ប្រមុខណាតូ៖ គោលបំណងរបស់លោក ពូទីន គឺចង់ទុកឲ្យប្រជាជនអ៊ុយក្រែនត្រជាក់ និងរស់នៅក្នុងទីងងឹតនារដូវរងាខាងមុខ
ព្រុចសែល៖ អគ្គលេខាធិការអង្គការណាតូ លោក ជែន ស្តូលធិនប៊ឺគ ថ្លែងថា បន្ទាប់ពីដណ្តើមបានទីក្រុងខឺសុន មកវិញ អ៊ុយក្រែនកំពុងប្រឈមមុខនឹងការលំបាកជាច្រើនខែខាងមុខទៀត ខណៈដែលរដូវរងាកាន់តែខិតជិតមកដល់។
លោក ស្តូលធិនប៊ឺគ ក្នុងថ្ងៃចន្ទទី១៤ ខែវិច្ឆិកានេះ បានសរសើរភាពក្លាហានមិនគួរឱ្យជឿនៃកងកម្លាំងអ៊ុយក្រែន បន្ទាប់ពីការដកខ្លួនរបស់កងទ័ពរុស្ស៊ីចេញពីរដ្ឋធានីក្នុងតំបន់ភាគខាងត្បូង និងបានជំរុញឱ្យសហគមន៍អន្តរជាតិបន្តការគាំទ្រដល់ទីក្រុងកៀវ។
លោក ស្តូលធិនប៊ឺគ បានប្រាប់អ្នកយកព័ត៌មានក្នុងទីក្រុងឡាអេ បន្ទាប់ពីជួបជាមួយរដ្ឋមន្ត្រីការបរទេស និងការពារជាតិហូឡង់ថា ក្នុងប៉ុន្មានខែខាងមុខនេះ នឹងមានការលំបាក។ គោលបំណងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គឺចង់ទុកឲ្យប្រជាជនអ៊ុយក្រែនត្រជាក់ និងរស់នៅក្នុងទីងងឹតនារដូវរងានេះ។
លោកបន្តថា យើងមិនគួរមានកំហុសក្នុងការវាយតម្លៃលើប្រទេសរុស្ស៊ីទេ ដោយសង្កត់ធ្ងន់ថា កងកម្លាំងរបស់ទីក្រុងម៉ូស្គូនៅតែរក្សាបាននូវសមត្ថភាពសំខាន់ៗ ក៏ដូចជាកងទ័ពមួយចំនួនធំ។ ប្រមុខអង្គការណាតូរូបនេះបានបន្ថែមទៀតថា កងកម្លាំងរុស្ស៊ីបានបង្ហាញភាពឃោរឃៅបំផុត។
អ្នកទាំងអស់គ្នាបានឃើញទិដ្ឋភាពដ៏រន្ធត់ពីទឹកដីរំដោះ និងការវាយប្រហារដោយមិនរើសអើងលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ លោកថា ឥឡូវនេះ វាអាស្រ័យលើអ៊ុយក្រែនផ្ទាល់ ក្នុងការសម្រេចចិត្តលើលក្ខខណ្ឌ សម្រាប់ការចរចាដើម្បីបញ្ចប់សង្រ្គាម៕ ប្រភព៖ Aljazeera ដោយ៖ ទីណា និងបុត្រា





