បៃដិន និងស៊ី ជីងពីង ចាប់ដៃគ្នាមុនកិច្ចប្រជុំកំពូល G-20 នៅកោះបាលី
ឥណ្ឌូនេស៊ី៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងសមភាគីចិន លោក ស៊ី ជីនពីង បានជួបប្រជុំគ្នានៅថ្ងៃចន្ទទី ១៤ ខែវិច្ឆិកានេះ សម្រាប់កិច្ចពិភាក្សា ដែលធ្វើឡើងខណៈទំនាក់ទំនងរវាងក្រុងវ៉ាស៊ីនតោន និងប៉េកាំងធ្លាក់ចុះកាន់តែខ្លាំងទៅៗក្រោមបញ្ហាជាច្រើនរាប់តាំងពីវិបត្តិតៃវ៉ាន់ រហូតដល់សង្គ្រាមពាណិជ្ជកម្ម។
ជំនួបដោយផ្ទាល់រវាងមេដឹកនាំទាំងពីរនេះ ធ្វើឡើងជាលើកដំបូងរាប់តាំងពីលោក បៃដិន ចូលកាន់តំណែងជាប្រធានាធិបតី និងធ្វើនៅលើកោះបាលីនៃប្រទេសឥណ្ឌូនេស៊ី ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ កំពូលនៃក្រុមប្រទេសទាំង២០ ឬ G-20 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ-ពុធ នេះ ចំពេលដែលភាពតានតឹងភូមិសាស្រ្តនយោបាយពិភពលោកបន្តអូសបន្លាយ។
បន្ទាប់ពីមេដឹកនាំទាំងពីរបានចាប់ដៃគ្នារួចមក លោក ស៊ី បានថ្លែងថា៖ «ពិភពលោកបានឈានដល់ផ្លូវបំបែកមួយ» ហើយប្តេជ្ញាថានឹងមានការពិភាក្សាដោយស្មោះត្រង់ចំពោះបញ្ហា ដែលធ្វើឱ្យទំនាក់ទំនងរវាងមហាអំណាចឈានមុខគេទាំងពីរធ្លាក់ចុះដុនដាប។ លោកបន្តថា៖ «ពិភពលោករំពឹងថា ប្រទេសចិន និងសហរដ្ឋអាមេរិក នឹងដោះស្រាយទំនាក់ទំនង ឱ្យបានត្រឹមត្រូវ»។
ចំណែកឯសមភាគីអាមេរិក លោក បៃដិន វិញ បានថ្លែងថា លោកចង់ឱ្យសហរដ្ឋអាមេរិក និងចិនគ្រប់គ្រងភាពខុសគ្នា ហើយការពារការប្រកួតប្រជែងមិនឱ្យក្លាយជាជម្លោះ។
នៅមុនថ្ងៃនៃកិច្ចប្រជុំជាមួយលោក ស៊ី លោក បៃដិន បានប្រាប់មេដឹកនាំអាស៊ីក្នុងប្រទេសកម្ពុជាថា ទំនាក់ទំនងអាមេរិក និងចិន នឹងនៅតែបើកចំហរដើម្បីការពារជម្លោះ ទោះបីជាកិច្ចពិភាក្សារវាងមេដឹកនាំទាំង២ ត្រូវបានគេរំពឹងថានឹងមានភាពតឹងតែងក៏ដោយ។
លោក បៃដិន បានប្រាប់អ្នកកាសែតនៅថ្ងៃអាទិត្យថា លោកតែងតែមានការពិភាក្សាដោយត្រង់ៗជាមួយលោក ស៊ី ដែលសំខាន់ក្នុងទប់ស្កាត់ការគណនាខុសណាមួយ។ លោកថ្លែងយ៉ាងដូច្នេះទៀតថា៖ «ខ្ញុំស្គាល់លោក(ស៊ី)ច្បាស់ លោកក៏ស្គាល់ខ្ញុំ ហើយក្នុងរយៈពេលពីរឆ្នាំទៅមុខទៀត យើងគ្រាន់តែត្រូវស្វែងយល់ថាតើបន្ទាត់ក្រហមនៅទីណា ហើយអ្វីដែលសំខាន់បំផុតសម្រាប់យើងម្នាក់ៗ»។
គួរបញ្ជាក់ថា លោក បៃដិន បានចាកចេញពីកម្ពុជាក្រោយកិច្ចប្រជុំកំពូលអាស៊ាន ហើយទៅកោះបាលីកាលពីយប់ថ្ងៃអាទិត្យ ជាមួយនឹងដំណឹងល្អដែលថា គណបក្សប្រជាធិបតេយ្យរបស់លោកនៅតែរក្សាការគ្រប់គ្រងព្រឹទ្ធសភា បន្ទាប់ពីការបោះឆ្នោតពាក់កណ្ដាលអាណត្តិកាលពីសប្ដាហ៍មុន។ ចំណែកឯលោក ស៊ី វិញ បានធ្វើដំណើរទៅដល់កោះបាលីនៅថ្ងៃនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលG-20 ដូចគ្នា ក្នុងនាមជាប្រធានាធិបតីចិន ដែលបន្តកាន់អំណាចនៅអាណត្តិទី៣របស់ខ្លួន៕ ដោយ៖ ហួន ឌីណា