួចហើយចំពោះអ្នកដែលធ្វើអាជីវកម្មកេសរកូលព្រៃដែលហួសប្រមាណ ដែលឈានទៅដល់កម្រឹតបំផ្លិចបំផ្លាញនេះ យើងមិនយោគយល់ចំពោះពួកគាត់ទេ»។

ដោយឡែក ដើម្បីរួមចំណែកក្នុងការឆ្លើយតបនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ, គ្រោះធម្មជាតិ និងការបំផ្លាញបរិស្ថានជាដើមនោះ កម្ពុជាបានលើកសំណើឱ្យមានការរៀបចំនូវ «កិច្ចព្រម ព្រៀងបៃតងអាស៊ាន» សំដៅរួមចំណែកក្នុងការជួយតម្រង់ទិសអាស៊ាន ឆ្ពោះទៅរកអនាគតបៃតងប្រកប ដោយចីរភាព និងភាពប្រកួតប្រជែងខ្ពស់ ក្នុងទិដ្ឋភាពសេដ្ឋកិច្ច ។

នេះបើតាមការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាប្រធានអាស៊ានឆ្នាំ២០២២ ក្នុងពិធីបើកនៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ ២០២២ កាលពីថ្ងៃទី ១០ ខែវិច្ឆិកាកន្លងទៅថ្មីៗនេះ។

លោកបានថ្លែងថា ៖ «កម្ពុជាសូមសម្ដែងការប្ដេជ្ញាចិត្តក្នុងការសហការយ៉ាងជិតស្និទ្ធ រួមគ្នាជាមួយនឹងប្រទេសសមាជិកអាស៊ាន និង ដៃគូសន្ទនាអាស៊ានទាំងអស់ ដើម្បីដឹកនាំសហគមន៍ សេដ្ឋកិច្ចអាស៊ាន ឆ្ពោះទៅរកភាពធន់រឹងមាំ, ចីរភាព, បរិយាប័ន្ន និងភាពប្រកួតប្រជែងខ្ពស់»៕ ដោយ៖ នាង សុគន្ធា

ads banner