ស្ត្រីម្នាក់ត្រូវជនមិនស្គាល់មុខសម្លាប់ប្លន់យកទ្រព្យសម្បត្តិ
ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញសពស្ត្រីវ័យ ចំណាស់ម្នាក់ក្នុងសភាពផ្កាប់មុខក្នុងស្រែដែលមាន ស្ថិតនៅភូមិក្រាំងព្រំប្រទល់ភូមិសិលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ។
យោងតាមសាច់ញាតិបានឱ្យដឹងថា សពស្ត្រី មានឈ្មោះ ម៉ៅ អិត អាយុ ៥៨ ឆ្នាំ ស្នាក់នៅ ភូមិក្រាំង សង្កាត់ទៀន ខណ្ឌដង្កោ ។
មុនពេលកើតហេតុពេលព្រឹកព្រលឹមស្ត្រីរងគ្រោះបានជិះកង់ទៅមើលទឹកស្រែនៅមិនឆ្ងាយពីភូមិប៉ុន្មានទេ ដោយជាប់ខ្លួនមានក្រវិល ចិញ្ជៀននិង លុយ៤០មម៉ឺនរៀល។នៅវេលាម៉ោងជាង ៧ព្រឹក ក៏មានបុរសពីរនាក់ជាកសិករដូចគ្នាបានធ្វើដំណើរឆ្លងកាត់ផ្លូវកន្លែងកើតហេតុ ក៏ប្រទះឃើញកង់ នៅកណ្តាលផ្លូវ។ចំណែកស្ត្រីរងគ្រោះបានផ្កាប់ មុខក្នុងទឹកស្រែក្បែរនោះ។ភ្លាមៗពួកគេបានស្រង់ស្ត្រីនោះឡើងព្យាយាមជួយសង្គ្រោះបឋមតែអកុសលគាត់បានស្លាប់បាត់ទៅហើយ។
ប្រភពដដែលបន្តថាដោយបុរសទាំងពីរបានស្គាល់ស្ត្រីរងគ្រោះខាងទើបទូរស័ព្ទប្រាប់ប្តីនិងកូនៗរបស់ស្ត្រីរងគ្រោះ រួមនិងប្តឹងសមត្ថកិច្ចចុះមកមើល។
ក្រោយទទួលបានព័ត៌មាននេះសមត្ថកិច្ចប៉ុស្តិរដ្ឋបាលទៀន រួមជាមួយកម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាន ខណ្ឌដង្កោ និងក្រុមជំនាញកោសល្យវិច្ច័យនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកដល់ទីតាំងកើតហេតុដើម្បីធ្វើការពិនិត្យជាក់ស្តែង ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ បានឱ្យដឹងថា បានបាត់ចិញ្ជៀនមួយគូ(៣ជីមាស) ក្រវិលមួយគូ(១ជីមាស)និងលុយ៤០ម៉ឺនរៀល ។
តាមការធ្វើកោសល្យវិច័យរបស់ក្រុមគ្រូពេទ្យជំនាញ បានបញ្ជាក់ថាការស្លាប់របស់ឈ្មោះ ម៉ៅ អិត គឺដោយការថប់ដង្ហើម(ឈ្លក់ទឹក) បន្ទាប់ពីជន សង្ស័យធ្វើសកម្មភាពចាប់ដើមដៃឆ្វេងសង្កត់កក្នុងទឹកបណ្តាលឱ្យឈ្លក់ទឹក៕ដោយ៖ ជីម ភារ៉ា


