អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និង គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អញ្ជើញបំពាក់ឯកសណ្ឋានជូនប្រជាការពារនៅស្រុកប្រាសាទសំបូរ

ខេត្តកំពង់ធំ៖ ឯកឧត្តម ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងឧត្តមសេនីយ៍ទោសោម ស៊ុនអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានអញ្ជើញបំពាក់ឯកសណ្ឋានជូនប្រជាការពារ៦១នាក់ នៅស្រុកប្រាសាទសំបូរ និងផ្សព្វផ្សាយគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ក្នុងឱកាសនោះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកអំណោយស្បៀងអាហារគ្រឿងឧបភោគបរិភោគ របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាជន ដែលមានជីវភាពលំបាកខ្វះខាត ៣៦គ្រួសារ នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ក្នុង ០១គ្រួសារទទួលបាននូវអង្ករ ២៥គីឡូក្រាម មីជាតិ ០១កេស ត្រីខកំប៉ុង ០១យួរ ទឹកត្រី ទឹកស៊ីអ៊ីវ ២យួរ និងថវិកាមួយចំនួនផងដែរ។

លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានឲ្យដឹង ពីស្ថានភាពសន្តិសុខសណ្ដាប់ធ្នាប់សង្គម និងស្ថានភាពប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងរយៈពេលកន្លងមកនៅក្នុងភូមិសាស្ត្រស្រុកហើយត្រូវបានរាជរដ្ឋាភិបាល និងឯកឧត្តមអភិបាលខេត្ត បានជួយដោះស្រាយជូនប្រជាជនបានទាន់ពេលវេលាផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអគុណគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រាសាទសំបូរ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ រួមនឹងប្រជាការពារទាំងអស់ដែលបានយកចិត្តទុកដាក់បម្រើប្រជាជន កំពុងរងគ្រោះទឹកជំនន់នាពេលកន្លងមក និងបានផ្សព្វផ្សាយនូវគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋា ភិបាល និងបានណែនាំអំពីតួនាទីភារកិច្ច និងសិទ្ធរបស់ប្រជាការពារ ក្នុងការសហការការពារសន្តិសុខសុវត្តិភាព ជូនប្រជាជននៅក្នុងមូលដ្ឋាន ឱ្យបានល្អប្រសើរបន្ថែមទៀត។

ឯកឧត្តម ឃឹង នុភាព បានកោតសរសើរចំពោះអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធទាំងបី រួមនិងប្រជាការពារ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានរួមគ្នាថែរក្សានូវសុខសន្តិភាព និងសណ្ដាប់ធ្នាប់សង្គមនៅក្នុងមូលដ្ឋាននីមួយៗ ព្រមទាំងបានយកចិត្តទុកដាក់បម្រើនិងជួយដោះស្រាយនូវរាល់ការលំបាករបស់ប្រជាជនបានទាន់ពេលវេលា ៕ ដោយ ប៊ុន រដ្ឋា

ads banner