អ៊ីរ៉ង់​​កាត់ទោស​​ប្រហារ​​ជីវិត​​ជា​​​​​លើក​​ដំបូង ​​ជុំ​វិញ​​ការ​​តវ៉ា​ដែល​ផ្ទុះ​ឡើង​​​ក្រោយ​ការ​ស្លាប់​របស់​នា​ង​ Mahsa Amini

អ៊ីរ៉ង់៖អ៊ីរ៉ង់​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​១៣ ​ខែ​វិច្ឆិកា​​ បាន​ចេញ​សាលក្រម​កាត់​ទោស​ប្រហារ​ជីវិត​លើក​ដំបូង​របស់​ខ្លួន​ជុំ​វិញ​ការ​តវ៉ា​ ​ដែល​ធ្វើ​ឱ្យ​កក្រើក​​សាធារណ​រដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់ ​​​ ខណៈ​ក្រុម​សិទ្ធិ​មនុស្ស​បាន​ព្រមានថា​ ​ទណ្ឌិត​ផ្សេង​ទៀត​ប្រឈម​មុខ​​​នឹង​ការ​ប្រហារ​ជីវិត​យ៉ាង​ប្រញាប់​ប្រញាល់​។​

ការ​កាត់​ទោស​នៅ​ថ្ងៃ​អាទិទ្យ​នេះ​ ​ធ្វើ​ឡើង​​ស្រប​ពេល​ដែលការ​តវ៉ា​បាន​ផ្ទុះ​ឡើង​ និង​បន្ត​អូស​បន្លាយ​​​​តាំង​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា ​ដោយ​សារ​តែ​ការ​ស្លាប់​របស់​នាង​ ​​Mahsa Amini ​ដែល​​​ប៉ូលីស​សីលធម៌​ខ្លួន​ចំពោះ​ការ​ «​ពាក់​ហ៊ីចាប​មិន​សម​សម្យ​»​។

​​​គេហទំព័រ​​តុលាការ​ Mizan Online ​បាន​រាយការណ៍​ថា​ ​ជន​ជាប់​ចោទ​​មិន​ស្គាល់​អត្ត​សញ្ញាណ​ ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត​នៅ​ក្នុង​តុលាការ​ក្រុង​តេអេរ៉ង់​ពី​បទ​ឧក្រិដ្ឋកម្ម៖​ «​ដុត​អគារ​រដ្ឋាភិបាល​ រំខាន​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ ​​ប្រមូល​ផ្តុំ​ និង​​​សម​គំនិត​ដើម្បី​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ប្រឆាំង​នឹង​សន្តិសុខ​ជាតិ​»  ​ក៏​ដូច​ជា​ «​ក្នុង​នាម​​ជា​សត្រូវ​របស់​ព្រះ ​និង​​ប្រព្រឹត្ត​​អំពើ​ពុក​រលួយ​នៅ​លើ​ផែនដី​»​។​

ជាមួយ​គ្នា​នោះ​ Mizan Online ​បាន​រាយការណ៍​​ថា​ តុលាការ​​​មួយ​​ផ្សេង​ទៀត​នៅ​ក្នុង​ទីក្រុង​តេអេរ៉ង់​​ ​បាន​កាត់​ទោស​មនុស្ស​៥​នាក់​ផ្សេង​ទៀត​ ឱ្យ​ជាប់​ពន្ធនាគារ​ពី​ ៥​ ឆ្នាំ​ទៅ​ ១០​ ឆ្នាំ​ ពី​បទ​​ «​ប្រមូល​ផ្តុំ​ និង​សម​គំនិត​ ក្នុង​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​សន្តិសុខជាតិ​ និង​​រំខាន​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ»​។​

