អ៊ុយក្រែនចោទប្រកាន់កងទ័ពរុស្ស៊ី ថាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅឃឺរសុន
អ៊ុយក្រែន៖ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ូឌីមៀរ ហ្សេលេនស្គី បានចោទប្រកាន់កងទ័ពរុស្ស៊ីកាលពីថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកានេះថា បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងសម្លាប់ជនស៊ីវិលនៅទីក្រុងឃឺរសុន ដែលអ៊ុយក្រែនទើបដណ្ដើមបានផ្នែកខ្លះៗមកវិញ ក្រោយកងទ័ពរុស្ស៊ីដកចេញ។
លោក ហ្សេលេនស្គី ថ្លែងយ៉ាងដូច្នេះថា៖ «អ្នកស៊ើបអង្កេតបានចងក្រងឯកសារឧក្រិដ្ឋកម្មសង្គ្រាមរបស់រុស្ស៊ីជាង ៤០០ ករណីរួចមកហើយ។ សាកសពជនស៊ីវិល និងទាហានដែលបានស្លាប់ត្រូវបានគេរកឃើញ»។ លោកបន្ត៖ «កងទ័ពរុស្ស៊ី បានបន្សល់ទុកនូវអំពើព្រៃផ្សៃដូចគ្នា ដែលពួកគេបានធ្វើនៅក្នុងតំបន់ផ្សេងទៀតនៃប្រទេស(អ៊ុយក្រែន)ដែលពួកគេលុកលុយ» ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១នោះទេ ដែលអ៊ុយក្រែនចោទប្រកាន់រុស្ស៊ីពីបទឧក្រិដ្ឋកម្មសង្រ្គាម។ កាលពីរុស្ស៊ីដកទ័ពចេញពីតំបន់កៀវនៅចុងខែមីនា អ៊ុយក្រែនបានរកឃើញសាកសពជនស៊ីវិលជាង ៤៥០ នាក់ ដែលត្រូវបានសម្លាប់ដោយការបាញ់ចោល និងទារុណកម្មពីកងទ័ពរុស្ស៊ី។ ហើយកាលពីខែកញ្ញា អ៊ុយក្រែនក៏បានរកឃើញរណ្ដៅកប់សពជនស៊ីវិលជាង ៤០០ នាក់នៅក្រុងអ៊ីហ្សយូម បន្ទាប់ពីរុស្ស៊ីដកទ័ពចេញពីតំបន់ខាកៀវ។ មេដឹកនាំអ៊ុយក្រែនម្ដងហើយម្ដងទៀត បានចោទប្រកាន់កងទ័ពរុស្ស៊ី ដោយនិយាយថា កងទ័ពរុស្ស៊ីទៅដល់ណា ពួកគេនឹងបន្សល់ទុកសាកសពនៅទីនោះ។
ទោះបីជាយ៉ាងណាក៏ដោយ កន្លងមក រុស្ស៊ីតែងតែទទូចថា ទាហានរបស់ខ្លួនមិនមានចេតនាកំណត់លើគោលដៅជនស៊ីវិលនោះទេ ហើយថា ការរកឃើញរបស់អ៊ុយក្រែនគឺជាការរៀបចំសម្ដែង បើទោះបីជាមានអង្គការសិទ្ធិមនុស្សជាច្រើន រួមទាំងអង្គការសហប្រជាជាតិ បានកត់ត្រាករណីដ៏ឃោឃៅរដែលកងទ័ពរុស្ស៊ីបន្សល់ទុកក៏ដោយ។
សង្រ្គាមឈ្លានពានដែលចាប់ផ្ដើមនៅចុងខែកុម្ភៈរបស់រុស្ស៊ី មិនត្រឹមតែបន្សល់សាកសពប៉ុណ្ណោះទេ តែវាក៏បន្សល់ផងដែរនៅការខូចខាតយ៉ាងដំណំនៃហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ស៊ីវិលផ្សេងៗរបស់អ៊ុយក្រែន។ ក្រុមមន្ត្រីក្នុងតំបន់បានអះអាងថា ក្រុមហ៊ុនផ្ដល់សេវាកម្មលើឧបករណ៍ប្រើប្រាស់នៅក្នុងតំបន់ឃឺរសុន ដែលជាទីរួមតំបន់ឃឺរសុន កំពុងធ្វើការដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលរងការខូចខាត និងត្រូវបានកងទ័ពរុស្ស៊ីដាក់មីន ស្របពេលដែលផ្នែកជាច្រើននៃទីក្រុងគ្មានទឹក និងភ្លើងប្រើប្រាស់។
ក្នុងសេចក្ដីសង្ខេបព័ត៌មានថ្ងៃអាទិត្យនោះ លោក ហ្សេលេនស្គី ក៏បានព្រមានប្រជាជននៅក្រុងឃឺរសុន ផងដែរ អំពីគ្រាប់មីនរបស់រុស្ស៊ី ដោយលើកឡើងថា៖ «ខ្ញុំស្នើសុំឱ្យអ្នកកុំភ្លេចថា ស្ថានភាពនៅក្នុងតំបន់ ឃឺរសុន នៅតែមានគ្រោះថ្នាក់ខ្លាំង»។
គួររំឭកថា កងទ័ពអ៊ុយក្រែនបានចូលទៅដល់កណ្តាលទីក្រុងឃឺរសុនកាលពីថ្ងៃសុក្រ បន្ទាប់ពីរុស្ស៊ីបានបោះបង់ចោលក្រុងនេះ ដោយនិយាយថាកងទ័ពរបស់ខ្លួនប្រឈមនឹងហានិភ័យនៃការវាយប្រហារពីកងទ័ពរបស់អ៊ុយក្រែន៕
ដោយ៖ហួន ឌីណា ប្រភព៖ Zelenskyy accuses Russian troops of committing war crimes in Kherson