​អាមេរិក​​ដាក់​​ទណ្ឌកម្ម​​លើ​​បណ្តាញ​ផ្គត់​ផ្គង់​ឱ្យ​​យោធា​​​​រុស្ស៊ី​​

​អាមេរិក៖សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​កំណត់​គោលដៅ​ខ្សែ​ចង្វាក់​ផ្គត់​ផ្គង់​ឱ្យ​​យោធា​រុស្ស៊ី​ ដោយ​ដាក់​ទណ្ឌ​កម្ម​លើ​បុគ្គល​ចំនួន​ ១៤ រូប​ និង​អង្គភាព​ចំនួន​ ២៨​ ដែល​​​អាមេរិក​អះ​អាង​ថា​ ជា​ផ្នែក​មួយ​នៃ​បណ្តាញ​ឆ្លង​ដែន​ ដែល​ផ្គត់​ផ្គង់​បច្ចេក​វិទ្យា​ដើម្បី​គាំទ្រ​ទីក្រុង​ម៉ូស្គូ​ក្នុង​ការ​ឈ្លាន​ពាន​អ៊ុយក្រែន​។​ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់​ងារ​សារព័ត៌មាន​រ៉យទ័រ​។  

​ជុំ​វិញ​វិធាន​ការ​ចុង​ក្រោយ​នេះ​ រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ លោក​ អ៊ែនថូនី​ ប្ល៊ីងកែន​ ​លើក​ឡើង​​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួ​យ​ថា ​៖ «​​សហរដ្ឋ​អាមេរិក​នឹង​បន្ត​រំខាន​ដល់​ខ្សែ​​ចង្វាក់​​ផ្គត់​ផ្គង់​យោធា​របស់​រុស្ស៊ី ​និង​​​ដាក់​សម្ពាធ​ឱ្យ​ធ្ងន់​ធ្ងរ​​លើ​អ្នក​ជួយ​ជ្រោម​ជ្រែង​អំណាច​ឱ្យ​​​ប្រធានាធិបតី​ ពូទីន ​ក៏​ដូច​ជា​អ្នក​ដែល​គាំទ្រ​អំពើ​ឃោរឃៅ​របស់​រុស្ស៊ី​ ប្រឆាំង​នឹង​អ្នក​ជិត​ខាង​របស់​ខ្លួន​(អ៊ុយក្រែន​)»​។​

លោក​ ប្ល៊ីងកែន​ បាន​បន្ត​ថា​ គ្រប់​ធុរកិច្ច​នៅ​ទូទាំង​ពិភព​លោក​ ​ទទួល​បាន​ការ​ណែ​នាំដើម្បី​ឱ្យ​​​ជៀស​វាង​ការ​ក្លាយខ្លួន​ជា​គោលដៅ​​​ទណ្ឌកម្ម។

ក្រោម​កញ្ចប់​​ទណ្ឌកម្ម​ដដែល​​ រតនាគារ​សហរដ្ឋ​អាមេរិក​​​បាន​បញ្ចូល​​​​ក្រុមហ៊ុន​ Milandr ​ដែល​ជា​ក្រុមហ៊ុន​មីក្រូអេឡិចត្រូនិក​របស់​រុស្ស៊ី​​ ទៅ​​ក្នុង​បញ្ជី​ខ្មៅ​ ​ដោយ​ទីក្រុង​វ៉ាស៊ីនតោន​និយាយ​ថា​ ក្រុម​ហ៊ុន​នេះ​ជា​ផ្នែក​មួយ​នៃ​រចនា​សម្ព័ន្ធ​ស្រាវ​ជ្រាវ ​និង​អភិ​វឌ្ឍន៍​យោធា​របស់​រុស្ស៊ី​។ ​ក្រសួង​រតនាគារ​ក៏​​បញ្ចូល​ទាំង​​អង្គភាព​ចំនួន​បី​ ដែល​ជាប់​ទាក់​ទង​នឹង​ក្រុម​ហ៊ុននេះ​​ និង​នាយក​ប្រតិ​បត្តិ​ក្រុម​ហ៊ុន​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ក្នុង​នោះ​ផង​ដែរ​​ រតនាគារ​សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ដល់​ក្រុម​ហ៊ុន​ឧស្សាហកម្ម​យោធា​សំខាន់​ៗ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ ​ដោយ​​ក្រសួង​ពាណិជ្ជកម្ម​​​បាន​កាត់​ផ្តាច់​ការ​នាំ​ចេញ​សមាស​ធាតុ​ផលិត​ដោយ​អាមេរិក​ និង​បច្ចេក​វិទ្យា​របស់​អាមេរិក​ ​​ដែល​​​រុស្ស៊ី​អាច​ប្រើ​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​យោធា​របស់​ខ្លួន​។

បន្ថែម​ពី​លើ​នោះ​​​ ទណ្ឌកម្ម​​របស់​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​ ក៏​បាន​កំណត់គោល​ដៅ​លើ​​សមាជិក​គ្រួសារ​នៃ​មហា​សេដ្ឋី​រុស្ស៊ី ​លោក​ Suleiman Kerimov ​​ផង​ដែរ​ ​រួម​ទាំង​​​បុគ្គល​ដែល​អាមេរិក​និយាយ​ថា ​ធ្វើ​ការ​ជា​អ្នក​សម្រប​សម្រួល​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ក្នុង​បណ្តាញ​​របស់​លោក​ Suleiman ​។

សូម​រំឭក​ថា​ នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ ដែល​សហរដ្ឋ​អាមេរិក​​គោលដៅ​បែប​នេះ​។​ កន្លង​មក​ រុស្ស៊ី​បាន​គ្រប់​គ្រង​ការ​ទិញ​យ​ន្តហោះ​គ្មាន​មនុស្ស​បើក​(ដ្រូន​)​ពី​ប្រទេស​អ៊ីរ៉ង់​ ​​ដើម្បី​យក​ទៅ​វាយ​ប្រហារ​ទីក្រុង​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថាមពល​ក្នុង​ប្រទេស​អ៊ុ​យក្រែន​។​ ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​​​អង្គភាព​ និង​ឧស្សាហ៍កម្ម​យោធា​អ៊ីរ៉ង់​ដែល​ពាក់​ព័​ន្ធ​ ​ទោះ​បី​ជា​ស្ថាប័ន​ទាំង​នោះ​ ស្ថិត​នៅ​ក្រោម​ទណ្ឌកម្ម​របស់​អាមេរិក​​រួច​ទៅ​ហើយ​ក្ដី​ ​ដោយ​សារ​តែ​​កម្មវិធី​​អភិវឌ្ឍន៍​នុយក្លេអ៊ែរ​របស់​ទីក្រុង​តេអេរ៉ង់​​៕

ដោយ៖ហួន ឌីណា ប្រភព៖ US Imposes Sanctions on Military Procurement Network Aiding Russia

ads banner