វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ បិទបញ្ចប់ដោយភាពជោគជ័យ និងទទួលបានលទ្ធផលគាប់ប្រសើរ
ភ្នំពេញ៖ ក្នុងរយៈពេលបីថ្ងៃនៃវេទិកានេះ មានបទបង្ហាញចំនួន ១២ ដែលផ្ដោតលើប្រធានបទសំខាន់ៗដូចជាការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជានិងអាស៊ាន, សេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា, ឌីជី-ថលូបនីយកម្មនៃសេវាធនាគារ, ខេ អេច ឃ្យូ អរ (KHQR) និងបាគង (Bakong), Open Banking, បច្ចេកវិទ្យាធានារ៉ាប់រង, សន្តិសុខសាយប័រក្នុងប្រទេសកំពុងអភិវឌ្ឍន៍, ការដាក់ដំណើរការថ្នាល Cambodia Distributed Ledger (CamDL), និងការយល់ដឹងពី Web 3.0។

ក្រៅពីនេះ វេទិកាក៏មានកិច្ចពិភាក្សាចំនួន ៥ ដែលជជែកលើចលនាបច្ចេក-វិទ្យាហិរញ្ញវត្ថុមួយប្រចាំអាស៊ាន, ឌីជីថលូបនីយកម្មក្នុងវិស័យធនាគារនិងធនធានមនុស្ស, សក្ដានុពលនៃបច្ចេកវិទ្យាធានារ៉ាប់រង, ការគំរាមកំហែងសាយប័រក្នុងទីផ្សារហិរញ្ញវត្ថុ, និងការកសាងសេវាហិរញ្ញវត្ថុថ្មីតាមរយៈ Web 3.0។

ឯកឧត្តមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានថ្លែងសុន្ទរកថាបិទ ដែលក្នុងនោះឯកឧត្តមបណ្ឌិតបានគូសរំលេចបន្ថែមលើចំណុចមួយចំនួន ដែលរួមបញ្ចូលទាំងបរិការណ៍នៃបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងកម្ពុជា និងតំបន់អាស៊ាន វិស័យធនាគារនិងធានារ៉ាប់រងនៅកម្ពុជា និងការរៀបចំដាក់ដំណើរការនូវថ្នាលឌីជីថលគន្លឹះ Cambodian Distributed Ledger (CamDL) ជាដើម។

ឯកឧត្តមបណ្ឌិតបានផ្ដល់នូវការគិតគូរពិចារណាជាសកម្មភាពដល់តួអង្គពាក់ព័ន្ធ ក្នុងប្រព័ន្ធអេកូឡូស៊ី បច្ចេកវិទ្យាហិរញ្ញវត្ថុផងដែរ។ ឯកឧត្តមថា ក្រសួង-ស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុធុរកិច្ចថ្មី និងសមាគមនានា សូមគិតគូរពិចារណាលើចំណុចពាក់ព័ន្ធសំខាន់ៗចំនួន ៣ គឺ (១) កសាងចលនាឧស្សាហកម្មហិរញ្ញវត្ថុជុំវិញបច្ចេកវិទ្យាដែលនាំទៅការផ្លាស់ប្ដូរអតិបរមា, (២) ជំរុញនវានុវត្តន៍បច្ចេកវិទ្យា ហិរញ្ញវត្ថុ តាមរយៈការកសាងទីផ្សារមួយដែលសក្ដិសមនឹងនវានុវត្តន៍ទាំងនោះ, ព្រមទាំង (៣) កសាងគោលការណ៍សមភាពរវាងក្រុមហ៊ុនធំ និងធុរកិច្ចថ្មី ឬអាជីវកម្មធុនតូច។ ឭ

ជាលទ្ធផល វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុបានប្រព្រឹត្តទៅយ៉ាងរលូន និងបិទបញ្ចប់ដោយភាពជោគជ័យ និងទទួលបានលទ្ធផលគាប់ប្រសើរដូចការរំពឹងទុក ដោយមានអន្តរសកម្ម និងការពិភាក្សាគ្នាយ៉ាងផុសផុល ប្រកបដោយស្មារតីចែករំលែក និងយកចិត្តទុកដាក់ខ្ពស់។ ក្នុងនោះ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ក៏ប្រមូលធាតុចូលល្អៗបន្ថែម ដែលអាចបន្តជាមូលដ្ឋានដល់ការរៀបចំសេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាឱ្យកាន់តែគ្រប់ជ្រុងជ្រោយស្របតាមបរិបទក្នុងប្រទេស។ឭ

សូមបញ្ជាក់ថា ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ ដែលប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១១ ដល់១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ មានគោលបំណងគាំទ្រ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជាដោយកៀរគរនិយ័តករ វិស័យឯកជន ក៏ដូចជាស្ថាប័នជាតិនិងអន្តរជាតិពាក់ព័ន្ធមកជួបជុំគ្នា ស្វែងយល់បន្ថែមឱ្យកាន់តែច្បាស់ពីនិន្នាការនិងនវានុវត្តន៍ឬផលិតផលបច្ចេកវិទ្យាហិរញ្ញវត្ថុ ព្រមទាំងពិភាក្សាពីកាលានុវត្តភាព និងបញ្ហាប្រឈមនានា ដើម្បីពង្រឹងនិងពង្រីកប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ក្ដោបយកឱកាសជាអតិបរមាពីនវានុវត្តន៍ទាំងនោះ ព្រមទាំងសម្រប និងត្រៀមខ្លួនសម្រាប់ការវិវឌ្ឍដ៏រហ័សនៃបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។

គោលបំណងសំខាន់មួយទៀតរបស់វេទិកានេះ គឺការបន្តប្រមូលធាតុចូលល្អៗ និងជាក់លាក់បន្ថែមក្នុងដំណើរការរៀបចំសេចក្តីព្រាង គោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ដែលមានលក្ខណៈមុតស្រួច និងងាយបត់បែន៕ ដោយ៖ ទីណា

