ស្រុកភ្នំស្រួច មានចម្ការមីន ២៣៥ចម្ការ ដែលគ្រោងដោះមីនឱ្យអស់នៅពាក់កណ្តាលឆ្នាំ២០២៣
កំពង់ស្ពឺ៖ ស្រុកភ្នំស្រួចនៃខេត្តកំពង់ស្ពឺមានចម្ការមីនរហូតដល់ទៅ២៣៥ចម្ការដែលមានមីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះកំពុងស្ថិតនៅរាយប៉ាយលើផ្ទៃឃុំចំនួន១២នៃស្រុកនេះ។នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរមីនក្នុងពិធីបើកការដ្ឋានបោសសំអាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់កងទ័ពជើងគោកស្ថិតក្នុងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីនក្រោមមូលបទ(ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម)ដែលពិធីនេះធ្វើឡើងនៅថ្ងៃទី១៥ខែធ្នូឆ្នាំ២០២២ក្រោមវត្តមានរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
យោងរបាយការណ៍នេះក៏បានបញ្ជាក់ផងដែរថា ឃុំទាំង ១២នៃស្រុកភ្នំស្រួចដែលកំពុងប្រឈមជាមួយមីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះមាន ឃុំអូរ ឃុំមហាសាំង ឃុំតាំងស្យា ឃុំព្រៃរំដួល ឃុំតាំងសំរោង ឃុំក្រាំងដីវ៉ាយ ឃុំចំបក់ ឃុំត្រែងត្រយឹង ឃុំដំបូករូង ឃុំជ៉ាំសង្កែ ឃុំព្រៃក្មេង និងឃុំគីរីវ័ន្ត ។ បច្ចុប្បន្នអាជ្ញាធរកំពុងធ្វើការរុករកនិងបោសសំអាតលើចំការទាំង ២៣៥កន្លែងនេះដោយប្រើកងអនុសេនាតូចបោសសំអាតមីនចំនួន ១៦កង ។ ក្រោមប្រតិបត្តិការបោសសំអាតនៃក្រុមទាំង ១៦នេះដែរ ចំការមីននិងត្រូវធ្វើការបោសសំអាតឱ្យរួចរាល់ទាំងស្រុង និងប្រកាសជាស្រុកគ្មានមីននៅកំឡុងខែឧសភាឆ្នាំ២០២៣ខាងមុខ ។
ជាមួយនិងការរំពឹងទុកនេះដែរអាជ្ញាធរមីនក៏បានបញ្ជាក់បន្ថែមថាស្រុកភ្នំស្រួចគឺជាស្រុកមួយដែលមានភាពស្មុគស្មាញ ចម្ការមីនខ្លះស្ថិតនៅក្បែរគ្នា ខ្លះក៏ដាច់ឆ្ងាយពីគ្នា មិនស្ថិតនៅផ្តុំគ្នា ស្ថិតនៅតាមកង្កេះភ្នម និងតួភ្នំទាំងមូលដែលមានសភាពចោតសម្បូរព្រៃក្រាស់ៗហើយភ្នំខ្លះក៏បានក្លាយជាការដ្ឋានកិនថ្ម រីឯចម្ការមួយចំនួនទៀតបានក្លាយជាដីស្រែ ចម្ការ លំនៅដ្ឋាន កសិដ្ឋានចិញ្ចឹមសត្វ និងទីអារាមសាសនា។ភូមិសាស្ត្រចម្ការមីនមួយចំនួនមានផ្លូវគមនាគមន៍ បណ្តាញអគ្គិសនីខ្វាត់ខ្វែងផ្តល់ភាពងាយស្រួលដល់ការចល័តកម្លាំងនិងទីតាំងទីបញ្ជាការសម្រាប់ប្រតិបត្តិការ ហើយមួយចំនួនទៀតមានភូមិសាស្ត្រស្មុគស្មាញគ្មានផ្លូវចល័តកម្លាំងចូលប្រតិបត្តិការ ទឹកលិចនៅរដូវវស្សាដែលជាបញ្ហាបង្កការលំបាកធ្វើដំណើរការបោសសំអាតមិនបានលឿនរហ័ស។