​កាល​ពី​ដើម​ខែ​វិច្ឆិកា​នេះ ​សមាជិក​សភា​​អ៊ីរ៉ង់​​​ចំនួន​ ២៧២​ នាក់​ ក្នុង​ចំណោម​សមាជិក​សភា​ទាំង​​ ២៩០​​ ​បាន​ទាមទារ​ឱ្យ​តុលាការ​អនុវត្ត​ទោស​ប្រហារ​ជីវិត​​​សង​សឹក​ចំពោះ​អ្នក​ដែល​«​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​​ និង​ទ្រព្យ​សម្បត្តិ​របស់​ប្រជាជន​ដោយ​​​​ប្រើ​អាវុធ​ធ្វើ​ដោយ​ដៃ​ ឬ​អាវុធ​ជាតិ​ផ្ទុះ​»។

គួរ​បញ្ជាក់​ថា​ ការ​តវ៉ា​ដែល​ផ្ទុះ​ឡើង​ក្រោយ​ការ​ស្លាប់​របស់​នាង​​​​ Mahsa Amini  ​ជំរុញ​ឱ្យ​អាជ្ញាធរ​បញ្ចេញ​ការ​បង្រ្កាប​ ដោយ​ការ​ចាប់​​ឃុំ​ខ្លួន​មនុស្ស​រាប់​ពាន់​នាក់​​ ហើយ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​អ៊ីរ៉ង់​រង​ការ​ថ្កោល​ទោស​ និង​ទណ្ឌកម្ម​បន្ថែម​ពី​សហគមន៍​អន្តរជាតិ​។ ​អ្នក​តវ៉ា​ខ្លះ​ ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ ដែល​អាច​​​ប្រឈម​មុខ​នឹង​ការ​កាត់​ទោស​ប្រហារ​ជីវិត​​​ ខណៈ​ដែល​អ៊ី​រ៉ង់​ត្រូវ​បាន​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​​​ចង​ក្រង​ថា​ ជា​ប្រទេស​អនុវត្ត​ទោស​ប្រហារ​ជីវិតមនុស្ស​​​​ច្រើន​ជាង​គេ​ជា​​រៀង​រាល់​ឆ្នាំ​ ជាង​ប្រទេស​ណា​ៗ​ទាំង​អស់​​លើក​​លែង​តែ​​​​ចិន​។​

​នាយក​អង្គការ​សិទ្ធិ​មនុស្ស​អ៊ីរ៉ង់​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ន័រវេស​ លោក​​​ Mahmood Amiry-Moghaddam ​បាន​​អះ​​អាង ដោយ​លើក​ឡើង​ពី​ទិន្នន័យ​ផ្លូវ​ការ​​ថា​ មនុស្ស​យ៉ាង​ហោច​ណាស់​ ២០​ នាក់​ឥឡូវ​នេះ​ ​​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ដែល​ផ្តន្ទាទោស​ប្រហារ​ជីវិត​។

លោក Moghaddam ​​បាន​​ប្រាប់​ទីភ្នាក់​ងារ​សារព័ត៌មាន​ AFP ​ថា​៖​ «​យើង​​មាន​​ការ​​ព្រួយ​​បារម្ភ​​យ៉ាង​​ខ្លាំង​​​ថា​ ការ​​កាត់​​ទោស​​ប្រហារ​​ជីវិត​ ​អាច​​នឹង​​ត្រូវ​​បាន​​អនុវត្ត​​យ៉ាង​​ប្រញាប់​​ប្រញាល់​»​។​ លោក​បន្ត​ថា​៖ «​​សហគមន៍​អន្តរជាតិ​ ត្រូវ​តែ​ផ្ញើ​ការ​ព្រមាន​ខ្លាំង​ៗ​ទៅ​កាន់​អាជ្ញាធរ​អ៊ីរ៉ង់​ថា​ ការ​អនុវត្ត​ការ​កាត់​ទោស​ប្រហារ​ជីវិត​ចំពោះ​បាតុករ​ មិន​អាច​ទទួល​យក​បាន​ទេ​ ហើយ​នឹង​មាន​ផល​វិបាក​យ៉ាង​ធ្ងន់​ធ្ងរ​»​៕

ដោយ៖ហួន ឌីណា ប្រភព៖ Iran says issues first death sentence over protests

ads banner