ស្ថាប័នជំនាញប្ដេជ្ញារួមគ្នាជួយប្រជាកសិករ ដើម្បីជំរុញការចិញ្ចឹមត្រីលក្ខណៈគ្រួសារ
ភ្នំពេញ៖ស្ថាប័នពាក់ព័ន្ធ ដែលកំពុងធ្វើការលើវិស័យជលផលនៅកម្ពុជា បានជំរុញឱ្យរួមគ្នាត្រូវស្វែងរកវិធីដោះស្រាយជូនប្រជាកសិករ ដើម្បីលើកកម្ពស់ការចិញ្ចឹមត្រីលក្ខណៈគ្រួសារបន្ថែមទៀត។ ការលើកនេះ ត្រូវបានបង្ហាញឡើងក្នុងសិក្ខាសាលាស្ដីពីលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍខ្សែច្រវាក់តម្លៃត្រី និងគម្រោងវារីវប្បកម្មនៅកម្ពុជា ដោយមានការចូលរួមពីតំណាងទីភ្នាក់ងារអភិវឌ្ឍបារាំង (AFD), រដ្ឋបាលជលផល អង្គការសង្គមស៊ីវិល រដ្ឋបាលខេត្តសៀមរាប និងដៃគូរពាក់ព័ន្ធជាច្រើនទៀត ដែលប្រារព្ធឡើងនាខេត្តសៀមរាប កាលពីពេលថ្មីៗនេះ។
នាយិកាអង្គការអ្នកត្រួសត្រាយនៃកម្ពុជា លោកស្រី ចេប ម៉ាលីបុប្ផា បានលើកឡើងថា បច្ចុប្បន្នអង្គការលោកស្រី កំពុងសាកល្បងគម្រោងអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃត្រី និងគម្រោងវារីវប្បកម្មនៅកម្ពុជា ដើម្បីរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងការលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតាមជនបទ តាមរយៈការរួមបញ្ចូលគ្នានៃការអភិវឌ្ឍន៍បច្ចេកទេសចិញ្ចឹមត្រីតាមបែបក្សេត្របរិស្ថាន ហើយឆ្លើយតបជាមួយនឹងទីផ្សារក្នុងតំបន់។
លោកស្រីបញ្ជាក់ថា ៖« បច្ចេកទេសចិញ្ចឹមត្រីក្នុងស្រែ មិនមែនជាបច្ចេកទេសថ្មីទាំងស្រុងសម្រាប់ប្រទេសយើងនោះទេ ព្រោះមានអង្គការផ្សេងទៀតបាននាំយកបច្ចេកទេសនេះ មកអនុវត្តជាច្រើនឆ្នាំមកហើយ។ យ៉ាងណា លោកស្រី សង្ឃឹមថា តាមរយៈគម្រោងនេះ នឹងជួយដោះស្រាយបញ្ហាប្រឈមរបស់កសិករ លើមុខរបរចិញ្ចឹមត្រី ព្រមទាំងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រក្នុងតំបន់គោលដៅនៃប្រទេសកម្ពុជាផងដែរ»។
ពាក់ព័ន្ធនឹងការលើកឡើងនេះ អភិបាលរងខេត្តសៀមរាប លោក អ៉ឹង គឹមលាង បានគូសបញ្ជាក់ថា ការចិញ្ចឹមត្រីលក្ខណៈគ្រួសារ ក្រៅពីបានដើរតួយ៉ាងសំខាន់នៅក្នុងសន្តិសុខស្បៀងហើយនោះ សកម្មភាពនេះ ក៏ជាយុទ្ធសាស្រ្តមួយដ៏សំខាន់ក្នុងការអភិវឌ្ឍន៍សហគមន៍កម្ពុជាផងដែរ ។ លោកថា កន្លងមក ដើម្បីបំពេញតម្រូវការហូបចុកក្នុងគ្រួសារកសិករ បានព្យាយាមប្រើប្រាស់ស្រះ ឬ អាងស្តុកទឹក ដើម្បីចិញ្ចឹមត្រីផងដែរ។
