អគ្គលេខាធិការអង្គការសហប្រជាជាតិ បង្ហាញមោទនភាពចំពោះកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ដែលធ្វើការបានល្អជាទីបំផុត

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារនារសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អង់តូនីញ៉ូ ហ្គូទែររ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបង្ហាញមោទនភាពចំពោះកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ដែលពួកគាត់ធ្វើការបានល្អជាទីបំផុត។

បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម ហ្គូទែររ៉េស បានពិភាក្សាគ្នាលើប្រធានបទចំនួន ៣ រួមមាន៖ ទី១ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ, ទី២ ការចូលរួមរបស់កម្ពុជា ក្នុងកិច្ចការអង្គការសហប្រជាជាតិ និងប្រធានបទទី៣ គឺការប្ដេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិចំពោះកម្ពុជា។

ប្រធានបទទី១ ឯកឧត្តម ហ្គូទែររ៉េស បានសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធទទួលបានជោគជ័យ។ ឯកឧត្តមក៏បានបន្តដែរថា ចំពោះទស្សនៈរបស់អង្គការសហប្រជាជាតិ កិច្ចប្រជុំអាស៊ាន-យូអិន គឺទទួលបានជោគជ័យយ៉ាងខ្លាំង ។

ប្រធានបទទី២ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការសហប្រជាជាតិ គឺល្អបំផុត។កម្ពុជា និងអង្គការសហប្រជាជាតិ បានសហការគ្នា បង្កើតតុលាការកូនកាត់ ដើម្បីកាត់ទោសមេដឹកនាំខ្មែរក្រហម ទទួលបានជោគជ័យ និងអាចចាត់ទុកបានជាគំរូ។ កម្ពុជា បានបញ្ជូនកម្លាំងការពារសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដើម្បីធ្វើការងារមនុស្សធម៌ និងមានកិច្ចប្រជុំជាមួយភ្នាក់ងារអង្គការសហប្រជាជាតិជាប្រចាំ។

ពាក់ព័ន្ធនិងករណីនេះ ឯកឧត្តម ហ្គូទែររ៉េស បានមានប្រសាសន៍ថា ឯកឧត្តម ពិតជាមានមោទនភាពណាស់ ចំពោះកម្លាំងការពារសន្តិភាពរបស់កម្ពុជា ពួកគាត់ធ្វើការបានល្អជាទីបំផុត។ រាល់ទីកន្លែងដែលពួកគាត់បានទៅធ្វើប្រតិបត្តិការ ពួកគាត់រមែងទទួលបាននូវការគោរពស្រឡាញ់ តាមរយៈកិច្ចការរបស់គាត់ ដែលបានធ្វើអស់ពីកាយចិត្ត និងប្រកបដោយវិជ្ជាជីវៈ។

ប្រធានបទទី៣ ឯកឧត្តម ហ្គូទែររ៉េស បានគោរពជម្រាបជូនសម្ដេចតេជោថាអង្គការសហប្រជាជាតិ នឹងធ្វើអ្វីៗគ្រប់យ៉ាង ដែលអាចធ្វើទៅបាន ដើម្បីជួយដល់កម្ពុជា រួមទាំងទទួលយកនូវសំណើរបស់សម្ដេចតេជោ ស្នើសុំ ឲ្យបញ្ចូលបញ្ហាមីន និងគ្រាប់មិនទាន់ផ្ទុះ ទៅក្នុងគោលដៅអភិវឌ្ឍន៍សហស្សវត្ស៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner