សង្រ្គាមអ៊ុយក្រែននឹងក្លាយជាឧបសគ្គចម្បងសម្រាប់ G-20 ក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចនាកិច្ចប្រជុំកំពូលនៅឥណ្ឌូណេស៊ី

អន្តរជាតិ៖ គណៈប្រតិភូមកពីប្រទេសចំនួន ១៩ និងសហភាពអឺរ៉ុប នឹងជួបប្រជុំគ្នានៅក្នុងប្រទេសឥណ្ឌូនេស៊ីសម្រាប់កិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់មេដឹកនាំនៃក្រុមប្រទេសទាំង២០ ឬ G-20 នៅចន្លោះថ្ងៃអង្គារ និងពុធ សប្តាហ៍នេះ ចំពេលដែលពិភពលោកកំពុងតែប្រឈមមុខនឹងវិបត្តិភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ច។

ការសង្កត់ធ្ងន់លើបញ្ហាសកលជុំវិញការប្រែប្រួលអាកាសធាតុ អសន្តិសុខស្បៀង និងវិបត្តិសេដ្ឋកិច្ច នឹងលេចចេញជារបៀបវារៈនៅក្នុងកិច្ចប្រជុំដែលនឹងធ្វើនៅកោះប៉ាលីនេះ។ យ៉ាងណាមិញ អ្នកវិភាគបានលើកឡើងថា ការបែកបាក់គ្នាដោយសារតែសង្គ្រាមឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី អាចនឹងធ្វើឱ្យកិច្ចពិភាក្សាស្ដីពីវិបត្តិសេដ្ឋកិច្ច ដែលជារបៀបវារៈសំខាន់របស់ប្លុក ប្រឈមនឹងការពិបាក។

សេដ្ឋវិទូជាន់ខ្ពស់លើតំបន់អាស៊ីនៅធនាគារសាជីវកម្ម និងវិនិយោគ Natixis ក្នុងទីក្រុងហុងកុង លោកទ្រិញ ង្វៀន (Trinh Nguyen) ប្រាប់ថ្លែងប្រាប់បណ្ដាញព័ត៌មាន Al Jazeera ថា៖ «បញ្ហាអតិផរណា ដែលជាបញ្ហាត្រូវដោះស្រាយភ្លាមៗ និងបញ្ហាដែលត្រូវប្រើពេលវែងដូចជាការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដើម្បីកាត់បន្ថយការបំភាយកាបូនជាដើមនោះ ទាមទារឱ្យមានការសម្របសម្រួលជាសកល ដែលវាពិបាកនៅក្នុងពិភពលោក ដែលមានការបែកបាក់កាន់តែច្រើន ទន្ទឹមនឹងការកើនឡើងកាន់តែខ្លាំងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ»។

លោក ង្វៀន យល់ឃើញថា បញ្ហាប្រឈមសម្រាប់ G-20 គឺការនាំយកមេដឹកនាំ ដែលស្ថិតនៅក្នុងភូមិសាស្រ្តនយោបាយផ្សេងគ្នា ឱ្យរួមគ្នាស្វែងរកមូលដ្ឋាន និងដំណោះស្រាយចំពោះវិបត្តិផ្សេងៗទាំងរយៈពេលខ្លី និងរយៈពេលវែង ហើយដោយសារតែអតិផរណាធ្វើឱ្យគ្រប់គ្នារងផលប៉ះពាល់នោះ វានឹងក្លាយជាប្រធានបទកំពូលក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូល។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានប៉ាន់ប្រមាណថា អតិផរណាពិភពលោកដែលបានកើនឡើងជាលំដាប់ពេញមួយឆ្នាំ ឈានដល់ ៨,៨ ភាគរយក្នុងឆ្នាំ ២០២២ ធៀបនឹងអត្រា ៤,៧ ភាគរយក្នុងឆ្នាំ ២០២១ ដោយសារតែកត្តារួមផ្សំ រួមទាំងជំងឺរាតត្បាតកូវីដ ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងសង្គ្រាមនៅអ៊ុយក្រែន ដែលធ្វើឱ្យតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ត្រដែត។

កាលពីពាក់កណ្ដាលខែកក្កដា ប្លុក G-20 បានប្រឈមនឹងការមិនឯកភាពគ្នាលើដំណោះស្រាយសេដ្ឋកិច្ចរួម ដោយក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល បានលុបចោលសេចក្តីប្រកាស ដែលគ្រោងនឹងដោះស្រាយអតិផរណា កង្វះខាតស្បៀងអាហារ និងការផ្គត់ផ្គង់ពិភពលោក និងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច ដោយសារតែការមិនចុះសម្រុងគ្នាលើបញ្ហានៅអ៊ុយក្រែន។ កិច្ចប្រជុំកាលពីលើកនោះ ប្រទេសលោកខាងលិចបានជំរុញឱ្យមានការបង្កើនការគាំទ្រលើអ៊ុយក្រែន ប៉ុន្តែឥណ្ឌា ចិន ប្រេស៊ីល និងឥណ្ឌូណេស៊ី ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសប្ដាហ៍នេះ បានជំទាស់។

នេះមិនទាន់គេមិនទាន់និយាយពីការទាស់គ្នាផ្សេងៗនៅឡើយទេ។ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ G-20 ដែលធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោនក្នុងខែមេសា មន្រ្តីតំណាងមកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកាណាដា បានដើរចេញពីកិច្ចប្រជុំបិទទ្វារ នៅពេលដែលប្រតិភូរុស្ស៊ីចាប់ផ្តើមនិយាយ ហើយក្នុងកិច្ចប្រជុំនៅខែកក្កដា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែហ្គៃ ឡារ៉ូវ( Sergey Lavrov) បានសម្រុកចេញដូចគ្នា ក្រោយរងការរិះគន់លើការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

ដោយមើលឃើញពីបញ្ហាទាំងអស់នេះ ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូកូ វីដូដូ ដែលហៅកិច្ចប្រជុំ G-20 ថាមិនមែនជាវេទិកានយោបាយនោះ បានបង្ហាញពីការព្រួយបារម្ភដែលថា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយអាចគ្របដណ្ដប់លើកិច្ចប្រជុំកំពូល។

គួររំឭកថា G-20 គឺជាប្លុកដែលគ្របដណ្ដប់លើ ៨០ ភាគរយនៃសេដ្ឋកិច្ចសកល និងបង្កើតឡើងដើម្បីធ្វើការរួមគ្នារកដំណោះស្រាយលើវិបត្តិធំផ្សេងៗដែលទាក់ទងនឹងសេដ្ឋកិច្ចពិភពលោក។ ចាប់តាំងពីឆ្នាំ ២០០៨ មក G-20 តែងតែជួបប្រជុំគ្នាជារៀងរាល់ឆ្នាំ ហើយក្នុងឆ្នាំ ២០០៩ ប្លុកនេះ បានប្រកាសខ្លួនឯងថាជាវេទិកាកំពូលសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុអន្តរជាតិ។

ទោះយ៉ាងណាក៏ដោយ ជាមួយនឹងវិបត្តិចុងក្រោយៗនេះ លោក Douglas Rediker ស្ថាបនិកក្រុមហ៊ុនប្រឹក្សាវិនិយោគ International Capital Strategies មានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី បានថ្លែងប្រាប់កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ថា៖ «ភាពទាក់ទាញសំខាន់របស់ G-20 គឺសមត្ថភាពក្នុងការបង្ខំមេដឹកនាំប្រទេសនានាឱ្យនៅកន្លែងតែមួយ និងក្នុងពេលជាមួយគ្នា ដើម្បីធ្វើអន្តរកម្ម។ លទ្ធផលជាក់ស្តែង G-20 ទំនងជាមិនពេញចិត្តទេ ប្រសិនបើគ្មានការឯកភាពគ្នាណាមួយកើតឡើង។ វាស្ថិតនៅលើគន្លងធ្លាក់ចុះជាលំដាប់ សម្រាប់រយៈពេលដ៏យូរមួយ»។

ចំណែកអនុប្រធានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនៃមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិនៅទីក្រុងវ៉ាស៊ីនតោន លោក Matthew Goodman វិញ បានលើកឡើងថា៖ «G-20 [នៅពេលនេះ] មិនដូចនៅក្នុងឆ្នាំ ២០០៨ ឬ២០០៩ នោះទេ»។

ក្នុងឆ្នាំ ២០០៩ សហរដ្ឋអាមេរិក ចិន និងរុស្ស៊ី បានធ្វើការរួមគ្នាដើម្បីការពារវិបត្តិហិរញ្ញវត្ថុ មិនឱ្យពិភពលោកធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច។ ប៉ុន្តែនៅឆ្នាំនេះ គំនិតនៃកិច្ចខិតខំប្រឹងប្រែងរួមណាមួយ បានក្លាយទៅជាគ្រោះថ្នាក់ក្រោមការបែកបាក់កាន់តែខ្លាំងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ចិន។ កិច្ចប្រជុំដែលប្រព្រឹត្តទៅចន្លោះថ្ងៃអង្គារ-ពុធនេះ គ្មានវត្តមានប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នោះទេ ដោយបញ្ជូនលោករដ្ឋមន្ត្រីការបរទេស Lavrov ឱ្យទៅជំនួសវិញ។ ក្រៅពីនេះ ទោះបីជាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងសមភាគីចិន លោក ស៊ី ជិនពីង ដែលនឹងមានវត្តមានក្នុងកិច្ចប្រជុំកំពូល G-20 លើកនេះ ត្រូវជួបគ្នានៅថ្ងៃចន្ទនេះក៏ដោយ ក៏ប្រទេសទាំង២មានបញ្ហាប្រកួតប្រជែងគ្នាចម្រូងចម្រាស់ផ្សេងទៀត ដែលត្រូវលើកយកមកពិភាក្សា ជាពិសេសភាពតានតឹងនៅកោះតៃវ៉ាន់ និងបញ្ហាពាណិជ្ជកម្ម។

