អគ្គលេខាធិការអង្គការសហប្រជាជាតិទស្សនកិច្ចសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង
ភ្នំពេញ៖ លោក អាន់តូនីញ៉ូ គូតេរ៉េស (Antonio Guterres) អគ្គលេខាធិការ អង្គការសហប្រជាជាតិ(អ.ស.ប) និងគណៈប្រតិភូ នៅថ្ងៃទី១៣ខែវិច្ឆិកា បានធ្វើទស្សនកិច្ច សារមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង អំឡុងពេលលោកអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងអង្គការសហ ប្រជាជាតិ លើកទី១២ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានានៅរាជធានីភ្នំពេញ។

ក្រោយពីទស្សនកិច្ច លោក អាន់តូនីញ៉ូ គូតេរ៉េស បានថ្លែងនៅក្នុងសន្និសីទសារពត៌មានថា៖« ខ្ញុំមកទីនេះ គឺដើម្បីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះនិងគោរពអ្នក ដែលនៅរស់រានមានជីវិតពីបទឧក្រិដ្ឋដ៏ឃោរឃៅនៅទូទាំងប្រទេសកម្ពុជាក្នុងរបបខ្មែរក្រហម»។

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានបន្តថា៖ ទុក្ខវេទនាដែលបានកើតឡើងនៅចន្លោះជញ្ជាំងទាំងនេះ គឺជារឿងសោកសង្រេង សែនរន្ធត់និង គួរឱ្យភ្ញាក់ផ្អើល។រឿងរ៉ាវនៃការរស់រានមានជីវិតនិងភាពធន់ គឺជារឿងរ៉ាវដ៏សែនរំជួលចិត្តនិងផ្តល់កម្លាំងចិត្តផងដែរ។

លោកបានថ្លែងអំណរគុណដល់សារៈមន្ទីរសម្រាប់ការងារដ៏អស្ចារ្យរបស់ខ្លួន ដើម្បីលើកកម្ពស់ការយល់ដឹងពីឧក្រិដ្ឋកម្មដ៏សាហាវទាំងនេះ ដែលជាផ្នែកមួយនៃកិច្ច ខិតខំប្រឹងប្រែងដើម្បីធានាថា អំពើទាំងនេះ នឹងមិនកើតឡើងទៀតឡើយ។អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានទាមទារឱ្យមេដឹកនាំខ្មែរក្រហមជាច្រើន នាក់ទទួលខុសត្រូវ ចំពោះអំពើព្រៃផ្សៃទាំងនេះ និងបានផ្តល់ជាសម្លេងដល់ជនរងគ្រោះ និងអ្នកដែលនៅរស់ពីរបបនេះ។សម្លេងរបស់ពួកគេមានសារៈសំខាន ជាង ពេលណាៗទាំងអស់ នៅពេលដែលការនិយាយនាំឱ្យមានការស្អប់គ្នា ការរំលោភបំពាន ការរើសអើង និងការយារយីដែលកំពុងកើនឡើ នៅគ្រប់តំបន់ នៃពិភាពលោក។

លោកបានសង្កត់ធ្ងន់ថា« ទួលស្លែង គឺជាការកើនរម្លឹកដ៏ចាំបាច់សម្រាប់អ្នកទាំងអស់គ្នា ។ ការ៉ូដែលប្រឡាក់ដោយឈាមនៅទីនេះជាការព្រមានដល់យើងទាំងអស់គ្នា។ នេះគឺជាអ្វីដែលកើតឡើងនៅពេលមានការស្អប់គ្នាខ្លាំង។នេះគឺជាអ្វីដែលកើតឡើងនៅពេលមនុស្សបានត្រូវគេធ្វើទុក្ខបុកម្នេញហើយសិទ្ធិមនុស្សបានត្រូវគេបដិសេធ ។ ការរក្សាទុកនៃការចងចាំ អ្នករងទុក្ខ និងអ្នកស្លាប់នៅទួលស្លែង ជួយធានាថាអំពើឃោរឃៅទាំងនេះ នឹងមិនកើតឡើងម្តងទៀតឡើយ»។

លោក អាន់តូនីញ៉ូ គូតេរ៉េស បានថ្លែងទៀតថា« ខ្ញុំនឹងយករឿងរ៉ាវដែលបានស្តាប់ឮពីជនរងគ្រោះនៅក្នុងរបបខ្មែរក្រហម ទៅប្រាប់ចៅស្រីខ្ញុំដើម្បីឱ្យគាត់អាចយក រឿងរ៉ាវទាំងនេះ ទៅប្រាប់ដល់ចៅៗរបស់គេបន្តទៀត ។ការចងចាំនៅទីនេះ គឺជាអ្វីដែលខ្ញុំមិនអាចបំភ្លេចជាដាច់ខាត។»

លោកបានឱ្យដឹងទៀតថា៖តាមរយៈការរៀនទទួលស្គាល់ ពីសញ្ញាព្រមានដំបូងៗ នៃអំពើប្រល័យពូជសាសន៍ និងអំពើឧក្រិដ្ឋកម្មឃោរឃៅដទៃទៀតនិងទទួលស្គាល់ ពីតម្លៃ នៃបរិយាប័ន្ន និងសេចក្តីថ្លៃថ្នូរ យើងអាចកសាងមូលដ្ឋានគ្រឹះ សម្រាប់អនាគត ដែលគ្មានអំពើឃោរឃៅបែបនេះ និងមិនអាចកើតឡើងម្តងទៀត៕ ដោយ:ង់ាន ទិត្យ
