ក្រសួងប្រៃសណីយ៍អំពាវនាវដល់ម្ចាស់បុរី និងអគារសហកម្មសិទ្ធិមួយចំនួន ត្រូវបញ្ឈប់ការតភ្ជាប់អ៊ីនធឺណិត ដោយខ្លួនឯង និងព្រមានចាត់វិធានការផ្លូវច្បាប់
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចេញសេចក្តីអំពាវនាវជាថ្មីមួយដល់ម្ចាស់បុរី និង អគារសហកម្មសិទ្ធិមួយចំនួនត្រូវតែត្រូវបញ្ឈប់ការតភ្ជាប់អ៊ីនធឺណិតចូលក្នុងបុរី និងអគារសហកម្មសិទ្ធិរបស់ខ្លួន និងព្រមទំាងបានព្រមានចាត់វិធានការផ្លូវច្បាប់ផងដែរ។
យោងតាមសេចក្តីអំពាវនាវរបស់ក្រសួងប្រៃសណីយដែលបានបង្ហោះក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនៅថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ ២០២២នេះបានបញ្ជាក់ថា៖បន្ទាប់ពី ក្រុមការងារលើកកម្ពស់ គុណភាពសេវានៅតាមបុរី ក្នុងរាជធានីភ្នំពេញ ចំនួន ៨ ក្រុម បាន ចុះពង្រឹងគុណភាពសេវា ទូរគមនាគមន៍ តាមបុរីនិងអគារសហកម្មសិទ្ធិក្នុងរយៈពេលកន្លងមក ដោយ ទទួល បាន នូវ ព័ត៌មាន ជាក់ លាក់ អំពីឧបសគ្គមួយចំនួន ដែល ធ្វើឱ្យ មានការលំបាក ក្នុងការ តភ្ជាប់ បណ្តាញសេវា អ៊ីនធឺណិត ចូលក្នុងបុរី និងអគារសហកម្មសិទ្ធិមួយចំនួន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមអំពាវនាវ ដល់ម្ចាស់បុរីនិង អគារសហកម្មសិទ្ធិមួយចំនួន ត្រូវបញ្ឈប់៖
១. ការទារលុយ ជាថ្នូរ នឹង ការ អនុញ្ញាត ឱ្យ តភ្ជាប់បណ្តាញសេវាអ៊ីនធឺណិត ចូលក្នុងលំនៅឋាន របស់ អ្នកប្រើប្រាស់ នៅក្នុងបុរីនិង អគារសហកម្មសិទ្ធិ ដែល ផ្ទុយ នឹង ច្បាប់ស្តីពីទូរគមនាគមន៍។
២. ប្រតិបត្តិការផ្តល់សេវា អ៊ីនធឺណិត ដោយខ្លួនឯង និងគ្មានអាជ្ញាបណ្ណពីនិយ័តករទូរគមនាគមន៍កម្ពុជា នៅ ក្នុងបុរីនិងអគារសហកម្មសិទ្ធិ។
ក្នុងករណី ម្ចាស់ បុរី និងអគារសហកម្មសិទ្ធិមួយចំនួនតូច នៅតែ បន្តធ្វើសកម្មភាពខាងលើ ក.ប.ទ. នឹងចាត់វិធានការ យ៉ាងម៉ឺងម៉ាត់ ស្របតាមច្បាប់ស្តីពីទូរគមនាគមន៍និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ប្រតិបត្តិករទូរគមនាគមន៍ និងសាធារណជនដែល មានព័ត៌មានអំពីសកម្មភាព ដូចបាន រៀបរាប់ខាងលើ សូមផ្តល់ព័ត៌មានមកនិយ័តករទូរគមនាគមន៍កម្ពុជា តាមរយៈលេខទូរសព្ទ Hotline ៦៧៨៩ និងផ្ញើសារ មកកាន់អ៊ីមែល qos@trc.gov.kh។
អាស្រ័យហេតុនេះ សូម ម្ចាស់បុរីនិង អគារសហកម្មសិទ្ធិ ប្រតិបត្តិករទូរគមនាគមន៍ និងសាធារណជនទាំងអស់ ជ្រាប និង ចូលរួមសហការ៕ដោយ៖ម៉ាដេប៉ូ