ថ្លែងក្នុងឱកាសនោះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោកបានលើកឡើងថា មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលកំពុងស្ថិតនៅរាយប៉ាយលើដីនិងក្រោមដីទាំងអស់នោះគឺជាឃាតករលាក់មុខដែលសម្ងំចាំតែវាយប្រហារនិងសម្លាប់ពលរដ្ឋស្លូតត្រង់ដែលពួកគាត់មិនដឹងអីសោះ។ការខិតខំនិងប្រឹងប្រែងលះបង់របស់កងទ័ពក្នុងប្រតិបត្តិការបោសសំអាតនិងដោះមីននាពេលនេះគឺជាការជួយកាត់បន្ថយផ្ទៃដីចម្ការមីននិងកាត់បន្ថយការគ្រោះថ្នាក់ដោយឃាតករលាក់មុខ។ការដណ្តើមដីយកមកវិញពីចម្ការមីនគឺអាចកែប្រែពីដីមានមីនទៅជាដីបង្កបង្កើនផលសម្រាប់បងប្អូនប្រជាកសិករអាចកែប្រែជីវភាពរស់នៅបានសមរម្យ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ទោះវាកប់ក្នុងដីឬទុកចោលរាប់ឆ្នាំយ៉ាងណាក៏ដោយ ក៏វានៅតែមានគុណភាពនិងប្រសិទ្ធិភាពអាចផ្ទុះបានគ្រប់ពេលដែកអាចសម្លាប់មនុស្ស សត្វនិងមធ្យោបាយផ្សេងៗ ហើយពិសេសជាងនេះវាក៏អាចបង្កគ្រោះថ្នាក់ជាយថាហេតុលើក្រុមបោសសំអាតផងដែរនៅពេលដែលមានការធ្វេសប្រហែស។អ្នកដាក់គឺដាក់ត្រឹមតែរយៈពេលខ្លីនិងមិនចំណាយធនធាន តែអ្នកដោះគឺដោះក្នុងរយៈពេលវែងនិងយូរ ហើយចំណាយធនធានយ៉ាងច្រើនសម្រាប់សកម្មភាពប្រតិបត្តិការនេះ។
ក្រោមសកម្មភាពនៃការខិតខំប្រឹងប្រែងបោសសំអាតនៃកងទ័ពទាំង១៦កងនេះ ឯកឧត្តម ហ៊ុន ម៉ាណែត សង្ឃឹមថានៅឆ្នាំ២០២៣ស្រុកភ្នំស្រួចនិងត្រូវប្រកាសជាស្រុកគ្មានមីន ដីប្រមាណ៣ ១.៥០២.៦៥៣ម៉ែត្រក្រឡានិងក្លាយជាដីអភិវឌ្ឍន៍ផ្នែកកសិកម្មសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងឃុំទាំង១២។
សូមបញ្ជាក់ផងដែរថា ខេត្តកំពង់ស្ពឺជាខេត្តដែលធ្លាប់ជួបប្រទះសង្គ្រាមនិងការបែកបាក់ផ្ទៃក្នុងបង្កជាសង្ក្រាមស៊ីវិលដ៏ជូរចត់ជិតបីទសវត្ស។សង្គ្រាមនេះបានបន្សល់ទុកនូវកាកសំណល់សង្គ្រាមយ៉ាងច្រើនរួមមានគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅរាយប៉ាយចំនួន៥៥៦ចំការលើផ្ទៃដីសរុប៦៦.៨៦១.១៥៦ម៉ែត្រការ៉េ ក្នុងនោះចម្ការមីនចំនួន៤០៦ចម្ការផ្ទៃដី៤៥.៦៥៨.១៥៦ម៉ែត្រការ៉េ ចំការគ្រាប់បែកចង្កោម៨៥ចម្ការផ្ទៃដី១២.៣៦៦.៥៧៨ម៉ែត្រការ៉េ និងសំណល់ជាតិផ្ទុះពីសង្គ្រាម៦៥ចំការផ្ទៃដី៨.៨៣៦.០៨៧ម៉ែត្រការ៉េ ៕ ដោយ ៖ វណ្ណលុក