ហៃទី និងអង្គការសហប្រជាជាតិ ចាប់ផ្តើមការអំពាវនាវ ១៤៥លានដុល្លារ សម្រាប់ជំងឺអាសន្នរោគ និងការសង្គ្រោះមនុស្សធម៌សម្រាប់ប្រទេសនេះ
អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសហៃទី និងអង្គការសហប្រជាជាតិកំពុងស្វែងរកថវិកាចំនួន ១៤៥លានដុល្លារសម្រាប់ជំនួយមនុស្សធម៌ រួមទាំងការផ្ទុះជំងឺអាសន្នរោគ ដែលបានសម្លាប់មនុស្ស ១៦១ នាក់។
លោក Farhan Haq អ្នកនាំពាក្យរងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា កាលពីដើមខែមុន ជាលើកដំបូងក្នុងរយៈពេលជាង ៣ ឆ្នាំកន្លះ ករណីជំងឺអាសន្នរោគថ្មីត្រូវបានរកឃើញនៅក្នុងប្រទេសហៃទី។
លោក Haq បាននិយាយថា “ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មានការកើនឡើងនៃចំនួន និងការរីករាលដាលករណីសង្ស័យ” ។
យោងតាមតួលេខរបស់ក្រសួងសុខាភិបាល ដែលចេញផ្សាយ កាលពីយប់មិញនេះ មានករណីសង្ស័យចំនួន ៨.៧០០ និង ករណីសរុប ៨០០ ករណី។ រហូតមកដល់ពេលនេះ មនុស្ស ១៦១ នាក់បានស្លាប់ដោយសារជំងឺនេះ។
លោកបានបន្តថា ជនងាយរងគ្រោះបំផុត ជាពិសេសស្ត្រី កុមារ ជនចាស់ជរា និងជនពិការ ត្រូវបានទទួលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារការផ្ទុះឡើង។
ពួកគេត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងររួចទៅហើយដោយកង្វះលទ្ធភាពទទួលបានសុខភាព អាហារ និងទឹកស្អាត កង្វះអាហារូបត្ថម្ភ ភាពក្រីក្រ និងការផ្លាស់ទីលំនៅដែលបណ្តាលមកពីអសន្តិសុខ និងអំពើហិង្សារបស់ក្រុមក្មេងទំនើងដែលកំពុងបន្ត។
បើតាមប្រភពដដែល អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ និងមនុស្សធម៌ លោកស្រី Ulrika Richardson បានរាយការណ៍ថា អង្គការសហប្រជាជាតិ និងដៃគូរបស់ខ្លួនបានធ្វើការចាប់តាំងពីថ្ងៃដំបូងនៃការផ្ទុះជំងឺអាសន្នរោគ ជាមួយក្រសួងសុខាភិបាល។
លោកបាននិយាយថា ដោយសារជំងឺអាសន្នរោគគ្រាន់តែជាបញ្ហាប្រឈមមួយក្នុងចំណោមបញ្ហាជាច្រើននៅក្នុងប្រទេសហៃទី មូលនិធិដែលបានលើកឡើងក៏នឹងដោះស្រាយតម្រូវការមនុស្សធម៌ជាបន្ទាន់ផ្សេងទៀត និងបញ្ហារចនាសម្ព័ន្ធដែលចាក់ឫសយ៉ាងជ្រៅ រួមទាំងការរំលោភសិទ្ធិមនុស្សផងដែរ។
លោក Haq បាននិយាយថា លោក Richardson ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យបង្កើនការគាំទ្ររបស់ខ្លួនសម្រាប់ការឆ្លើយតប ដើម្បីជួយសង្រ្គោះជីវិតមនុស្សកាន់តែច្រើន និងឈានដល់គោលដៅរួមនៃប្រទេសហៃទី គ្មានជំងឺអាសន្នរោគ៕ ប្រភពពី ស៊ីនហួរ, ដោយ៖ សារ៉ាត

