កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង៤១ដែលកម្ពុជាធ្វើជាប្រធាន និង ម្ចាស់ផ្ទះបានបិទបញ្ចប់ដោយទទួលបាននូវជោគជ័យយ៉ាងគួរជាទីមោទនភាព

ភ្នំពេញ៖ នារសៀលថ្ងៃទី១៣ ខែ វិច្ឆិកាឆ្នាំ ២០២២ នេះ ប្រមុខ ដឹកនាំ អាស៊ាន ប្រទេស បានបិទ បញ្ចប់ កិច្ច ប្រជុំ កំពូល អាស៊ាន លើកទី៤០និង៤១ហើយនាទីក្រុង ភ្នំពេញ។ កិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជា ជាប្រធានអាស៊ាន ឆ្នាំ២០២២ និង ធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានចាប់ផ្ដើមពីថ្ងៃទី ៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា កម្ពុជាបានក្លាយជាសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន កាលពីឆ្នាំ២០០២ និង ២០១២ ហើយសម្រាប់ឆ្នាំ២០២២នេះ កម្ពុជានឹងរៀបចំកិច្ចប្រជុំដ៏ធំនេះដែរ ក្រោមប្រធានបទ «ASEAN A.C.T: ដោះស្រាយបញ្ហាប្រឈមរួមគ្នា»។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំរយៈពេល៤ថ្ងៃកន្លងមក សម្តេចតេជោ ហ៊ុន សែន បានធ្វើប្រកាសបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០, ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនារសៀលថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ ព្រមទាំងប្រគល់ញញួរផ្ទេរតួនាទីប្រធានអាស៊ាន ប្តូរវេនសម្រាប់ឆ្នាំ២០២៣ ជូនលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី។

មានប្រសាសន៍ក្នុងពិធីនេះ សម្តេចតេជោហ៊ុនសែនបានថ្លែងថា “ខណៈដែលយើង បាន និងកំពុងខិតខំស្តារឡើងវិញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ និង ដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ានោះ ស្ថានភាពមិនរំពឹងទុក ក៏បានកើតមានឡើង ដែលមានប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សេដ្ឋកិច្ច និងសង្គម ។ ទោះជាយ៉ាងនេះក្តី អាស៊ានបានគ្រប់គ្រង និងសម្រប-សម្រួលលើបញ្ហាប្រឈមទាំងនោះ រហូតទទួលបានលទ្ធផលជាច្រើនគួរជាទីគាប់ចិត្ត ។ យើងពិតជាបានអនុវត្តតាមមូលបទនៃភាពជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំនេះ «អាស៊ានរួមគ្នាធ្វើ៖ ដោះ- ស្រាយបញ្ហាប្រឈមទាំងអស់គ្នា (ASEAN A.C.T: Addressing Challenge Together)» “។

សម្តេចបានឱ្យដឹងថា៖រយៈពេល ២ ឆ្នាំកន្លងទៅ ការទាក់ទងគ្នាដោយផ្ទាល់ ត្រូវបានបន្ទច់បង្អាក់ដោយជំងឺកូវីដ-១៩ និងការបំប្លែងថ្មីៗនៃមេរោគនេះ ។ ជាការពិត ការបញ្ចប់នូវកិច្ចប្រជុំកំពូល ចំនួន ១៦ ក្នុងរយៈពេលត្រឹម ៤ ថ្ងៃ គឺជារឿងដ៏លំបាកមួយ ជាពិសេស នៅចំពេលដែលពោរពេញដោយបញ្ហាប្រឈម ។ ដូចនេះ ខ្ញុំសូមធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនៃក្រុមការងារយើង ដើម្បីធានាដល់ភាពងាយស្រួល និងផាសុកភាព សម្រាប់យើងរាល់គ្នា និងដើម្បីការបញ្ចប់ភាពជាប្រធានអាស៊ានប្រកបដោយជោគជ័យ ។

សម្តេចបានបន្តឱ្យដឹងថា៖”យើងបានអនុម័ត និងកត់សម្គាល់នូវឯកសារសមិទ្ធផល និងសេចក្តីប្រកាសចំនួន ៧០ ដែលគ្របដណ្តប់ទៅលើសសរស្តម្ភទាំង ៣ របស់សហគមន៍អាស៊ាន និងបានអនុម័តក្របខណ្ឌកិច្ចសហ-ប្រតិបត្តិការមួយចំនួន ជាមួយនឹងដៃគូសន្ទនារបស់យើង ។ ដើម្បីបន្ត និងពង្រឹងទំនាក់ទំនងជាមួយដៃគូ អាស៊ានបានយល់ព្រមបញ្ចូលអ៊ុយក្រែន ក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ី អាគ្នេយ៍ (TAC) នាកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤០ និង ៤១ នេះ ។

ដូចគ្នានេះដែរ ប្រទេស ៦ ទៀត រួមមាន ដាណឺម៉ាក ក្រិច ហូឡង់ អូម៉ាន កាតា និងអេមីរ៉ាតអារ៉ាប់រួម ក៏បានចុះហត្ថលេខាចូលជាសមាជិក ក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ នាកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខែ សីហា ដែលធ្វើឱ្យប្រទេសជាសមាជិកនៃសន្ធិសញ្ញានេះ បានកើនឡើងដល់ ៥0 ប្រទេស ។ យើងបានចេញនូវសេចក្តីថ្លែងការណ៍រួមនៃខួបអនុស្សាវរីយ៍ លើកទី ២០ នៃសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) ដើម្បីប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ២០ នៃការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិ នេះ នាឆ្នាំ ២០០២ ។

សម្តេចបានមានប្រសាសន៍ដោយបញ្ជាក់ថា៖សម្រាប់ការកសាងសហគមន៍អាស៊ានវិញ យើងបានអនុម័ត សេចក្តីថ្លែងការណ៍ចក្ខុវិស័យ របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពី «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា», សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន ស្ដីពីខួបលើកទី ៥៥ របស់អាស៊ាន, និងសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ានស្ដីពីរបៀវារៈនៃការតភ្ជាប់អាស៊ានក្រោយឆ្នាំ ២០២៥ ។

យើងក៏បានអនុម័ត សេចក្តី ថ្លែងការណ៍រួម ស្តីពីការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ តាមរយៈការបំផុសសហគ្រិនភាពស្ត្រីអាស៊ាន បន្ទាប់ពីកិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី ២ ប្រកបដោយជោគជ័យ នាថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២២ ។ ជាមួយគ្នានេះដែរ យើងក៏មានក្តីសោមនស្ស ដែលមានលទ្ធភាពរៀបចំជាលើកទី ២ នូវកិច្ចសន្ទនាសកលអាស៊ាន (ASEAN Global Dialogue) ដើម្បីផ្លាស់ប្តូរទស្សនៈ សម្រាប់ការកសាងអាស៊ានប្រកបដោយចីរភាព និងបរិយាបន្ន ក្នុងសម័យកាលក្រោយជំងឺកូវីដ-១៩ ៕ ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner