បណ្ឌិត ហ៊ុន ម៉ាណែត កោតសរសើរវិស័យអប់រំបច្ចុប្បន្ន

អត្ថបទដោយ៖
Kien Sereyvuth

កូនប្រុសច្បងសម្តេចនាយករដ្ឋមន្ត្រី បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្នវិស័យអប់រំនៅកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ទាំងផ្នែកបរិមាណ និងគុណភាព។ ការថ្លែងរបស់បណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើង នៅថ្ងៃទី៧កញ្ញា ក្នុងឱកាសដែលអញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់វេជ្ជបណ្ឌិតឯកទេស ឱសថការីមធ្យម បរិញ្ញាបត្ររងគិលានុបដ្ឋាក បរិញ្ញាបត្រឆ្មប និងបរិញ្ញាបត្រជាន់ខ្ពស់ សរុប៤៣៧រូប នៅនៅសាកលវិទ្យាល័យអន្តរជាតិ (IU)។ បណ្ឌិត ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ការរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ការទ្រទ្រង់និរន្តរភាពនៃកំណើន សេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់កម្ពុជាទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត គឺអាស្រ័យលើការអភិវឌ្ឍធនធានមនុស្ស ជាកត្តាអាទិភាពចាំបាច់ ដែលត្រូវយកចិត្តទុកដាក់បន្តកែទម្រង់ទៅមុខ ដើម្បីធានាបាននូវធនធាន មនុស្សប្រកបដោយគុណភាព និងសមត្ថភាពជំនាញសម្រាប់បម្រើសង្គមជាតិ និងទីផ្សារការងារ។ បណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ផងដែរថា កម្ពុជាត្រូវបានទទួលស្គាល់ជាប្រទេស ដែលមានការអភិវឌ្ឍឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសេវាកម្ម៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner