លោក អឺដូហ្គាន់៖ តួកគីកំពុងព្យាយាមបង្កើត “ច្រករបៀងសន្តិភាព” រវាងរុស្ស៊ី និងអ៊ុយក្រែន
អង់ការ៉ា៖ ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្គាន់ នៅថ្ងៃសៅរ៍ទី១២ ខែវិច្ឆិកា បានថ្លែងថា ប្រទេសរបស់លោកកំពុងព្យាយាមបើកកិច្ចសន្ទនាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ទោះបីជាលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក បង្ករឿងជាមួយទីក្រុងម៉ូស្គូក៏ដោយ។
លោក អឺដូហ្គាន់ បានប្រាប់អ្នកយកព័ត៌មាននៅលើជើងហោះហើរពីប្រទេសអ៊ូសបេគីស្ថានទៅកាន់ប្រទេសតួកគីថា ទីក្រុងអង់ការ៉ាកំពុងធ្វើការលើការបង្កើត “ច្រករបៀងសន្តិភាព” តាមរបៀបដែលខ្លួនអាចធ្វើឱ្យច្រករបៀងនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែនអាចដំណើរការឡើងវិញបាន។
លោក អឺដូហ្គាន់ បានបញ្ជាក់យ៉ាងដូច្នេះថា យើងគិតថា វិធីល្អបំផុតដើម្បីសម្រេចបានសន្តិភាព នោះគឺតាមរយៈផ្លូវនៃការសន្ទនា។ប៉ុន្តែសម្រាប់ពេលនេះ អ្វីដែលសំខាន់បំផុតសម្រាប់ពួកយើង គឺត្រូវដំណើរការច្រករបៀងនាំចេញគ្រាប់ធញ្ញជាតិឱ្យបានហ្មត់ចត់។
សូមរម្លឹកថា ដោយមានការសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងតួកគី គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ត្រូវបានឈានដល់នៅចុងខែកក្កដាកន្លងទៅ ដើម្បីបង្កើតច្រករបៀងមនុស្សធម៌ផ្លូវសមុទ្រនៅសមុទ្រខ្មៅ ដើម្បីនាំចេញគ្រាប់ធញ្ញជាតិ និងផលិតផលកសិកម្ម ចំពេលមានជម្លោះរុស្ស៊ី-អ៊ុយក្រែន៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា