ឯកសារចំនួន១០០ច្បាប់ ទាក់ទងនឹងកិច្ចប្រជុំកំពូលអាស៊ាន នឹងដាក់តម្កល់នៅតាមបណ្ណាល័យនានា សម្រាប់ការសិក្សាស្រាវជ្រាវ
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានឹងធ្វើការរក្សាឯកសារចំនួន១០០ឯកសារដែលបានសម្រេចក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ រួមនឹងកិច្ចប្រជុំពាក់ព័ន្ធនានា ទុកនៅតាមបណ្ណាល័យនានា សម្រាប់កូនចៅជំនាន់រៀនសូត្របន្ថែម។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំនៃប្រទេសក្នុងអាស៊ាននិងប្រទេសមហាអំណាចដែលបានចូលរួមក្នុងកិច្ចប្រជុំអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធនានា កាលពីថ្ងៃទី៨ដល់ទី១៣ ខែវិច្ឆិកា កន្លងមកនេះ បានធ្វើការកោតសរសើរនិងអបអរសាទរកម្ពុជាចំពោះភាពជោគជ័យក្នុងតួនាទីជាប្រធានអាស៊ាន។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនាសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា បន្ទាប់ពីប្រកាសបិទបញ្ចប់កិច្ចប្រជុំអាស៊ានលើកទី៤០ និង៤១ ថា កម្ពុជាទទួលបានពីការប្រជុំអាស៊ាននេះគឺកិត្យានុភាពដែលខ្លួនត្រូវរ៉ាប់រងក្នុងឋានៈជាប្រធានអាស៊ានប្តូរវេទ និងដែលបានបំពេញសព្វគ្រប់នូវកាតព្វកិច្ចក្នុងឋានៈជាសមាជិកដែលមានការទទួលខុសត្រូវ។
សម្តេចតេជោមានប្រសាសន៍ថា ៖ «ដល់វេនយើងធ្វើប្រធាន យើងបំពេញកិច្ចការជាប្រធានបានដោយជោគជ័យ ដោយធ្វើការក្នុងការប្រជុំក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គ្មានការតឹងសរសៃកណាមួយដាក់គ្នាទាល់តែសោះ។ ផលប្រយោជន៍ដែលកម្ពុជាទទួលបានគឺកិត្យានុភាពដែលទុកជាប្រវត្តិសាស្រ្តសម្រាប់កូនចៅជំនាន់ក្រោយ។ លុយយើងអាចចាយអស់នៅក្នុងមួយថ្ងៃឬមួយឆ្នាំ ប៉ុន្តែកេរ្តិ៍តំណែលដែលយើងរកបានក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ចាយមិនអស់ទេ»។
ក្នុងនោះដែរសម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរពីឯកសារដែលអាស៊ានសម្រេចបានក្នុងកិច្ចប្រជុំប៉ុន្មានថ្ងៃនេះ រហូតមានទៅដល់១០០ឯកសារដែលបានសម្រេច។សម្ដេចតេជោបានមានប្រសាសន៍ថា ៖ «១០០ឯកសារដែលបានសម្រេចនៅក្នុងទីក្រុងភ្នំពេញ គឺយើងនឹងទុកនៅតាមបណ្ណាល័យនានាសម្រាប់កូនចៅយើងរៀនសូត្រនៅពេលក្រោយ ដែលនោះហើយគឺជាផលប្រយោជន៍ ចំណែកឯក្រៅពីនោះ យើងក៏បានពង្រឹងនូវកិច្ចសហប្រតិបត្តិជាមួយដៃគូក្នុងអាស៊ានរបស់យើងផងដែរ»។
ទាក់ទងនឹងចំណុចនទាំងនេះ លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងដោយលោកបានធ្វើការវាយតម្លៃផងដែរថាកម្ពុជាបានសម្រេចជោគជ័យដ៏ធំសម្បើមក្នុងឋានៈជាប្រធានអាស៊ាន ដែលក្នុងនោះមានដូចជាការគ្រប់គ្រងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំពិភពលោក ថ្នាក់ដឹកនាំអាស៊ាន ក្នុងការចូលរួមប្រជុំអាស៊ាននេះ។
លោកបានប្រាប់ថា ៖ «ជោគជ័យមួយទៀតដែលយើងអាចបង្ហាញដល់ពិភពលោកផងដែរថាយើងពិតជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំជំនួបកំពូលដ៏ធំនេះ ដែលមានទាំងថ្នាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៅប្រទេសមហាអំណាចផុតលេខ និងប្រទេសក្នុងតំបន់ បានចូលរួមប្រជុំដោយសុខ សុវត្ថិភាព»។
ទាំងអស់នេះបានសម្រេចឱ្យមាននូវសមិទ្ធផលជាច្រើន ក្នុងនោះមានឯកសាររហូតដល់១០០ឯកសារ ដែលសម្រាប់ជាផលប្រយោជន៍របស់កម្ពុជា អាស៊ាន និងពិភពលោក ហើយជាពិសេសគឺជាផលប្រយោជន៍សម្រាប់ក្មេងៗជំនាន់ក្រោយផងដែរក្នុងការសិក្សាស្វែងរកពីអ្វីដែលកម្ពុជាបានធ្វើ គឺមិនមែនតែសម្រាប់ជំនាន់នេះទេ ប៉ុន្តែសម្រាប់ជំនាន់ក្រោយៗទៀតផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមពី លោក យង់ ពៅ។
លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានធ្វើការសាទរដល់សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការទទួលបានជោគជ័យលើការធ្វើជាម្ចាស់ផ្ទះនៃការប្រជុំអាស៊ានឆ្នាំ២០២២នេះ។
លោកបានលើកឡើងដូចនេះតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៣ ខែវិច្ឆិកា ស្តីពីជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងលោក អាន់តូនីញ៉ូ ហ្គូតេរ៉េស។
សេចក្តីប្រកាសបានឱ្យដឹងថា ៖ «លោក ហ្គូតេរ៉េស បានសាទរសម្តេចតេជោ ហ៊ុន សែនដែលបានទទួលជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះ និងជាប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ រួមនឹងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិផងដែរ»៕ដោយ៖នាង សុគន្ធា