លោកស្រី Kristalina Georgieva នាយិកាគ្រប់គ្រងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ បានអះអាងប្រាប់កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ថា ស្ថាប័ននានាដូចជា G-20 កំពុងជួបការលំបាកនាពេលបច្ចុប្បន្ននេះ ដោយសារតែជំងឺសេដ្ឋកិច្ចពិភពលោកកើតចេញពីសង្រ្គាមនៅអ៊ុយក្រែន ជាជាងបញ្ហាហិរញ្ញវត្ថុ ដែលនាំឱ្យពិភពលោកធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចក្នុងឆ្នាំ ២០០៩។ លោកស្រីបានបន្តយ៉ាងដូច្នេះថា៖ «អ្នកមិនអាចដោះស្រាយបញ្ហាភូមិសាស្ត្រនយោបាយជាមួយនឹងវិធានការគោលនយោបាយសេដ្ឋកិច្ចបានទេ។ វានឹងពិបាកណាស់ ក្នុងការនាំយកកម្រិតនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឱ្យឈានដល់កម្រិតដែលវាគួរតែមាន។ ការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន គឺជាកត្តាដ៏មានឥទ្ធិពលបំផុតតែមួយគត់ ដើម្បីបង្វែរសេដ្ឋកិច្ចពិភពលោក»។

គួររំឭកថា សមាជិកនៃ G-20 ដែលមកពីលោកខាងលិច និងសម្ព័ន្ធមិត្តដូចជាជប៉ុន បានថ្កោលទោសរុស្ស៊ី ថែមទាំងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើក្រុងម៉ូស្គូ ចាប់តាំងពីលោក ពូទីន បញ្ជាទ័ពឱ្យឈ្លានពានអ៊ុយក្រែននៅចុងខែកុម្ភៈ។ ប៉ុន្តែសមាជិកសំខាន់ៗធំផ្សេងទៀត ជាពិសេសចិន ឥណ្ឌា និងប្រេស៊ីល បានបដិសេធធ្វើតាមលោកខាងលិចលើការថ្កោលទោស ឬដាក់ទណ្ឌកម្ម ហើយបង្កើនទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរៀងៗខ្លួនជាមួយរុស្ស៊ី តាមរយៈការនាំចូលប្រេងថោកៗរបស់ក្រុងម៉ូស្គូ។ អ្នកវិភាគយល់ឃើញថា បញ្ហាប្រឈមសំខាន់នឹងស្ថិតក្នុងការស្វែងរកមូលដ្ឋានរួមអំពីវិធីបញ្ចប់ជម្លោះ ឬស្វែងរកជំហានវិជ្ជមានរវាងអ៊ុយក្រែន និងរុស្ស៊ី ក្នុងកិច្ចប្រជុំកំពូលនៅឥណ្ឌូណេស៊ីនេះ។

យ៉ាងណាមិញ អ្នកវិភាគមួយចំនួនក៏លើកឡើងផងដែរ ពីការផ្ដោតលើបញ្ហាថាមពល បន្ថែមពីលើបញ្ហាស្បៀងអាហារ ជុំវិញការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែននៅក្នុងសមុទ្រ។ សេដ្ឋវិទូនយោបាយនៅសកលវិទ្យាល័យ Queensland លោក Shahar Hameiri បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Al Jazeera ថា បញ្ហាថាមពលនឹងក្លាយជាការផ្តោតសំខាន់មួយនៃកិច្ចប្រជុំកំពូលនេះ ក៏ដោយសារតែសង្រ្គាមនៅអ៊ុយក្រែន ដែលបង្កឱ្យមានការដាក់ទណ្ឌកម្ម បញ្ហាផ្គត់ផ្គង់ និងផលិតកម្ម ដែលធ្វើឱ្យតម្លៃប្រេងហក់ឡើង។ បន្ថែមពីលើនេះ លោក Hameiri ក៏បានលើកឡើងផងដែរ អំពីបញ្ហាលើការមិនតម្លើងផលិតកម្មប្រេងរបស់ក្រុមប្រទេសនាំចេញប្រេង ដែលរួមមានទាំងសមាជិក G-20 ដូចជាអារ៉ាប៊ីសាអូឌីត ដែលគេមើលឃើញថា ជាផ្នែកមួយធ្វើឱ្យការដាក់ទណ្ឌកម្មលើរុស្ស៊ី ជះឥទ្ធិពលលើប្រទេសលោកខាងលិចខ្លួនឯងវិញ៕ ដោយ៖ ហួន ឌីណា

ads banner