ចង់ដឹងទេ ! ថាតើនាឡិកាដៃដ៏ប្រណិតដែលផលិតត្រឹមតែ ២៥ គ្រឿង ដែលសម្តេចតេជោ ជូនថ្នាក់ដឹកនាំពិភពលោក ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ជាអនុស្សាវរីយ៍មានប្រភពមកពីណា និងមានលក្ខណៈពិសេសអ្វីខ្លះ ?

ភ្នំពេញ ៖ ព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា បានបញ្ចប់ដោយជោគជ័យគួរជាទីមោទនដែលបង្ហាញពីការលើកមុខមាត់លើឆាកជាតិ-អន្តរជាតិ និងទទួលបានការកោតសរសើរពីប្រមុខថ្នាក់ដឹកនាំពីបណ្តាប្រទេសដែលបានអញ្ជើញមកចូលរួម ។ ជាមួយគ្នានោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ក្នុងនាមជាប្រធានដឹកនាំកិច្ចប្រជុំបានជូននាឡិកាដៃដ៏ប្រណិតដែលផលិតត្រឹមតែ ២៥ គ្រឿងប៉ុណ្ណោះ ជូនជាអំណោយដល់ថ្នាក់ដឹកនាំពិភពលោកនានាដែលបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាននេះ ដោយសម្តេចបានបញ្ជាក់ថា នាឡិកានេះត្រូវបានរៀបចំផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធ ដែលជាផ្នែកមួយនៃការរីកចំរើនខាងវិទ្យាសាស្រ្ត និងបច្ចេកទេសរបស់កម្ពុជា(ខ្មែរធ្វើបាន)។

នាឡិកាដៃ ASEAN Lotus Tourbillion ត្រូវបានរចនាឡើងដោយការបំផុសគំនិតតាមនិមិត្តសញ្ញាផ្កាឈូក ដែលជានិមិត្តសញ្ញាតំណាងឱ្យកម្ពុជាជាប្រធានអាស៊ាន ព្រមទាំងតំណាងឱ្យភាពបរិសុទ្ធ និងភាពរឹងមាំ។
ជាមួយនឹងមូលបទ មជ្ឈភាពអាស៊ាន ការតាក់តែងយ៉ាងម៉ត់ចត់នៃត្របកផ្កាទាំង ១០ បង្កប់នូវ ស្មារតី និងការខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជាតិអាស៊ានទាំង ១០ ដែលចងភ្ជាប់ជាមួយគ្នាដោយមិត្តភាព និងសាមគ្គីភាព ជាមួយនឹងគោលដៅរួមនៃការជម្នះរាល់បញ្ហាប្រឈមនានាដើម្បីធានាបាននូវការអភិវឌ្ឍរួម និងប្រកបដោយនិរន្តរភាពនៃសហគមន៍អាស៊ាន។

នាឡិកាដៃដ៏ប្រណិតនីមួយៗ ស្រោបដោយដែកកម្រាស់ ៤៣.៥ មីលីម៉ែត្រ រួមជាមួយនឹងការបំពាក់ដោយត្បូងកណ្តៀងគ្រីស្តាស់ ដែលរំលេចនៅផ្នែកខាងមុខនៃផ្ទៃខាងក្រោយសំបកនាឡិកា។ នាឡិកាដៃមានពណ៍ស្រាសាំប៉ាញ់ (The champagne dial) ជាមួយនឹងសន្ទស្សន៍ស្រោបមាស រំលេចក្រោមទ្រនិចវិនាទីនៅត្រង់សន្ទស្សន៍លេខ៦ តុបតែងជាមួយនឹងការរចនាជាផ្កាឈូក។

ASEAN Lotus Tourbillon ធ្វើឡើងពីចលនាមេកានិចខ្យល់ដោយដៃផ្ទាល់ ដែលអាចផ្តល់ថាមពលបង្វិល (Tourbillon) ដំណើរការសម្រាប់រយៈពេល៦០វិនាទី។ វាមានថាមពលបម្រុងរហូតដល់៤៨ម៉ោង និងថាមពលដំណើរការនៅប្រេកង់ ៣ហឺត។ នាឡិកាដៃដ៏ប្រណិតនេះមានរចនាតាមបទបែបបុរាណ មានភាពថ្លៃថ្លូរ និងជាទំនុកចិត្តសម្រាប់អ្នកប្រើប្រាស់។
លោក Sack-Man Loui នាយកនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា បានឱ្យដឹងថា៖ « ការផ្តោតសំខាន់ចំបងរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា គឺមានទំនួលខុសត្រូវក្នុងការផលិតនាឡិកាដៃប្រណិតដែលមានចំនួនកំណត់ និងបណ្តុះបណ្តាលអ្នកមានទេពកោសល្យ ក៏ដូចជាបង្កើតផ្លូវអាជីពថ្មីមួយសម្រាប់ប្រជាជនកម្ពុជាដែលមានទេពកោសល្យ និងមានចំណាប់អារម្មណ៍ក្នុងជំនាញផ្នែកផលិតនាឡិកាដ៏ល្អប្រណិត។ »

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា គឺជាគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ធនធានមនុស្សដ៏សំខាន់ ក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដើម្បីបណ្តុះបណ្តាលជំនាញផលិតនាឡិកាដ៏ពិសេសនៅកម្ពុជា ដោយផ្តល់ជូនកម្មវិធីសិក្សាយ៉ាងម៉ត់ចត់ក្នុងរយៈពេល ៣៤០០ម៉ោង ទៅលើមុខវិជ្ជាមីក្រូមេកានិក និងមុខវិជ្ជាផលិតនាឡិកាដែលបង្រៀនស្របតាមស្តង់ដារអន្តរជាតិ។ ថ្មីៗនេះ សិស្សនិស្សិតកម្ពុជាដែលមានទេពកោសល្យចំនួន ៦នាក់ បានបញ្ចប់ការសិក្សាពីកម្មវិធីបណ្តុះបណ្តាលដែលមានរយៈពេលពីរឆ្នាំ ក្រោមការផ្ដល់ជូនអាហារូបករណ៍ពេញលេញ និងទទួលបានការបង្រៀនពីសាស្រ្តាចារ្យជំនាញដែលទទួលបានការបណ្តុះបណ្តាលនៅប្រទេសស្វីស។ ក្រុមសិស្សនិស្សិតនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា សម្រាប់វគ្គបន្ទាប់នឹងចាប់ផ្តើមការបណ្តុះបណ្តាលរបស់ពួកគេនៅខែមករា ឆ្នាំ២០២៣ ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner