សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកានេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូល G20 ក្រោមមូលបទ «ស្តារឡើងវិញទាំងអស់គ្នា ស្តារឡើងវិញ កាន់តែរឹងមាំ » ចាប់ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី តបតាមការអញ្ជើញរបស់ ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី។

តាមការគ្រោងទុក នៅក្នុងកិច្ចប្រជុំ G20 សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងបទអន្តរាគមន៍ក្នុងសម័យប្រជុំទី១ ស្តីពីសន្តិសុខស្បៀង និងថាមពល និងសម័យប្រជុំទី២ ស្តីពីបញ្ហាសុខភាព ដែលនឹងសង្កត់ធ្ងន់លើសារសំខាន់នៃពហុភាគីនិយម និងកិច្ចសហការគ្នាឆ្ពោះទៅរកគោលដៅនៃការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺរាតត្បាត Covid-19។ ក្នុងអំឡុងពេលស្នាក់នៅឥណ្ឌូនេស៊ី សម្តេចតេជោ នឹងជួបជាមួយបណ្ដាមេដឹកនាំមួយចំនួននៅទីនោះផងដែរ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធ ដែលបានយកចិត្តទុកដាក់ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងរៀបចំបានយ៉ាងល្អ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកន្លងទៅនេះទទួលបានជោគជ័យជាប្រវត្តិសាស្ត្រសម្រាប់កូនចៅយើងតជំនាន់។ សូមជូនពរ បងប្អូនជនរួមជាតិមាសុខភាពល្អចៀសផុតពីជំងឺកូវីដ-១៩។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលផ្សេងទៀត នឹងអញ្ជើញចូលរួម កិច្ចប្រជុំកំពូល G20 និងកិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC ពីថ្ងៃទី១៥-១៨ ខែវិច្ឆិកា ឆ្នាំ២០២២។

កិច្ចប្រជុំកំពូល G20 តបតាមការអញ្ជើញរបស់ ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូល G20 ក្នុងឆ្នាំ ២០២២ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

ក្រោមមូល បទនៃភាពជា ប្រធាន G20 របស់ឥណ្ឌូណេស៊ី «ស្តារឡើងវិញ ទាំងអស់គ្នា ស្តារ ឡើងវិញ កាន់តែរឹងមាំ » សម្តេចតេជោ នឹងថ្លែងបទអន្តរាគមន៍ក្នុងសម័យប្រជុំទី១ ស្តីពីសន្តិសុខស្បៀង និងថាមពល និងសម័យប្រជុំទី២ ស្តីពីបញ្ហាសុខភាព ដែលនឹងសង្កត់ធ្ងន់លើសារសំខាន់នៃពហុភាគី និយម និងកិច្ចសហការ គ្នាឆ្ពោះទៅរកគោលដៅ នៃការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺរាតត្បាត។

ក្នុងអំឡុងពេលនៃការស្នាក់នៅកោះបាលី សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកម្មវិធីអាហារពេលល្ងាចក្រៅផ្លូវការ ដែលរៀបចំដោយឯកឧត្តមប្រធានាធិបតីបារាំង ហើយក៏ រំពឹងថា នឹងមានជំនួបពិភាក្សា ទ្វេភាគីជាមួយប្រមុខ គណៈប្រតិភូមួយចំនួន ផងដែរ។

ការចូលរួមរបស់កម្ពុជានៅក្នុងកិច្ចប្រជុំកំពូលនៅឆ្នាំនេះ បង្ហាញពីតួនាទីដ៏សំខាន់របស់អាស៊ានក្នុងនិម្មាបនកម្ម តំបន់ និងការប្តេជ្ញាចិត្តរបស់ប្រធានអាស៊ានបច្ចុប្បន្ន ក្នុងការបន្ស៊ី និងបញ្ចូលគ្នារវាងអាទិភាពសំខាន់ៗរបស់អាស៊ានជាមួយនឹងអាទិភាពនានា របស់វេទិកាតំបន់ និងអន្តរជាតិផ្សេងទៀត ឆ្ពោះទៅរកសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

*កិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឋានៈជាភ្ញៀវរបស់ប្រធានកិច្ចប្រជុំកំពូល នឹងអញ្ជើញចូលរួមក្នុង «កិច្ចសន្ទនាក្រៅផ្លូវការរបស់ថ្នាក់ដឹកនាំ APEC ជាមួយភ្ញៀវ» នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងបាងកក តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ នឹងថ្លែងសុន្ទរកថា ក្នុងពិធីបើកកិច្ចសន្ទនាក្រៅផ្លូវការនេះ ដោយផ្តោតលើការរីកចម្រើនប្រកបដោយចីរភាព។ សម្តេច តេ ជោ ក៏ នឹង ថ្លែង សុន្ទរកថានៅក្នុង សម័យ ប្រជុំ ទី២ ស្តីពី «ការលើកកម្ពស់ ពាណិជ្ជកម្ម និង ការវិនិយោគ ប្រកបដោយចីរភាព រវាង APEC និង ដៃគូ ពាណិជ្ជកម្ម »។ បទ អន្តរាគមន៍របស់សម្តេចតេជោ នឹងរួមចំណែកដល់កិច្ចពិភាក្សាស្តីពីការរីកចម្រើន ប្រកបដោយចីរភាព និងការបង្កើន កិច្ចសហប្រតិបត្តិការរវាង APEC និងដៃគូខាងក្រៅរបស់ខ្លួន ស្របតាមមូលបទ APEC ឆ្នាំ២០២២ «ការបើកចំហរ ការតភ្ជាប់ និងតុល្យភាព»។
អំឡុងពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូល APEC សម្តេចតេជោនាយករដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំ APEC ផ្សេងទៀត នឹងអញ្ជើញចូលគាល់ ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន ព្រះវ៉ាជីរ៉ាក់ក្លៅចៅយូហួរ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ និងសម្ដេចព្រះមហាក្សត្រី ស៊ុធីតា ផាត់ឆៈរៈស៊ុថាភិម៉ុនឡាក់សៈណៈ នៅក្នុងព្រះបរមរាជវាំង។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតី បារាំង Emmanuel MACRON នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ វណ្ណលុក

ads banner