នាយករដ្ឋមន្ត្រីជប៉ុន ស្នើឱ្យមានទំនាក់ទំនងល្អប្រសើរនឹងគ្នាក្នុងកិច្ចពិភាក្សាជាមួយសមភាគីចិន
ជប៉ុន៖នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានប្រាប់នាយករដ្ឋមន្ត្រីចិនលោក លី ខឺឈាំង ពីក្តីសង្ឃឹមរបស់លោកថា ប្រទេសទាំងពីរនឹងអាចខិតខំដើរឆ្ពោះទៅរកការកសាងទំនាក់ទំនងមួយដែលល្អប្រសើរ និងមានស្ថិរភាព។ នេះបើតាមការឱ្យដឹងពីក្រសួងការបរទេសជប៉ុន នៅថ្ងៃសៅរ៍ ទី១២ វិច្ឆិកា ឆ្នាំ២០២២។
ជាការឆ្លើយតបវិញ លោកនាយករដ្ឋមន្ត្រីចិន លី ក៏បានលើកឡើងពីសារៈសំខាន់នៃទំនាក់ទំនងជប៉ុន-ចិន ក្នុងអំឡុងពេលផ្លាស់ប្តូរទស្សនៈខ្លីៗរវាងប្រទេសទាំងពីរ ដែលបានធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បូកជាមួយនឹងប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង នៅកម្ពុជាដែរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយក្រសួងការបរទេសជប៉ុន។
នៅក្នុងសុន្ទរកថាឯកិច្ចប្រជុំអាស៊ានបូក៣ លោក គីស៊ីដា បានរំឭកឡើងវិញនូវទស្សនៈរបស់ប្រទេសជប៉ុនថា ការបាញ់មីស៊ីលបាលីស្ទិកនាពេលថ្មីៗនេះរបស់កូរ៉េខាងជើង រួមទាំងការបាញ់រំលងពីលើប្រទេសជប៉ុន គឺជាការគំរាមកំហែងជាក់ស្តែង និងធ្ងន់ធ្ងរចំពោះសហគមន៍អន្តរជាតិ និងថាទង្វើនេះមិនអាចទទួលយកបានឡើយ។
លោកប្រមុខរដ្ឋាភិបាលជប៉ុន ក៏បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសនានា ក្នុងការសម្រេចឲ្យបាននូវការរំសាយទាំងស្រុងមីស៊ីលបាលីស្ទិក និងអាវុធមហាប្រល័យរបស់កូរ៉េខាងជើង។
គួរជ្រាបថា បន្ទាប់ពីចូលរួមក្នុងជំនួបកំពូលអាស៊ាននៅរាជធានីភ្នំពេញនាចុងសប្តាហ៍នេះ លោកនាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអូ គីស៊ីដា នឹងបន្តដំណើរទៅចូលរួមជំនួបកំពូលក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G20 នៅឯកោះបាលីប្រទេសឥណ្ឌូណេស៊ី និងបន្ទាប់មកប្រទេសថៃ សម្រាប់កិច្ចប្រជុំមេដឹកនាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APEC។
ទូរទស្សន៍ NHK របស់ជប៉ុន បានរាយការណ៍ថាលោក គីស៊ីដា កំពុងរៀបចំត្រៀមដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីចិនលោក ស៊ីជីនពីង ក្នុងអំឡុងពេលនៃជំនួបកំពូល APEC នៅទីក្រុងបាងកកដែលចាប់ផ្តើមពីថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២២៕ ដោយ៖ លី លីយ៉ា