ទីបំផុតកូនពៅនៃគ្រួសារ Vital មានចំណុះ 250mL ចេញលក់ជាផ្លូវការហើយ នៅលើទីផ្សារកម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុនផលិតទឹកពិសាគុណភាពខ្ពស់ និងឈានមុខគេ វីតាល់ បានធ្វើការសម្ពោធដាក់ចេញលក់ផលិតផលវីតាល់ចំណុះ 250mL ដោយបានប្រសិទ្ធនាមថា ជា “កូនពៅនៃគ្រួសារវីតាល់” ដែលមានរូបរាងថ្មី ប្លែក តូចជាងមុនជាមួយមុខងារសន្សំសំចៃច្រើន ដែលពិធីនេះធ្វើឡើងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ ស្ថិតនៅក្នុងសាលដ៏ធំទំនើបនៃផ្សារទំនើបអ៊ីអនសែនសុខស៊ីធី ដោយបានការទទួលសា្វគមន៍ពីសំណាក់ភ្ញៀវកិត្តិយសប្រមាណ៣០០នាក់។
ដោយសង្កេតមើលឃើញភាពជោគជ័យខ្ពស់ទាំងចំនួននៃការលក់ និងការទទួលស្គាល់នូវគុណភាព ក្នុងរយៈពេល៩ឆ្នាំ នៃវត្តមានរបស់វីតាល់ក្នុងទីផ្សារកម្ពុជា វីតាល់បានបញ្ចេញ ទឹកពិសាវីតាល់ចំណុះ២៥០ម.ល. ថ្មីនេះមានការរចនាដ៏ពិសេស ដែលធ្វើឲ្យទឹកចំណុះនេះមើលទៅប្លែក ស្រស់ស្អាត បង្ហាញពីកិត្តិយសខ្ពង់ខ្ពស់បំផុត និងមានបរិមាណសមស្របដែលស័ក្តិសមសម្រាប់ការប្រើប្រាស់ក្នុងកម្មវិធីជាច្រើន ដូចជាពិធីអាពាហ៌ពិពាហ៌ ពិធីបុណ្យបែបសាសនា និងសម្រាប់ទទួលភ្ញៀវកិត្តិយសតាមហាងទំនិញនានា និងតាមគេហដ្ឋានផងដែរ។
លោកស្រី កូវ ច័ន្ទនិច មន្រ្តីផ្នែកពាណិជ្ជសញ្ញានៃក្រុមហ៊ុនវីតាល់ បានមានប្រសាសន៍ថា វីតាល់ មានរីករាយជាពន់ពេក ដោយបានដាក់ចេញនូវផលិតផលថ្មី “កូនពៅ 250mL” នេះ។ វីតាល់ 250mL នេះលក្ខណៈប្លែកជាងចំណុះដទៃបន្តិច ដោយសារការរចនារំលេចឡើងតាមរូបរាងដប 1.5L ហើយមានមុខងារប្រើប្រាស់សន្សំសំចៃជាងមុន។ ជាទូទៅការចូលរួមកម្មវិធីធំៗផ្សេងៗ គឺការទទួលទានទឹក មានលក្ខណៈតិចតួច ហើយគេតែងតែបោះចោលដបទឹកដែលនៅសល់។
ជាហេតុបណ្ដាលឱ្យយើងសម្រេចចិត្តផលិតនូវចំណុះថ្មីសមស្រប ដើម្បីបំពេញតម្រូវការទីផ្សារផ្នែកនេះផងដែរ។ ពិធីសម្ពោធ «វីតាល់ 250mLថ្មី» បានប្រព្រឹត្តឡើងដោយមានការចូលរួមជាសក្ខីភាពពីម្ចាស់ដេប៉ូភេសជ្ជៈធំ-តូចជាច្រើននៅកម្ពុជា អ្នកសារព័ត៌មានគ្រប់ស្ថាប័ន តំណាងអតិថិជន ព្រមទាំងដៃគូសហការ ដែលមានសម្ព័ន្ធភាពល្អជាមួយក្រុមហ៊ុនវីតាល់ផងដែរ។
លោកជំទាវ ជឹង សុគន្ធាវី នាយិកាគ្រប់គ្រង និងតំណាងក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនវីតាល់ បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិជនវីតាល់ ជាពិសេសម្ចាស់ដេប៉ូភេសជ្ជៈទាំងឡាយ ដែលជានិច្ចកាលបានខិតខំប្រឹងប្រែងគាំទ្រចែកចាយវីតាល់ទៅកាន់ទីផ្សារទូទាំងព្រះរាជាណាចក្រកម្ពុជា បានយ៉ាងជោគជ័យ ធ្វើឲ្យសន្ទុះនៃកំណើនចរាចរណ៍វីតាល់លើទីផ្សារមានដំណើរឈានមុខគេ ហើយសង្ឃឹមយ៉ាងមុតមាំថា សម្រាប់ផលិតផលថ្មីនេះ នឹងមានការជួយបន្ថែមពីដៃគូពាណិជ្ជកម្មទាំងអស់ ក្នុងការរុញច្រានផលិតផលយើងតាមរយៈការបញ្ជ្រាប និងប្រាប់ដល់អតិថិជនពីគុណភាព គុណសម្បត្តិ និងផលប្រយោជន៏នៃទឹកវីតាល់២៥០ម.ល.នេះ។
វីតាល់ នឹងមិននៅស្ងៀមនោះទេ ព្រោះវីតាល់មានទស្សនវិស័យប្រែក្លាយខ្លួនជាក្រុមហ៊ុនជាតិឈានមុខល្អដាច់គេ លើវិស័យផលិតទឹកពិសា ទាំងទីផ្សារក្នុងស្រុក ព្រមទាំងក្រៅស្រុកផងដែរ។ វីតាល់ប្តេជ្ញាថានឹងបន្តខិតខំប្រឹងប្រែងបង្កើតកម្មវិធីថ្មីៗ និងល្អៗជាច្រើនទៀតដើម្បីបម្រើប្រជាជនកម្ពុជាឲ្យបានល្អបំផុត ហើយក៏ជាការតបស្នងទៅនឹងជំនឿចិត្តដែលប្រជាជនកម្ពុជាមានមកលើវីតាល់ «វីតាល់មោទនភាព ផលិតផលជាតិ»៕ធ.ដ








