អគ្គលេខាធិការអង្គការសហប្រជាជាតិ៖ ខ្ញុំនិងយកគ្រប់រឿងរ៉ាវដែលខ្ញុំស្តាប់ អំពីអ្នកដែលនៅរស់នៅក្នុងរបបឃោរឃៅនេះ ទៅប្រាប់ចៅស្រីរបស់ខ្ញុំ ដើម្បីឱ្យចៅស្រីរបស់ខ្ញុំអាចយករឿងរ៉ាវទាំងនេះទៅប្រាប់ដល់ចៅៗរបស់ពួកគេទៀត

ភ្នំពេញ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ(អ.ស.ប) លោក អាន់តូនីញ៉ូ គូតេរ៉េស បានគូសបញ្ជាក់ថា «ខ្ញុំនិងយកគ្រប់រឿងរ៉ាវដែលខ្ញុំស្តាប់ អំពីអ្នកដែលនៅរស់នៅក្នុងរបបឃោរឃៅនេះ ទៅប្រាប់ចៅស្រីរបស់ខ្ញុំ ដើម្បីអោយចៅស្រីរបស់ខ្ញុំអាចយករឿងរ៉ាវទាំងនេះទៅប្រាប់ដល់ចៅៗរបស់ពួកគេទៀត» ហើយការចងចាំនៅទីនេះគឺជាអ្វីដែលយើងមិនត្រូវបំភ្លេចជាដាច់ខាត។ លោកបន្ថែមថា តាមរយៈការហានទទួលស្គាល់ពីសញ្ញាប្រមានដំបូងៗនៃអំពើ ប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្ម ឃោរឃៅដទៃទៀត និងទទួលស្គាល់ពីតំលៃនៃបរិយាប័ន និងសេចក្តីថ្លៃថ្នូរយើងអាចកសាងមូលដ្ឋានគ្រឹះ សំរាប់អនាគតដែលភាពរន្ធត់បែបនេះមិនអាចកើតឡើងម្តងទៀត។

ការថ្លែងបែបនេះ ដល់អ្នកសារព័ត៌មាន របស់ លោក អាន់តូនីញ៉ូ គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) ធ្វើឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅក្នុងឱកាសអញ្ជើញធ្វើដំណើរទស្សនកិច្ចទៅកាន់ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង អំឡុងពេលលោកអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននិងអង្គការសហប្រជាជាតិ លើកទី១២ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានានៅរាជធានីភ្នំពេញ។

លោក អគ្គលេខាធិការរូបនេះ ក៏បានបន្ថែមថា វត្តមានរបស់ខ្ញុំមកទូលស្លែងនៅពេលនេះគឹដើម្បីគោរពវិញ្ញាក្ខន្ធជនរងគ្រោះ និងគោរពអ្នកដែលនៅរស់រានមានជីវិត ពីបទឧក្រិដ្ឋដ៏ឃោរឃៅ ដែលប្រព្រឹត្តនៅទូទាំងប្រទេសកម្ពុជា នៅអំឡុងសម័ខ្មែរក្រហម។ ទុក្ខវេទនាដែលបានកើតឡើងនៅ ចន្លោះជញ្ញាំងទាំងនេះគឺជារឿងសោកសង្រេក ដ៏សែនរន្ធត់និង គួរឱ្យភ្ញាក់ផ្អើល រឿងរ៉ាវ នៃការរស់រានមានជីវិត និងភាពរន្ធត់ គឺជារឿងរ៉ាវដ៏សែនរំជួលចិត្ត និងផ្តល់កម្លាំងចិត្តផងដែរ ។

ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណដល់សារៈមន្ទីរសំរាប់ការងារដ៏អស្ចារ្យ របស់ខ្លួនដើម្បីលើកកម្ពស់ ការយលើដឹងអំពីឧក្រិដ្ឋដ៏សាហាវទាំងនេះ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីធានាថា អំពើទាំងនេះមិនត្រូវកើតឡើងម្តងទៀតនោះឡើយ ។ អគ្គលេខដាធិការអង្គការសហប្រជាជាតិរបូបនេះ បានរំលឹកផងដែរថា អង្គជំនុំជំរៈវិសាមញ្ញក្នុងតុលាការកម្ពុជា បានទាមទារអោយមេដឹកនាំខ្មែរក្រហមជាច្រើននាក់ ទទួលខុសត្រូវចំពោះអំពើព្រៃផ្សៃទាំងនេះ និងបានផ្តល់ជាសំលេងដល់ជនរងគ្រោះ និងអ្នកដែលរស់ពីរបបទាំងនេះ។ សំលេងរបស់ពួកគេមានសារៈសំខាន់ជាងពេលណាណាទាំងអស់ នៅពេលដែការនិយាយដែលនាំអោយមានការស្អប់គ្នាការររើសអើងការយាយី កំពុងកើតឡើងនៅគ្រប់តំបន់នៅក្នុងពិភពលោក ។

ទូលស្លែងគឺជាការក្រើនរំលឹកដោយចាំបាច់សំរាប់យើងទាំងអស់គ្នា ឥដ្ឋនិងការ៉ូដែលប្រឡាក់ដោយឈាមនៅពេលនេះគឺជាការគឺជាការប្រមានដល់យើងទាំងអស់គ្នា ។ នេះគឺជាអ្វីដែលកើតឡើងនៅពេលដែលការស្អប់គ្នាកើតឡើងយ៉ាងខ្លាំង។ នេះគឺជាអ្វីដែលកើតឡើងនៅពេលដែលមនុស្សត្រូវបានគេធ្វើទុក្ខបុកម្នេញ ហើយសិទ្ធិមនុស្សត្រូវបានបដិសេធ។ ការរក្សាទុក ការចងចាំអ្នកដែលបានរងទុក្ខនិងស្លាប់នៅគុកទួលស្លែងគឺបញ្ជាក់ថាអំពើឃោរឃៅបែបនេះ និងមិនកើតឡើងម្តងទៀតនោះឡើយ។

គួរបញ្ជាក់ផងដែរថា សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងជាបូជនីយដ្ឋាននៃការចងចាំពីព្រឹត្តិការណ៍ដែលកើតឡើងក្នុងអតីត “មន្ទីរសន្ដិសុខ២១ ឬស-២១” ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(សម័យខ្មែរក្រហម)។ អតីតមន្ទីរឃុំឃាំងនេះ ស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញដែលស្ងាត់ជ្រងំ ក្រោយខ្មែរក្រហមជម្លៀសប្រជាជនទាំងអស់ចេញកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។សារមន្ទីរនេះស្ថិតនៅផ្លូវលេខ១១៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមឯកសារបង្ហាញថា មន្ទីរស‑២១ ជាមណ្ឌលកណ្តាលដ៏ធំមួយនៃប្រព័ន្ធគុកនៅទូទាំងប្រទេស ហើយគុកនេះក៏ជាកន្លែងសម្ងាត់សម្រាប់ឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងកំទេចអ្នកដែលត្រូវចាត់ទុកថាជា “អ្នកទោសនយោបាយ” របស់របបនេះ។ ខ្មែរក្រហមចាប់យកអ្នកទោសមកឃុំឃាំងទាំងក្រុមគ្រួសារដោយផ្អែកលើគោលនយោបាយដាក់កំហុសជាប្រព័ន្ធ។អ្នកទោសមួយចំនួនតូចត្រូវ ខ្មែរក្រហមដោះលែងក្រោយចាប់មកឃុំឃាំងនៅមន្ទីរស-២១ នៅក្រោមការគ្រប់គ្រងរបស់ខ្លួនចន្លោះឆ្នាំ១៩៧៥-១៩៧៩ ហើយក្នុង ចំណោមនោះមានតែជនរងគ្រោះ១២នាក់តែប៉ុណ្ណោះដែលមានជីវិតនៅពេលដែលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិបានរំដោះទីក្រុងភ្នំពេញ។ ក្នុងចំណោមជនរងគ្រោះ១២នាក់មានកុមារ៤នាក់។ មន្ទីរឃុំឃាំងស-២១ មានអ្នកទោសប្រមាណជាងមួយម៉ឺននាក់ត្រូវបានសម្លាប់នៅ មន្ទីរស-២១នេះ៕ ដោយ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner