សម្ដេចតេជោ ហ៊ុន សែន៖ អាស៊ាន បានគ្រប់គ្រង និងសម្របសម្រួលលើបញ្ហាប្រឈម រហូតទទួលបានលទ្ធផលជាច្រើនគួរជាទីគាប់ចិត្ត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ខណៈដែលយើង បាន និងកំពុងខិតខំស្តារឡើងវិញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ និង ដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ានោះ ស្ថានភាពមិនរំពឹងទុក ក៏បានកើតមានឡើង ដែលមានប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សេដ្ឋកិច្ច និងសង្គម តែអាស៊ាន បានគ្រប់គ្រង និងសម្របសម្រួលលើបញ្ហាប្រឈម រហូតទទួលបានលទ្ធផលជាច្រើនគួរជាទីគាប់ចិត្ត ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះ ក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងពិធីផ្ទេរតំណែងប្រធានអាស៊ាន ជូនឥណ្ឌូនេស៊ី នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមពីមេដឹនាំអាស៊ាន និងប្រទេសដៃគូសន្ទនា ព្រមទាំងថ្នាក់ដឹកនាំអង្គការសកល ជាច្រើនទៀត ។
សម្ដេចតេជោ បានបន្តថា រយៈពេល ១ឆ្នាំ បានកន្លងផុតទៅ បន្ទាប់ពីសម្ដេច បានទទួលតំណែងជាប្រធានអាស៊ាន ពី ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា (Sultan Haji Hassanal Bolkiah) នៃប៊្រុយណេ ដារូសាឡាម នៅថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២១ ។ នេះ គឺជារយៈពេល ១ឆ្នាំ ពោរពេញទៅដោយអនុស្សាវរីយ៍ និងជាប្រវត្តិសាស្ត្រសម្រាប់រូបសម្ដេចផ្ទាល់ និងកម្ពុជា ដែលមានកិត្តិយសដ៏ឧត្តុង្គឧត្តម បានទទួលតំណែងជាប្រធានប្តូរវេនរបស់អាស៊ាន ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ខណៈដែលយើងបាននិងកំពុងខិតខំស្តារឡើងវិញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ានោះ ស្ថានភាពមិនរំពឹងទុក ក៏បានកើតមានឡើង ដែលមានប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សេដ្ឋកិច្ច និងសង្គម ។ ទោះជាយ៉ាងនេះក្តី អាស៊ានបានគ្រប់គ្រង និងសម្របសម្រួលលើបញ្ហាប្រឈមទាំងនោះ រហូតទទួលបានលទ្ធផលជាច្រើនគួរជាទីគាប់ចិត្ត ។ យើងពិតជាបានអនុវត្តតាមមូលបទនៃភាពជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំនេះ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា (ASEAN A.C.T: Addressing Challenge Together)» ៕ ដោយ ៖ វណ្ណលុក

