ប្រទេសចិនដាក់ចេញវិធានការរឹតបន្តឹងកាន់តែខ្លាំង ឆ្លើយតបនឹងការកើនឡើងនៃករណីកូវីដ១៩
ចិន៖ នៅក្នុងរយៈពេល២៤ម៉ោង ប្រទេសចិនរកឃើញករណីឆ្លងកូវីដ១៩ សរុបចំនួន ១១,៧៧៣ករណី ក្នុងនោះ ករណីភាគច្រើនលើសលុប ពោលគឺ ១០,៣៥១ គឺជាករណីឆ្លងដោយគ្មានរោគសញ្ញា។ ប្រឈមនឹងការផ្ទុះឆ្លងនៃជំងឺកូវីដ១៩នេះ អាជ្ញាធរប្រទេសចិន បានដាក់ចេញនូវវិធានការរឹតបន្តឹងកាន់តែខ្លាំងឡើង ដោយនៅខេត្តខ្លះ មានការបិទខ្ទប់សង្កាត់ដែលផ្ទុះឆ្លងកូវីដ១៩ និងបិទសាលារៀនជាដើម។
នៅសង្កាត់មួយនៃទីក្រុងក្វាងចូវ ប្រជាជនទាំងអស់ជិត២លាននាក់ ត្រូវអាជ្ញាធរបង្គាប់ឱ្យនៅផ្ទះកាលពីថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ដើម្បីធ្វើតេស្តរកជំងឺកូវីដ១៩។ បើតាមគណៈកម្មការសុខភាពជាតិចិន នៅទីក្រុងក្វាងចូវ នាថ្ងៃសៅរ៍នោះ គេរកឃើញករណីឆ្លងកូវីដ១៩សរុបចំនួន ៣,៧៧៥ករណី កើនឡើងច្រើនជាងករណីរកឃើញនៅថ្ងៃសុក្រ ដែលមានចំនួន ៣,០៣០ករណី។
ប្រជាជននៅក្នុងសង្កាត់ Haizhu នៃទីក្រុងក្វាងចូវ តម្រូវឱ្យទៅធ្វើតេស្តរកមេរោគកូវីដ១៩ នៅកន្លែងធ្វើតេស្តដែលនៅជិតបំផុត ឬបើពុំដូច្នោះទេ ពួកគេត្រូវតែស្នាក់នៅក្នុងផ្ទះ មិនអាចធ្វើដំណើរចេញទៅក្រៅបានឡើយ។ នេះបើតាមការប្រកាសរបស់អាជ្ញាធរប្រចាំតំបន់ តាមរយៈបណ្ដាញសង្គមរបស់ខ្លួន។ អាជ្ញាធរអនុញ្ញាតឱ្យសមាជិកម្នាក់នៅក្នុងគ្រួសារ អាចចាកចេញពីផ្ទះបាន ដើម្បីទៅទិញស្បៀងអាហារ។
សូមជម្រាបថា ទីក្រុងក្វាងចូវ ដែលមានចម្ងាយប្រមាណ១២០គីឡូម៉ែត្រ ភាគខាងជើងទីក្រុងហុងកុង បានសម្រេចបិទសាលារៀន ព្រមទាំងសេវាធ្វើដំណើរសាធារណៈនានា ដូចជារថយន្តក្រុង និងរថភ្លើងក្រោមដីនៅទូទាំងទីក្រុង បន្ទាប់ពីមានកំណើនឆ្លងជំងឺកូវីដ១៩។ មិនត្រឹមតែសាលារៀន និងសេវាធ្វើដំណើរសាធារណៈទេ សូម្បីតែជើងហោះហើរទៅកាន់រដ្ឋធានីប៉េកាំង និងទីក្រុងធំៗដទៃទៀតក៏ត្រូវលុបចោលអស់ដែរ។
វិធានការទាំងអស់នេះធ្វើឡើងដោយអនុលោមទៅតាមយុទ្ធសាស្ត្រ «កូវីដសូន្យ» ដាក់ចេញដោយរដ្ឋាភិបាលចិន ក្នុងបំណងលុបបំបាត់ជំងឺកូវីដ១៩។ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី ស៊ី ជីនពីង បានបដិសេធមិននាំចូលវ៉ាក់សាំងពីបរទេស និងបានប្រឆាំងនឹងសំណើដើម្បីបញ្ចេញព័ត៌មានបន្ថែមអំពីប្រភពនៃមេរោគ ដែលត្រូវបានរកឃើញដំបូងនៅក្នុងទីក្រុងវ៉ូហាន កាលពីចុងឆ្នាំ២០១៩៕ ដោយ៖ កែវ កិរិយា