មនុស្សម្នាក់ស្លាប់នៅក្នុងគ្រោះថ្នាក់អគារបាក់រលំ ក្នុងទីក្រុង Lille ប្រទេសបារាំង

បារាំង៖ នៅទីក្រុង Lille ភាគខាងជើងប្រទេសបារាំង នាថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកានេះ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពមនុស្សម្នាក់នៅក្រោមគំនរបាក់បែកនៃអគារចំនួនពីរ ដែលរលំកាលពីមួយថ្ងៃមុន។ ជាហេតុការណ៍រលំបាក់អគារ ដែលកើតឡើងនៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ហើយសេចក្ដីរាយការណ៍បឋមឱ្យដឹងថា ពុំមានមនុស្សណាម្នាក់រងគ្រោះនោះទេ ដោយសារតែមនុស្សទាំងអស់ត្រូវបានជម្លៀសចេញពីអគារនោះរួចរាល់ហើយ តាំងពីមួយយប់មុនមកម្ល៉េះ។

ក្រោយពីនោះបន្តិចទើបអាជ្ញាធរបារាំងដឹងថា មានគ្រូពេទ្យម្នាក់ដែលជួលផ្ទះនៅក្នុងអគារដែលបាក់រលំនោះ បានបាត់ខ្លួនគ្មានដំណឹង។ ក្រុមអ្នកជួយសង្គ្រោះបានបើកប្រតិបត្តិការកកាយគំនរបាក់បែករបស់អគារ និងរកឃើញសាកសពមនុស្សម្នាក់ នៅវេលាម៉ោង១និង៣០នាទី អធ្រាតថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកានេះ។ សាកសពនេះត្រូវបញ្ជូនទៅធ្វើកោសល្យវិច្ច័យ ដើម្បីកំណត់អត្តសញ្ញាណឱ្យបានច្បាស់ ប៉ុន្តែអ្នកដឹកនាំប្រតិបត្តិការជួយសង្គ្រោះ លោក Staphane Beauventre ជឿថា សាកសពជនរងគ្រោះ គឺជាគ្រូពេទ្យដែលបាត់ខ្លួននោះតែម្ដង។

សូមជម្រាបថា មុនពេលអគារទាំង២បាក់រលំ អ្នករស់នៅក្នុងអគារ១ដំបូង បានកត់សម្គាល់អំពីភាពខុសប្រក្រតីនៃអគារហើយបានរាយការណ៍ទៅអាជ្ញាធរ។ អាជ្ញាធរដែលបានចុះមកពិនិត្យអគារដោយផ្ទាល់ និងបានសម្រេចចិត្តជម្លៀសមនុស្សទាំងអស់ចេញពីអគារដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ។

អាជ្ញាធរបានប្រាប់អ្នកស្នាក់នៅក្នុងអគារទាំង២នោះ ឱ្យចាកចេញពីអគារតាំងពីយប់ថ្ងៃសុក្រ រហូតដល់ព្រឹកព្រលឹមថ្ងៃសៅរ៍ ហើយដូចការសន្និដ្ឋានរបស់អាជ្ញាធរមែន អគារកម្ពស់៣ជាន់ចំនួន២ជាប់គ្នានោះ បានបាក់រលំនៅវេលាម៉ោង៩ និង១៥នាទី ព្រឹកថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា។ ពលរដ្ឋបារាំងម្នាក់ដែលរស់នៅក្នុងអគារនោះ លើកឡើងថា លោកសំណាងណាស់ដែលបានចាកចេញពីអគារនោះ មុនពេលវាដួលរលំ ដោយបញ្ជាក់បន្ថែមថា ប្រសិនបើគ្មានការជម្លៀសមនុស្សចេញពីអគារនោះទេ លោកនិងអ្នកឯទៀតដែលរស់នៅក្នុងនោះ ច្បាស់ជាស្លាប់បាត់បង់ជីវិតបាត់ទៅហើយ៕ ដោយ៖ កែវ កិរិយា

ads banner