ប្រធានាធិបតីឥណ្ឌូណេស៊ីចាប់ផ្តើម «មូលនិធិជំងឺរាតត្បាត G20» ស្វែងរកថវិកាបន្ថែម
ហ្សាកាតា៖ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បាននិយាយ កាលពីថ្ងៃអាទិត្យ ១៣ វិច្ឆិកា ក្នុងពិធីសម្ពោធមូលនិធិជំងឺរាតត្បាតក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ ហៅកាត់ថា G20 ថា ចំនួនទឹកប្រាក់ដែលបានលើកឡើងរហូតមកដល់ពេលនេះ ដើម្បីកែលម្អការត្រៀមខ្លួនសម្រាប់ជំងឺរាតត្បាត នាពេលអនាគត គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ។
មូលនិធិដែលដាក់ឱ្យដំណើរការដោយប្រធាន G20 ប្រទេសឥណ្ឌូណេស៊ី គឺផ្តោតទៅលើប្រទេសដែលមានចំណូលទាបដល់មធ្យម ដើម្បីផ្តល់ហិរញ្ញប្បទានដល់កិច្ចខិតខំប្រឹងប្រែងដូចជាការឃ្លាំមើល ការស្រាវជ្រាវ និងការទទួលបានវ៉ាក់សាំងកាន់តែប្រសើរឡើង ក្នុងចំណោមវិធានការផ្សេងទៀត។
លោកប្រធានាធិបតីបាននិយាយនៅក្នុងសុន្ទរកថា វីដេអូទៅកាន់ព្រឹត្តិការណ៍មួយ នៅកោះបាលីដែល G20 រៀបចំកិច្ចប្រជុំកំពូលនៅសប្តាហ៍នេះថា “ខ្ញុំរំពឹងថានឹងមានការគាំទ្រកាន់តែច្រើន” ។
មូលនិធិនេះបានរៃអង្គាសប្រាក់បានប្រហែល ១.៤ ពាន់លានដុល្លាររហូតមកដល់ពេលនេះ រួមទាំងការរួមចំណែកពីប្រទេសឥណ្ឌូនេស៊ី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក៏ដូចជាពីម្ចាស់ជំនួយ និងអង្គការសប្បុរសធម៌ដូចជាមូលនិធិ Bill and Melinda Gates ជាដើម។
មូលនិធិនេះត្រូវបានបង្កើតឡើងចំពេលមានការខឹងសម្បារក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនជុំវិញបទពិសោធន៍របស់ពួកគេ ក្នុងអំឡុងពេលជំងឺរាតត្បាត COVID-19 នៅពេលដែលប្រទេសអ្នកមានតែងតែស្តុកទុកធនធានភាគច្រើនដូចជាវ៉ាក់សាំងដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស។
ធនាគារពិភពលោក ដែលនឹងបម្រើការជាអ្នកធានារបស់មូលនិធិ និងអង្គការសុខភាពពិភពលោក (WHO) ដែលកំពុងផ្តល់ដំបូន្មានលើចំណុចនេះ បានប៉ាន់ប្រមាណនៅក្នុងរបាយការណ៍ថា គម្លាតថវិកាប្រចាំឆ្នាំសម្រាប់ការត្រៀមលក្ខណៈជំងឺរាតត្បាតមានចំនួន ១០.៥ ពាន់លានដុល្លារ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោកស្រី Sri Mulyani Indrawati បាននិយាយថា មូលនិធិនេះត្រូវបានគេរំពឹងថា នឹងកើនឡើងនៅក្នុងទំហំជាមួយនឹងការរួមចំណែកពីប្រទេសបារាំង និងអារ៉ាប៊ីសាអូឌីត។ ប៉ុន្តែលោកស្រី មិនបានបញ្ជាក់ថាប៉ុន្មាននោះទេ៕ ប្រភពពី CNA , ដោយ៖ សារ៉ាត


