សម្តេចតេជោ ប្រាប់ទូតមីយ៉ាន់ម៉ាថ្មី ឱ្យពិនិត្យមើលកិច្ចព្រមព្រៀងណាថ្មី ដែលអាចនឹង ចុះហត្ថលេខា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឲ្យឯកឧត្តម ធីត លីងអន ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសមីយ៉ាន់ម៉ាប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ។
ឯកឧត្តម ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់អ្នកយកព័ត៌មាននៅក្រោយជំនួបថា សម្តេចតេជោ បានស្វាគមន៍យ៉ាងកក់ក្ដៅ និងអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសមីយ៉ាន់ម៉ាប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយសម្ដេចសង្ឃឹមថាវត្តមានរបស់ឯកឧត្តមនៅក្នុងអាណត្តិនេះ នឹងជួយជំរុញថែមទៀត នូវទំនាក់ទំនងទ្វេភាគីរបស់ប្រទេសយើងទាំងពីរ។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតថ្មី បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោនាយក រដ្ឋមន្ត្រី ដែលបានផ្ដល់ឱកាសឲ្យឯកឧត្តមបានចូលជួបសម្តែងការគួរសម។ ឯកឧត្តមបានជម្រាបថា ឯកឧត្តមបានមកដល់កម្ពុជាកាលពីថ្ងៃទី១០ ខែសីហា ហើយបានថ្លែងសារតាំងចំពោះព្រះករុណា នៅថ្ងៃទី២១ ខែសីហា ហើយឯកឧត្តម បានសម្តែងនូវក្ដីរីករាយ ដែលបានមកបំពេញបេសកកម្មនៅ កម្ពុជា ហើយប្ដេជ្ញាថា នឹងខិតខំក្នុងការពូនជ្រុំនូវទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានស្រាប់ឲ្យកាន់តែរីកចម្រើនថែមទៀត ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថាប្រទេសយើងទាំងពីរ មានទំនាក់ទំនងយូរឆ្នាំណាស់មកហើយ ហើយនៅឆ្នាំក្រោយនេះ យើងហ្នឹងដល់ខួបទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយដែលយើងគួរតែពិនិត្យមើល តើយើងត្រូវធ្វើសកម្មភាពអ្វីខ្លះ ដើម្បីប្រារព្ធខួបអនុស្សាវរីយ៍នៃទំនាក់ទំនងការទូតរបស់ប្រទេសពីរ។ ជាមួយគ្នានេះដែរ យើងត្រូវពិនិត្យមើលនូវកិច្ចព្រមព្រៀងខ្លះ ដែលអាចនឹងចុះហត្ថលេខា ដើម្បីជំរុញនូវកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ជាពិសេស នៅក្នុងរូបនោះ នឹងមានអនុស្សរណៈមួយចំនួន ដែលមានរួចមកហើយ ត្រូវបន្តអនុវត្ត និង MOU ណាថ្មី ដែលយើងអាចបន្ថែមទៀត ដើម្បីបង្កើនកិច្ចសហការក្នុងវិស័យសេដ្ឋកិច្ច ក៏ដូចជា វិនិយោគ ទេសចរណ៍ ដែលជាចំណុចសំខាន់ ជាចំណុចស្នូល នៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសយើងទាំងពីរ។
សម្ដេចតេជោ បានកត់សម្គាល់ថា ទំហំពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរនៅតូចណាស់ ដែលមិនទាន់ស័ក្តិសមនឹងសក្ដានុពលដែលប្រទេសទាំង២មានទេ គឺសុំឲ្យប្រទេសទាំង២ ពិនិត្យមើលថែមទៀត ដើម្បីជំរុញនូវកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ចរបស់យើង។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា កន្លងមក ប្រទេសអាស៊ានយើង មិនសូវបានមើលទីផ្សារក្នុងតំបន់របស់យើងទេ គឺតែងតែយកចិត្តទុកដាក់ទៅលើទីផ្សារខាងក្រៅ ដែលនេះធ្វើឱ្យទំហំពាណិជ្ជកម្មរបស់យើងនៅតូច ដូច្នេះយើងគួរតែពិនិត្យមើលប្រទេសនៅក្នុងតំបន់អាស៊ានយើង ក្នុងការធ្វើពាណិជ្ជកម្មរវាងគ្នានឹងគ្នា ដើម្បីបង្កើតទីផ្សារយើងឲ្យកាន់តែទូលំទូលាយ ហើយយើងត្រូវពិនិត្យមើល តើអាចធ្វើអ្វីខ្លះទៀត ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរ ហើយយើងត្រូវពិនិត្យមើលជាពិសេស លើកិច្ចព្រមព្រៀងខ្លះ ដែលអាចជួយឲ្យទំហំពាណិជ្ជកម្មយើងកើនឡើងដូចជា កិច្ចព្រមព្រៀងស្ដីពីការមិនយកពន្ធត្រួតគ្នា កិច្ចព្រមព្រៀងគាំពារវិនិយោគ ដែលទាំងអស់នេះ ជាកត្តាជំរុញឲ្យអ្នកវិនិយោគ ក៏ដូចជាពាណិជ្ជករ មានទំនុកចិត្ត ហើយអាចរកស៊ីជាមួយគ្នា លើកទឹកចិត្តគេ ដើម្បីឲ្យកិច្ចសហប្រតិបត្តិការយើងកាន់តែមានទំហំធំឡើង។
សម្ដេចតេជោ មានប្រសាសន៍ទៀតថា កន្លងមក យើងមានកិច្ចព្រមព្រៀងក្នុងឱកាសនៃទស្សនកិច្ចរបស់លោកជំទាវ អ៊ុង សានស៊ូជី មកកម្ពុជាកន្លងមក គឺយើងមានកិច្ចព្រមព្រៀងខ្លះ និង MOU ខ្លះ ដែលយើងត្រូវការជំរុញអនុវត្តន៍។ កន្លងមក យើងបានបញ្ជូននិស្សិត ភាគច្រើនជាព្រះសង្ឃ ទៅបំពេញកម្មសិក្សា ឬក៏សិក្សាបន្ថែមនៅប្រទេសមីយ៉ាន់ម៉ា ជាពិសេសខាងព្រះពុទ្ធសាសនា ហើយក្នុងឱកាសទស្សនកិច្ចលោកជំទាវ អ៊ុង សានស៊ូជី កម្ពុជាបានសម្រេចផ្ដល់អាហារូបករណ៍ចំនួន១០ដល់និស្សិតមីយ៉ាន់ម៉ា ដូច្នេះសូមជំរុញការអនុវត្តផ្លាស់ប្ដូរនិស្សិតទៅវិញទៅមក។
ទាំងអស់នេះ ក៏ជាការជំរុញនូវទំនាក់ទំនងខាងផ្នែកសិក្សាធិការ ក៏ដូចជា ការជំរុញឲ្យមានទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ ក្រៅពីយន្តការទ្វេភាគី ប្រទេសយើងទាំងពីរ ក៏មានយន្តការតំបន់ និងអនុតំបន់មួយចំនួនដូចជា យន្តការនៅក្នុងអនុមហាតំបន់មេគង្គ GMS, វេទិការ CLMV Plus T (កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម ហើយឥឡូវនេះយើងបូកទាំងថៃ) និងវេទិការមួយទៀតគឺ ACMECS យន្តការទាំង៣នេះ គឺជាយន្តការអនុតំបន់ ដែលយើងក៏មានកិច្ចសហប្រតិបត្តិការជាមួយគ្នាផងដែរ។ ក្រៅពីនោះ ប្រទេសយើងទាំងពីរ ក៏បានធ្វើការជាមួយគ្នានៅក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិក្រៅតំបន់មួយចំនួន។
ក្រៅពីនោះ សម្ដេចតេជោ បានផ្ដល់អនុសាសន៍ទាក់ទងនឹងបញ្ហាជនភាសខ្លួននៅតំបន់រដ្ឋរ៉ាឃីន របស់មីយ៉ាន់ម៉ា គឺកម្ពុជា មានបទពិសោធន៍កន្លងមក ក្នុងការរៀបចំឲ្យមានការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនខ្មែរ ដែលបានរស់នៅលើទឹកដីថៃ ប្រមាណជា៣០ម៉ឺននាក់ វិលត្រឡប់មកវិញ នៅពេលដែលប្រទេសមានដំណោះស្រាយនយោបាយ និងមានសុខសន្តិភាព ហើយបទពិសោធន៍នេះ គឺថា វាត្រូវស៊ីពេលវេលា ហើយនឹងការរៀបចំត្រឹមត្រូវ ត្រូវមានរៀបចំជាផ្ទះសម្បែង រៀបចំដីធ្លី សម្រាប់ឱ្យគេវិលមក ហើយមានទំនុកចិត្ត គឺថា វិលមកដោយគ្មានការភ័យខ្លាច ហើយបញ្ហានេះ គឺយើងមានបទពិសោធន៍ ហើយជឿថា មីយ៉ាន់ម៉ាខ្លួនឯង ក៏ជួបបញ្ហានេះ ហើយរដ្ឋាភិបាលកម្ពុជា តែងតែគាំទ្រនូវដំណើរការរៀបចំការវិលត្រឡប់របស់ជនភៀសខ្លួនមីយ៉ាម៉ា ពីបង់ក្លាដេសមកវិញ។
ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណសម្ដេចតេជោ ដែលបានផ្ដល់នូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តម ក៏ដូចជាបានចែករំលែកនូវបទពិសោធន៍នានា ដែលឯកឧត្តមក៏បានជម្រាបសម្ដេចថា ឆ្នាំក្រោយ យើងនឹងរៀបចំខួបលើកទី៦៥ នៃទំនាក់ទំនងការទូតនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងប្ដេជ្ញាខិតខំយកចិត្តទុកដាក់ ជំរុញកិច្ចសហប្រតិបត្តិការនានាថែមទៀត ជាពិសេស នៅលើការធ្វើពាណិជ្ជកម្ម ទេសចរណ៍ការហោះហើរត្រង់ រវាងមីយ៉ាន់ម៉ា និងកម្ពុជា ការផ្លាស់ប្ដូរនិស្សិត ដែលមីយ៉ាន់ម៉ាកន្លងមក គឺបានទទួលនិស្សិតជាព្រះសង្ឃកម្ពុជា ទៅសិក្សានៅទីនោះដែរ។
ជាចុងក្រោយ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសូមឲ្យឯកអគ្គរដ្ឋទូត នាំនូវការសួរសុខទុក្ខ និងពរជ័យ ជូនចំពោះប្រធានាធិបតីមីយ៉ាន់ម៉ា ក៏ដូចជាទីប្រឹក្សារដ្ឋ លោកជំទាវ អ៊ុងង សានស៊ូជី ផងដែរ៕ធ.ដ




