សម្ដេចតេជោ ហ៊ុន សែន ផ្ទេរភាពជាប្រធានអាស៊ាន ជូនប្រធានាធិបតីឥណ្ឌូនេស៊ី សម្រាប់ឆ្នាំ២០២៣ គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ជូន ឯកឧត្តម ដាតូ លីម ចុក ហយ ក្នុងតួនាទីជាអគ្គលេខាធិការអាស៊ាន

ភ្នំពេញ៖ ពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងពិធីផ្ទេរតំណែងប្រធានអាស៊ាន ជូនឥណ្ឌូនេស៊ី នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមពីមេដឹនាំអាស៊ាន និងប្រទេសដៃគូសន្ទនា ព្រមទាំងថ្នាក់ដឹកនាំអង្គការសកល ជាច្រើនទៀត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការផ្ទេរភាពជាប្រធានអាស៊ាន ជូនសាធារណៈរដ្ឋឥណ្ឌូនេស៊ី សម្រាប់ឆ្នាំ២០២៣ ជាមួយនឹងការប្រសិទ្ធពរជូនចំពោះ ឯកឧត្តមប្រធានាធិបតី ចូកូ វីដូដូ សម្រាប់ភាពជាប្រធានអាស៊ាន ប្រកបដោយ ជោគជ័យ ។

មុននឹងផ្តល់ជូននូវញញួរតំណាងជាប្រធាន សម្ដេចតេជោ បានយកឱកាសនេះ ផ្តល់ជូនឯកឧត្តម ដាតូ លីម ចុកហយ នូវគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។ មេដាយនេះ តំណាងឱ្យការទទួលស្គាល់ ឯកឧត្តម ដាតូ លីម ចុក ហយ អំពីភក្តីភាព និងការប្រឹងប្រែងឥតស្រាកស្រាន្ត ក្នុងដំណើរការកសាងសហ-គមន៍អាស៊ាន ក្នុងអំឡុងដែលឯកឧត្តមកាន់តួនាទីជាអគ្គលេខាធិការអាស៊ាន ។

ក្នុងពេលជាមួយគ្នានេះដែរ សម្ដេចតេជោ សូមយកឱកាសនេះ ដើម្បីប្រកាសដំណឹងថា លោក ហាជី មូហាម៉ាត អ៊ីកបាល ហ្វាគ្រី ហាជី ដាមីត (Mr. Haji Muhammad lqbal Fakhri Haji Damit) នៃប៊្រុយណេដារូស្សាឡាម បានទទួលនូវពានរង្វាន់អាស៊ាន ឆ្នាំ២០២២ ។ ពានរង្វាន់នេះ គឺជាការទទួលស្គាល់នូវកិច្ចការរបស់គាត់ ក្នុងការជួយពង្រឹងស្មារតីសហគមន៍អាស៊ាន ឲ្យកាន់តែរឹងមាំ និងប្រជាជននិយម ។ ជាងមួយទសវត្សរ៍មកហើយ លោក មូហាម៉ាត ដាមីត បាន និង កំពុងកៀរគរជំនួយ និងដឹកនាំយុវជនស្ម័គ្រចិត្ត ដើម្បីគាំទ្រដល់ការលើកតម្កើង និងការអភិវឌ្ឍរបស់ជនជាតិភាគតិច និងជនងាយរងគ្រោះទូទាំងតំបន់ ៕ ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner