ប្រធានាធិបតីឥណ្ឌូណេស៊ី ចាប់ផ្តើមដាក់ឲ្យដំណើរការមូលនិធិជំងឺរាតត្បាតG20
ឥណ្ឌូនេស៊ី៖ នៅថ្ងៃអាទិត្យ ទី១៣វិច្ឆិកានេះ ក្នុងកម្មវិធីដាក់ឱ្យដំណើរការមូលនិធិជំងឺរាតត្បាតរបស់ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G20 ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ បាននិយាយថា មកទល់នឹងពេលនេះ ចំនួនទឹកប្រាក់រៃអង្គាសដើម្បីធ្វើឲ្យប្រសើរឡើងនូវការត្រៀមខ្លួនចំពោះជំងឺរាតត្បាតនាពេលអនាគត មិនទាន់គ្រប់គ្រាន់នៅឡើយទេ។
មូលនិធិដែលដាក់ឱ្យដំណើរការដោយប្រទេសឥណ្ឌូណេស៊ីដែលជាប្រធានកិច្ចប្រជុំកំពូល G20 គឺផ្តោតទៅលើប្រទេសដែលមានចំណូលទាបដល់មធ្យម ដើម្បីផ្តល់ហិរញ្ញប្បទានដល់កិច្ចខិតខំប្រឹងប្រែងជាច្រើន រួមមានដូចជា ការតាមដានឃ្លាំមើល ការស្រាវជ្រាវ និងការទទួលបានវ៉ាក់សាំងកាន់តែប្រសើរឡើងជាដើម។
ថ្លែងនៅក្នុងសុន្ទរកថាជាវីដេអូទៅកាន់ព្រឹត្តិការណ៍មួយនៅកោះបាលីជាទីដែលក្រុមប្រទេសG20 បើកជំនួបកំពូលនៅសប្តាហ៍នេះ លោកប្រមុខដឹកនាំឥណ្ឌូណេស៊ី បានលើកឡើងថា៖ «ខ្ញុំ រំពឹងថានឹងមានការគាំទ្រកាន់តែច្រើនឡើង»។
គួរជ្រាបថា មកទល់នឹងបច្ចុប្បន្ននេះ មូលនិធិជំងឺរាតត្បាត G20 បានរៃអង្គាសថវិកាបានប្រមាណ ១,៤ ពាន់លានដុល្លារ ក្នុងនោះរួមការរួមចំណែកពីប្រទេសឥណ្ឌូណេស៊ី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក៏ដូចជាពីម្ចាស់ជំនួយនានា និងអង្គការសប្បុរសធម៌ដូចជាមូលនិធិ Bill and Melinda Gates ជាដើម។
មូលនិធិនេះ ត្រូវបានបង្កើតឡើងចំពេលផ្ទុះមានការខឹងសម្បាក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ជុំវិញបទពិសោធរបស់ពួកគេក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ នៅពេលដែលក្រុមប្រទេសអ្នកមាន តែងតែទិញស្តុកទុកធនធានជាច្រើន ដូចជាវ៉ាក់សាំងជាដើមដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស។
ធនាគារពិភពលោកដែលនឹងបម្រើការជាអ្នកធានារបស់មូលនិធិ និងអង្គការសុខភាពពិភពលោក ដែលកំពុងផ្តល់ដំបូន្មានលើកិច្ចការទាក់ទងមូលនិធិនេះ បានប៉ាន់ប្រមាណនៅក្នុងរបាយការណ៍មួយថា គម្លាតថវិកាប្រចាំឆ្នាំសម្រាប់ការត្រៀមលក្ខណៈចំពោះជំងឺរាតត្បាតមានចំនួន ១០,៥ ពាន់លានដុល្លារ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូណេស៊ីលោកស្រី ស្រី ម៉ូលីយ៉ានី អ៊ីនដ្រាវ៉ាទី (Sri Mulyani Indrawati) បាននិយាយថា មូលនិធិនេះត្រូវបានគេរំពឹងថានឹងកើនឡើងទំហំទឹកប្រាក់ ជាមួយនឹងការរួមចំណែកពីប្រទេសបារាំង និងអារ៉ាប៊ីសាអូឌីត។ តែ លោកស្រី មិនបានបញ្ជាក់ប្រាប់នោះទេថាតើទឹកប្រាក់ដែលបរិច្ចាគពីប្រទេសទាំង២ មានចំនួនប៉ុន្មាន៕ ដោយ៖ លី លីយ៉ា