លោកបានបញ្ជាក់ដូច្នេះថា៖« នៅក្នុងដំណើរការការចិញ្ចឹមត្រីលក្ខណៈគ្រួសារនេះ កន្លងមកមានបញ្ហាប្រឈមជាច្រើនដែលកសិករយើងបានជួបប្រទះ មានដូចជា ខ្វះចំណេះដឹងក្នុងការសិក្សាពីតម្រូវការទីផ្សារក្នុងនិងក្រៅស្រុក ការខ្វះខាតទឹកនៅរដូវប្រាំង ទឹកជំនន់នៅរដូវវស្សា និងថ្លៃដើមផលិតខ្ពស់ ហើយទាំងអស់នេះ គឺជាអ្វីដែលយើងជាអ្នកមានសមត្ថកិច្ច ត្រូវស្វែងរកវិធីដោះស្រាយជូនប្រជាកសិករយើង»។
ជាការឆ្លើយតប លោក ហាវ វិសិដ្ឋ តំណាងនាយកដ្ឋានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា កន្លងមករដ្ឋបាលជលផល និងដៃគូរពាក់ព័ន្ធ បានអនុវត្តគម្រោងជាច្រើនដើម្បីលើកកម្ពស់វិស័យជលផល ដូចជា៖ គម្រោងធនធានជលផលតាមវាលស្រែនៃកម្មវិធីសន្តិសុខស្បៀង សម្រាប់អនាគតនៅកម្ពុជា ដំណាក់កាលទី១ និងដំណាក់កាលទី២ គម្រោងលើកកម្ពស់ជីវភាព និងអាហារូបត្ថម្ភតាមរយៈវារីវប្បកម្ម ។ល។ លោកថា តាមរយៈគម្រោងទាំងនេះ គឺជលផលមានចក្ខុវិស័យចង់ឃើញគ្រួសារកសិករគោលដៅទំាងឡាយរស់នៅប្រកបដោយភាពពេញបរិបូរណ៍ ឈានទៅលើកកម្ពស់កម្រិតជីវភាព និងសុវត្ថិភាពស្បៀង ។
បើតាមក្រសួងកសិកម្ម គិតមកដល់បច្ចុប្បន្ននេះ កម្ពុជា មានវារីវប្បករសរុបចំនួន ៤៦,០០០ ក្នុងនោះគ្រួសារដែលធ្វើវារីវប្បកម្មក្នុងស្រះសរុបចំនួន ៤១ ៩៣៩ និងគ្រួសារធ្វើវារីវប្បកម្មក្នុងបែមានចំនួន ៤ ០៦១។ តាមរបាយការណ៍ពីរដ្ឋបាលជលផល ធ្លាប់បានឱ្យដឹងថា ក្នុង១ឆ្នាំប្រជាជនកម្ពុជាបរិភោគសាច់ត្រីសរុបជិត១លានតោន ខណ:ដែលជាគោលការណ៍របស់រដ្ឋបាលជលផលមិនអនុញ្ញាតឱ្យចាប់ត្រីធម្មជាតិមកពីគ្រប់ប្រភពទឹកដូចជា ចាប់ត្រីពីវាលស្រែ បឹងបួរ នឹងប្រភពទឹកផ្សេងៗលើសពី ៦០០ពាន់តោនឡើយ។ ដូច្នេះ មានតែការធ្វើវារីវប្បកម្មប៉ុណ្ណោះ ទើបបំពេញតម្រូវការហូបចុករបស់ប្រជាពលរដ្ឋបានគ្រប់គ្រាន់ ពិសេសជួយលើកម្ពស់ខ្សែច្រវាក់ផលិតកម្ម ការកែច្នៃ បង្កើនតម្លៃបន្ថែម និងចំណូលគ្រួសារកសិករកម្ពុជា៕
ដោយ៖ បូរ ពេជ្រហ្សាលីន